ដោយៈ ប.ខុន / ភ្នំពេញៈ ស្ទឹងព្រែកត្នោត អាចនឹងមានជំនន់កើតឡើង ចៀសមិនផុត បន្ទាប់ពីមានភ្លៀងធ្លាក់ ជាបន្តបន្ទាប់ តាំងពីថ្ងៃទី៨ មករា  ដោយនៅក្នុងរយៈពេល ពីរថ្ងៃចុងក្រោយ បរិមាណទឹកភ្លៀងធ្លាក់ មានដល់កម្រិត ជាង ២០០ មីលីម៉ែត្រ នៅតំបន់ផ្ទៃរងទឹកភ្លៀង ស្ទឹងព្រែកត្នោត ក្នុងខេត្តកំពង់ស្ពឺ   ធ្វើឱ្យមានជំនន់កើតឡើង នៅតាមស្រុកមួយចំនួន ហើយទឹកទាំងនោះ នឹងធ្លាក់ចូល ដល់ស្ទឹងព្រែកត្នោត នៅពេលបន្ទាប់  ដោយនៅថ្ងៃនេះ ក្រុមការងារមន្ទីរធនធានទឹក ខេត្តកំពង់ស្ពឺ បានសម្រេចបើកទ្វារទឹក រលាំងជ្រៃ ចំនួនបីទ្វារ ធ្វើឱ្យទឹក ស្ទឹងព្រែក ត្នោត នៅក្នុងខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ផ្តើមងើបឡើងហើយ។

លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ថាៈ ស្ទឹងព្រែកត្នោត អាចនឹងមាន ទឹកជំនន់កើតឡើងតិចតួចដោយចៀសមិនផុតទេ ដោយសារនៅពាម ពូល មានភ្លៀងធ្លាក់ដល់កម្រិត ១០០ មីលីម៉ែត្រ ពីរថ្ងៃជាប់គ្នា បើថ្ងៃនេះមិនមាន ភ្លៀងថែមទៀត អាចធូរស្រាលបន្តិច ឯនៅតាសាល ក៏មានភ្លៀងច្រើនដែរ ហើយទឹក ភ្លៀងទាំងនោះ សុទ្ធតែធ្លាក់ចូលស្ទឹងព្រែកត្នោត ទាំងអស់។

លោកប្រធានមន្ទីរ ខាងលើ បាននិយាយឱ្យដឹងទៀតថាៈ អាងទឹកទំនប់ខ្ពបគ្រួស ក្នុងស្រុកបរសេដ្ឋ ក៏មានទឹកពេញ និងបានបើកទ្វារស្វ័យប្រវត្តិ បញ្ចេញទឹកចោល។ ឯអាងទឹក អន្លង់ជ្រៃ នៅស្រុកថ្ពង ដែលមានទឹកពេញ បានបើកទ្វារទាំងអស់​ដើម្បីសម្រាលទឹកក្នុងអាង តាំងពីថ្ងៃទី១១មករា ។ នៅខេត្តកំពង់ស្ពឺ មានភ្លៀង ធ្លាក់បន្តបន្ទាប់ តាំងពីថ្ងៃទី៨ ខែមករា ហើយធ្លាក់ច្រើនដល់កម្រិតជាង ១០០ មីលីម៉ែត្រ នៅថ្ងៃទី១០ និងថ្ងៃទី១១ ខែមករា ធ្វើឱ្យមានជំនន់កើតឡើងនៅតាមស្រុក មួយចំនួន ហើយទឹកទាំងនោះ នឹងធ្លាក់ចូលដល់ស្ទឹងព្រែកត្នោត នៅថ្ងៃនេះ។ ទ្វារទឹករលាំងជ្រៃ ចំនួនបី បានបើកដោយមួយទ្វារ កម្ពស់ ២ ម៉ែត្រ ពីរទ្វារបើកកម្ពស់ ១,៥០ ម៉ែត្រ សម្រាប់ទ្វារនីមួយៗ ធ្វើឱ្យទឹកស្ទឹងព្រែកត្នោត នៅផ្នែកខាងក្រោម ចាប់ផ្តើមជន់ឡើងហើយ។

លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១២ ខែមករា ដែរថាៈ អាងទឹកអន្លង់ជ្រៃ ដែលមានទឹកពេញហៀរហូរ បន្ទាប់ពីមានភ្លៀងធ្លាក់ច្រើន ពីរ បី ថ្ងៃមកនេះ បានបើកទ្វារទឹកអស់ហើយ ទាំងទ្វារទឹក នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងទ្វារទឹក នៅខាងខេត្តកំពង់ឆ្នាំង ដោយទឹកបានហូរធ្លាក់ខ្លាំង ចូលទៅអាងតាវ៉ាយ ដែលពេលនេះ ក្រុមការងាររបស់មន្ទីរ បានបញ្ជូនគ្រឿងចក្រ ទៅកាន់ទីនោះ ដើម្បីចាំអន្តរាគមន៍ ពេលមានបញ្ហាកើតឡើង។

លោក​ដោក ប៊ុនថុន បាននិយាយ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋ រស់នៅតាម បណ្តោយសងខាងស្ទឹងពន្លៃ ធ្វើការប្រុងប្រយ័ត្នពីទឹកជំនន់ ដែលកំពុងកើតមាន នេះ។ ទឹកធ្លាក់ពីអាងអន្លង់ជ្រៃ នឹងទៅដល់ផ្លូវជាតិលេខ៥ ម្តុំចំណុចគីឡូម៉ែត្រលេខ ៣៩ និង ៤០  ដែលកាលពីប៉ុន្មានខែមុន ត្រូវបានទឹកជន់ លិចផ្លូវចាស់ មិនអាចធ្វើ ចរាចរ ឆ្លងកាត់បាន តែទឹកមិន លិចផ្លូវវាងថ្មី ដែលបានលើកខ្ពស់នោះទេ។

ស្ថានភាពទឹកស្ទឹងព្រែកត្នោត នៅព្រឹកថ្ងៃទី១២ ខែមករា នៅរលាំងជ្រៃ មានកម្ពស់ ៧,៥២ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១១ មករា ០,៨៦ ម៉ែត្រ  ទឹកហូរលើសន្ទះ ទ្វារផ្នែកខាង លើ ០,៥២ ម៉ែត្រ។ ពាមឃ្លៃ ទឹកមានកម្ពស់ ៤,០៦​ ម៉ែត្រ​ខ្ពស់ជាងថ្ងៃម្សិលមិញ ៣,១០ ម៉ែត្រ ។ នៅតាសាល ទឹកមានកម្ពស់ ២០,២២ ម៉ែត្រ ខ្ពស់ជាងថ្ងៃម្សិល មិញ ០,៤១ ម៉ែត្រ ទឹកហូរលើកម្រិតកម្ពស់ ខ្នងលើទំនប់បង្ហៀរ ១,២២ ម៉ែត្រ។

ស្ថានភាពទឹកភ្លៀងធ្លាក់ រយៈពេល ២៤ ម៉ោង ត្រឹមព្រឹកថ្ងៃទី១២ មករា នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ មានកម្រិតពី​ ១ ដល់ ១៤៩ មីលីម៉ែត្រ ដូចជានៅតម្រងស្រុកភ្នំស្រួច ៦៥ មីលីម៉ែត្រ តម្រងពាមពូល ១១៤ មីលីម៉ែត្រ តម្រងស្រែខ្លុង ១២១ មីលីម៉ែត្រ តម្រងស្រុកសំរោងទង ៦២ មីលីម៉ែត្រ តម្រងរលាំងជ្រៃ ៤៨,៨ មីលីម៉ែត្រ  តម្រងពាមឃ្លៃ ៨៨,២ តម្រងជណ្តើរកាច់ ៥៦ មីលីម៉ែត្រ តម្រងអូរតារ័ត្ន ៥៥ មីលីម៉ែត្រ តម្រងស្រុកបសេដ្ឋ ៩៤ មីលីម៉ែត្រ តម្រងឃុំស្វាយចចិប ៤៨ មីលីម៉ែត្រ តម្រងឃុំព្រះខែ ៨៦ មីលីម៉ែត្រ តម្រងស្រុកគងពិសី ៦៧,៦ មីលីម៉ែត្រ តម្រងស្រុកឧដុង្គ ២២ មីលីម៉ែត្រ តម្រងឃុំពាំងល្វា ៥២ មីលីម៉ែត្រ តម្រងឃុំវាលពុង ២៤,៥ មីលីម៉ែត្រ តម្រងឃុំយុទ្ធសាមគ្គី ១២៧ មីលីម៉ែត្រ  តម្រងចាន់ថ្នាល ៩៨ មីលីម៉ែត្រ តម្រងស្រុកថ្ពង ១០០ មីលីម៉ែត្រ តម្រងឃុំយាអង្គ ៥៩ មីលីម៉ែត្រ តម្រងស្រុកឱរ៉ាល់ ៧៣,៣ មីលីម៉ែត្រ តម្រងឃុំត្រពាំងជោរ ៦១ មីលីត្រ តម្រងជាំ ៧៥ មីលីម៉ែត្រ និង តម្រងក្រុងច្បារមន ១៤៩ មីលីម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានជូនដំណឹង ស្តីពីការព្យាករធាតុអាកាស សម្រាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមករាថា ព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលនេះ ទទួលឥទ្ធិពលទ្រនុងសម្ពាធ ខ្ពស់ ពីប្រទេសចិន និងខ្យល់មូសុងឦសាន ក្នុងកម្រិតពីខ្សោយ ទៅមធ្យម នាំឱ្យមានភ្លៀងធ្លាក់រាយប៉ាយ ដោយអន្លើ។

ក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពអាកាសធាតុបែបនេះ ធ្វើឲ្យតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ ។ អាចមានភ្លៀង ធ្លាក់ខ្សោយដោយអន្លើ ។

នៅតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី ១៩ ទៅ ២២ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ២៩ ទៅ ៣១​ អង្សាសេ ។ អាចមានភ្លៀងធ្លាក់ ខ្សោយដោយអន្លើ។ ធាតុអាកាស អាចចុះត្រជាក់ ក្នុងកម្រិតខ្សោយ មានតែនៅពេលព្រឹក ។

សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ ។ អាចមានភ្លៀងធ្លាក់ ខ្សោយដោយអន្លើ ៕/V-PC