ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រុស្ស៊ីបាននិយាយកាលពីថ្ងៃពុធទី១១មករាថា ខ្លួននឹងបញ្ជូនយានអវកាសទទេមួយទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS)នៅខែក្រោយដើម្បីនាំយកអវកាសយានិកបីនាក់ ដែលយានវិលត្រឡប់មកផែនដីវិញរបស់ពួកគេ ត្រូវបានខូចខាតដោយសារការវាយប្រហារពីអាចម៍ផ្កាយតូចមួយ។
ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានធ្វើសេចក្តីប្រកាសបែបនេះ បន្ទាប់ពីបានពិនិត្យមើលភាពស័ក្តិសមនៃការហោះហើររបស់យានអវកាស Soyuz MS-22 ដែលបានចតជាមួយស្ថានីយ ISS ដែលបានលេចធ្លាយសារធាតុវិទ្យុសកម្មក្នុងខែធ្នូ។
រូបវីដេអូបង្ហាញយានអវកាស Soyuz MS-22 ដែលបានចតជាមួយស្ថានីយ ISSលេចធ្លាយសារធាតុវិទ្យុសកម្ម
មន្ត្រី Roscosmosនិងណាសាបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាថា យានអវកាសគ្មានមនុស្ស Soyuz MS-23 នឹងត្រូវបញ្ជូនទៅកាន់ស្ថានីយ ISS នៅថ្ងៃទី ២០ ខែកុម្ភៈដើម្បីនាំយកអវកាសយានិករុស្ស៊ី លោក ឌីមីទ្រី ផេតេលីន (Dmitry Petelin) និងលោក សឺហ្គេ ប្រូកូបយ៉េវ (Sergei Prokopyev) និងអវកាសយានិករបស់ណាសា លោក ហ្វ្រែង រូប៊ីអូ (Frank Rubio) ត្រឡប់មកផែនដីវិញ។
លោក ចូល ម៉ុនតាល់បាណូ (Joel Montalbano) អ្នកគ្រប់គ្រងកម្មវិធី ISS នៅមជ្ឈមណ្ឌលអវកាសចនសុន (Johnson) នៃអង្គការណាសាក្នុងទីក្រុងហ៊ូស្តុន (Houston) បាននិយាយថា “យើងមិនហៅវាថាជាយាន Soyuz សង្គ្រោះនោះទេ។ ខ្ញុំហៅវាថាយាន Soyuz ជំនួស”។
“ឥឡូវនេះអវកាសយានិកទាំងអស់មានសុវត្ថិភាពនៅលើស្ថានីយអវកាស”។
យាន MS-22 បានដឹកលោកផេតេលីន លោកប្រូកូបយេវ និងលោករូប៊ីអូទៅកាន់ស្ថានីយ ISS ក្នុងខែកញ្ញា បន្ទាប់ពីហោះចេញពីស្ថានីយបៃគូនួកូស្មូដ្រូម (Baikonur Cosmodrome) ដែលដំណើរការដោយរុស្ស៊ីនៅប្រទេសកាហ្សាក់ស្ថាន។
ពួកគេគ្រោងនឹងត្រឡប់មកផែនដីវិញតាមយានអវកាសដដែលនេះក្នុងខែមីនា ប៉ុន្តែការស្នាក់នៅរបស់ពួកគេនៅលើស្ថានីយ ISS ឥឡូវនេះនឹងត្រូវបន្លាយពេលច្រើនខែបន្ថែមទៀត ដោយសារតែខូចយាន៕
យានអវកាសគ្មានមនុស្ស Soyuz MS-23 នឹងត្រូវបញ្ជូនទៅកាន់ស្ថានីយ ISS នៅថ្ងៃទី ២០ ខែកុម្ភៈ