ដោយៈ ទេពកង្រី/កំពង់ឆ្នាំង៖នៅក្នុងសប្តាហ៍នេះ និង ដើមសប្តាហ៍ក្រោយ ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តដែលមានមន្រ្តី ជំនាញនៃ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីនឹងចុះធ្វើការកំណត់អត្តសញ្ញាណប្រជាពលរដ្ឋ ដើម្បីរៀបចំបែងចែកដីនៅតំបន់ ដែល បានកាត់ឆ្វៀល ជូនប្រជាពលរដ្ឋនៅឃុំផ្លូវទូក ឃុំសំរោងសែន ស្រុកកំពង់លែង និង ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត កំពង់ឆ្នាំង ក្នុងកិច្ចប្រជុំជាមួយមន្រ្តីជំនាញ អាជ្ញាធរមូលដ្ឋាន កាលពីព្រឹកថ្ងៃទី១១ ខែមករាម្សិលមិញ។

ក្នុងកិច្ចប្រជុំនេះលោកអភិបាលខេត្តលើកឡើងថា យោងតាមកិច្ច ប្រជុំអន្តរក្រសួង កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំ ដែនដី នគរូបនីយកម្មនិងសំណង់ កំណត់ឱ្យអាជ្ញាធរមូលដ្ឋានត្រូវពន្លឿន នៃ ការចុះកំណត់អត្តសញ្ញាណកម្មដីធ្លីជូនប្រជាពលរដ្ឋធ្លាប់អាស្រ័យផលកន្លងមក ឱ្យពួកគាត់បន្តអាស្រ័យផលវិញ។ដីនោះ ស្ថិតក្នុងតំបន់កាត់ ឆ្វៀលពីដីតំបន់បីរួចហើយ ។លោកបន្តថា ចំពោះឃុំដែល ក្រុម ការងារ ចម្រុះគ្រោងនឹងចុះទៅកំណត់អត្តសញ្ញាណមុនគេនាពេលខាងមុខនេះ មានឃុំផ្លូវទូក ឃុំសំរោងសែន ស្រុកកំពង់លែង និង ឃុំពាមឆ្កោក ស្រុកជលគិរី ។

ទន្ទឹមនេះលោកអភិបាលខេត្តក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់ធានាឱ្យបាននូវនិរន្តរភាពនៃកិច្ចការពារតំបន់ព្រៃលិចទឹក ពីការកាប់ រុករាន ឈូសឆាយពីជនខិលខូច ។

សូមបញ្ជាក់ថា ក្រោយពីក្រុមការងារអន្តរក្រសួង និង អាជ្ញាធរខេត្ត ធ្វើការសិក្សាយ៉ាងហ្មត់ចត់នោះមក បានសម្រេចស្នើសុំទៅ ប្រមុខរាជ រដ្ឋាភិបាលកាត់ឆ្វៀលដីតំបន់៣ដែលប្រជាពលរដ្ឋឃុំសំរោងសែន និង ឃុំផ្លូវទូក ស្រុកកំពង់លែង និង ឃុំពាមឆ្កោក ស្រុកជលគិរីរ ធ្លាប់ អាស្រ័យ ផលកន្លងមក ឱ្យពួកគាត់បន្តអាស្រ័យផលដដែល៕សរន-PC