ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅសំណង់មិនរៀបរយនៅលើផ្លូវ១៥១ ក្នុងភូមិសំរោងខាងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គួរឈប់ដើរតវ៉ាតាមផ្លូវសាធារណៈដែលនាំអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់របៀបរៀបរយ និងពិចារណា ទទួលយកដីគោលនយោបាយពីអាជ្ញាធររាជធានីភ្នំពេញ នេះជាការអំពាវនាវរបស់អាជ្ញាធរខណ្ឌ ។


ការអំពាវនាវពីមន្ត្រីរដ្ឋបាលខណ្ឌព្រែកព្នៅ បានធ្វើនាព្រឹកថ្ងៃទី១២មករាឆ្នាំ២០២៣នេះ ខណៈដែលបងប្អូនប្រជាពលរដ្ឋប្រមាណជាង២០គ្រួសារ រស់នៅសំណង់មិនរៀបរយនៅលើផ្លូវ១៥១ នេះ កំពុងធ្វើការតវ៉ានៅចំណុចមុខក្រសួងដែនដីនគររូបនីកម្មនិងសំណង់ ដើម្បីអោយពួកគាត់អាចរស់នៅលើទីតាំងចាស់លើផ្លូវលេខ១៥១នេះដដែល។
មន្ត្រីរដ្ឋបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់អោយដឹងថា ប្រជាពលរដ្ឋ រស់នៅសំណង់មិនរៀបរយនៅលើចំណីផ្លូវ១៥១ ក្នុងភូមិសំរោងខាងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅនេះ មានប្រមាណ១០០ខ្នងផ្ទះដែលប៉ះពាល់ ដល់គម្រោងពង្រីកផ្លូវ១៥១ អោយបានធំទូលាយ ដើម្បីដោះស្រាយការកកស្ទះចរាចរជូនប្រជាពលរដ្ឋ ស្របតាមការរីកចំរើនរបស់រាជធានីភ្នំពេញ ។ បើទោះជាបងប្អូនបាននិងកំពុងរស់នៅមិនស្របច្បាប់លើចំណីផ្លូវសាធារណៈណាក្តី ក៏អាជ្ញាធរបានគិតគួររៀបចំដីឡូត៌ស្របច្បាប់ ដែលនៅមិនឆ្ងាយពីទីតាំងចាស់ប្រមាណ១គីឡូម៉ែត្រ លើផ្លូវ១៥១ដដែលជូនពួកគាត់ ដែលក្នុងមួយខ្នងផ្ទះទទួលបានដី១ឡូត៌ទំហំ៤,២ម៉ែត្រគុណ២០ម៉ែត្រ ។
មន្ត្រីរដ្ឋបាលខណ្ឌព្រែកព្នៅបានបញ្ជាក់ផងដែរថា ចំពោះការផ្តល់ជូននេះ ប្រជាពលរដ្ឋ២៨ខ្នងផ្ទះបានយល់ដឹងនិងឯកភាពទទួលយកដីគោលនយោបាយខាងលើ និងបានចាកចេញពីទីតាំងចាស់ ចូលទៅកាន់កាប់លើទីតាំងដីថ្មីនេះហើយ។
ទោះជាយ៉ាងនេះក្តីក៏នៅមានប្រជាពលរដ្ឋមួយចំនួនទៀត ស្តាប់តាមការញុះញ៉ុងពីអង្គការ សង្គមស៊ីវិលមួយចំនួន ទើបបន្តការតវ៉ាជារឿយៗ ដោយមិនព្រមទទួលយកគោលនយោបាយរបស់រដ្ឋបាលរាជធានីភ្នំពេញនេះឡើយ។ ទន្ទឹមនឹងនេះ មន្ត្រីរដ្ឋបាលខណ្ឌព្រែកព្នៅសូមអំពាវនាវអោយប្រជាពលរដ្ឋពិចារណាឡើងវិញ កុំជឿលើការញុះញ៉ុងរបស់គេ ដែលនាំអោយខាតបង់ពេលវេលានិងផលប្រយោជន៍របស់បងប្អូនតែប៉ុណ្ណោះ គួរយកតម្រាប់តាមប្រជាពលរដ្ឋដែលបានឯកភាពខាងលើ៕ N