ដោយ ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម/ភ្នំពេញ៖ ខ្ញុំឈ្មោះ ខឹម មន ភេទស្រី អាយុ៧៤ឆ្នាំ (ក្នុង២០០៥) រស់នៅភូមិរលួស ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ខ្ញុំមានឪពុកឈ្មោះ ខឹម យូ និងម្តាយឈ្មោះ សុខ តូច។ ឪពុកម្តាយរបស់ខ្ញុំបានស្លាប់តាំងពីខ្ញុំនៅតូច។ ខ្ញុំមានបងប្អូនបង្កើតចំនួន៣នាក់។ កូនទី១. ខ្ញុំ ខឹម មន កូនទី២. ឈ្មោះ ខឹម ជុំ និង កូនទី៣. ឈ្មោះ ខឹម សួ។

រូប ( ខឹម មន រស់នៅភូមិរលួស ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង )។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅក្នុងសម័យសង្គមរាស្រ្តនិយម ខ្ញុំចូលរៀនដល់ត្រឹមថ្នាក់ទី១១ បើប្រៀបធៀបសម័យបច្ចុប្បន្នស្មើថ្នាក់ទី២ ដែលធ្វើឱ្យខ្ញុំចេះអាន និងសរសេរអក្សរបានខ្លះ។ជំនាន់នោះទាល់តែសិស្សចេះអានទើបគ្រូឱ្យឡើងថ្នាក់។ខ្ញុំរៀនបានរយៈពេល២ឆ្នាំក៏សម្រេចចិត្តឈប់រៀនមកជួយធ្វើស្រែឪពុកម្តាយ ព្រោះនៅក្នុងគ្រួសារមានតែប្អូនៗពីរនាក់នៅតូចៗមិនអាចធ្វើការងារបាន។ ក្រៅពីធ្វើស្រែ ឪពុកម្តាយរបស់ខ្ញុំបានចិញ្ចឹមសត្វគោក្របី។

ក្រោយពីខ្ញុំឈប់រៀនបានមួយរយៈ មានបងប្អូនជីដូនមួយបានមកហៅខ្ញុំឱ្យឡើងទៅទីក្រុងភ្នំពេញដើម្បីរកការងារធ្វើ ព្រោះនៅក្នុងភូមិគ្មានការងារអ្វីក្រៅពីធ្វើស្រែប៉ុណ្ណោះ។ នៅពេលមកដល់ទីក្រុងភ្នំពេញដំបូង ខ្ញុំមានអារម្មណ៍រីករាយ និងសប្បាយចិត្តយ៉ាងខ្លាំង ព្រោះទិដ្ឋភាពមានភាពនៅក្រុងខុសប្លែកពីនៅស្រុកស្រែ។ នៅក្រុងភ្នំពេញមានសំណង់អគារខ្ពស់ៗ ម៉ូតូ ឡានបើកបរពេញផ្លូវ ហើយទៅកន្លែងណាក៏មានមនុស្សរស់នៅ ចំណែកពេលយប់មានភ្លើងគ្រប់ទីកន្លែង។

នៅពេលព្រឹកព្រហាមថ្ងៃបន្ទាប់ខ្ញុំចេញដើរនៅតាមដងផ្លូវដើម្បីសុំការងារពីម្ចាស់ហាងធ្វើប៉ុន្តែគ្រប់កន្លែងដែលខ្ញុំសុំធ្វើការងារមិនទទួលខ្ញុំឡើយ។ នៅពេលនោះ មានមិត្តភ័ក្តិរបស់ខ្ញុំម្នាក់មកពីភូមិរលួសជាមួយគ្នាបាននាំខ្ញុំទៅធ្វើការនៅកន្លែងមួយ ដែលការងារនោះគឺខ្ញុំត្រូវជូតសម្អាតផ្ទះឲ្យគេ។ ខ្ញុំធ្វើការងារបានរយៈពេលមួយឆ្នាំ ទើបខ្ញុំរៀបការជាមួយប្តីឈ្មោះ ញឹក ហ៊ូ។

យើងបានរស់នៅជាមួយគ្នានៅភ្នំពេញរហូតមានកូនពីរនាក់ គឺកូនស្រីម្នាក់ និងកូនប្រុសម្នាក់។ កាលនោះ ប្តីរបស់ខ្ញុំធ្វើការងារខាងលីសែង ស្រូវ អង្ករ និងទំនិញជាច្រើនមុខទៀត ដាក់ក្នុងកប៉ាល់។ ចំណែកទំនិញមួយចំនួនត្រូវដឹកបន្តទៅកំពង់សោម។ ជារៀងរាល់ថ្ងៃប្តីខ្ញុំចេញទៅធ្វើការតាំងពីព្រឹកព្រលឹម រហូតដល់ម៉ោង៧យប់ទើបគាត់ត្រឡប់មកដល់ផ្ទះវិញ។ ចំណែកខ្ញុំពេលនោះមានកូនខ្ចីមិនអាចចេញទៅធ្វើការងារបានទេ ដូច្នេះប្តីរបស់ខ្ញុំត្រូវរកស៊ីចិញ្ចឹមខ្ញុំ។

នៅក្នុងឆ្នាំ១៩៧០ មានការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ចេញពីតំណែង ហើយ លន់ នល់ ឡើងកាន់កាប់ប្រទេសជំនួស។ នៅក្នុងទីក្រុងភ្នំពេញចាប់ផ្តើមមានភាពច្របូកច្របល់គ្រប់ទីកន្លែង ប្រជាជននាំគ្នាធ្វើបាតុកម្មទាមទារឱ្យសម្តេចព្រះ នរោត្តម សីហនុ ចូលមកគ្រប់គ្រងប្រទេសវិញ។ ខ្ញុំក៏បានចូលរួមធ្វើបាតុកម្មជាមួយប្រជាជនផ្សេងទៀតដែរ ប៉ុន្តែមិនអាចយកឈ្នះលើការបង្រ្កាបរបស់ទាហាន លន់ នល់ បាន ព្រោះប្រជាជនមិនមានកាំភ្លើង។ នៅខណៈនោះ ក៏មានការផ្ទុះអាវុធពីកងទ័ព លន់ នល់ បណ្តាលឱ្យប្រជាជនរបួស និងស្លាប់៥នាក់ពេលកំពុងធ្វើបាតុកម្ម។ ចំណែកប្តីរបស់ខ្ញុំឈប់លីសែងទំនិញដាក់ក្នុងកប៉ាល់ទៀតហើយ ព្រោះប្រទេសមានអសន្តិសុខ។ នៅពេលយប់ខ្ញុំបានពិភាក្សាជាមួយប្តី ហើយសម្រេចចិត្តថា ព្រឹកឡើងយើងចាកចេញពីទីក្រុងភ្នំពេញត្រឡប់ទៅរស់នៅភូមិកំណើតវិញ។ ខ្ញុំនិងប្តីបាននាំកូនៗ ព្រមទាំងប្អូនស្រីពៅរបស់ខ្ញុំចេញពីភ្នំពេញទៅដល់ភូមិរលួស ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង លើកលែងតែប្អូនប្រុសបន្ទាប់ពីខ្ញុំឈ្មោះ ខឹម ជុំ មិនបានត្រឡប់មកជាមួយខ្ញុំ។ ខ្ញុំនិងប្តីរស់នៅក្នុងភូមិបានរយៈ៣ខែ ស្រាប់តែក្រុមខ្មែរក្រហមបានចូលមកឃោសនាដែរ។

នៅក្នុងឆ្នាំ១៩៧៥ ខ្មែរក្រហមចាប់ផ្តើមប្រមូលប្រជាជននៅក្នុងភូមិរបស់ខ្ញុំ និងបង្កើតជាសហករណ៍ ដេករួម ធ្វើការងាររួម និងហូបបាយរួម។ កាលនោះគណៈស្រុកកំពង់ត្របែក បានជ្រើសរើសខ្ញុំឱ្យធ្វើជាប្រធានខ ដែលមានសមាជិកចំនួន១០នាក់ និងដឹកនាំសមាជិកធ្វើការតាមអង្គការថ្នាក់ស្រុកចាត់តាំង។ ក្រុមរបស់ខ្ញុំកាន់ខាងដាំស្លធ្វើម្ហូបទទួលសមាជិកកងតូច កងធំដែលត្រឡប់មកពីស្ទូងស្រូវ ឬមកពីធ្វើការនៅតាមការដ្ឋានផ្សេងៗ។ ពេលនោះ ខ្ញុំបានបែងចែកសមាជិកចំនួន១០នាក់ ដោយសមាជិកខ្លះនៅដាំបាយ សមាជិកខ្លះរកបន្លែ និងសមាជិកខ្លះទៀតចេញទៅរកត្រីសាច់មកធ្វើម្ហូប។

នៅឆ្នាំ១៩៧៦ ខ្មែរក្រហមបានជ្រើសរើសប្អូនប្រុសរបស់ខ្ញុំឈ្មោះ ខឹម ជុំ ឱ្យចូលធ្វើកងទ័ព ព្រោះប្អូនប្រុសខ្ញុំមិនទាន់មានប្រពន្ធ។ ក្រោយមក ប្អូនប្រុសរបស់ខ្ញុំឈ្មោះ ខឹម ជុំ រួមជាមួយមិត្តភក្តិ៣នាក់ទៀត មកលេងផ្ទះបានម្តង ដោយឃើញប្អូនខ្ញុំកាន់កាំភ្លើងពីរដើម គឺកាំភ្លើងខ្លីមួយដើមនិងកាំភ្លើងវែងមួយដើម។ ខ្ញុំសួរប្អូនថា ឯងទៅបាត់រាប់ខែមកវិញបានអ្វីខ្លះ? កាំភ្លើងឯងកាន់នេះបាញ់តែចាបមិនងាប់ផង។ ពេលនិយាយរួច ខ្ញុំក៏នាំគ្នាឡើងទៅដេកនៅលើផ្ទះ ព្រោះយប់ជ្រៅហើយ។ ព្រឹកឡើង ប្អូនប្រុសខ្ញុំ និងមិត្តភក្តិបីនាក់ បានមកលាខ្ញុំដោយប្រាប់ថា ទៅកន្លែងកងពលវិញ។

នៅអំឡុងឆ្នាំ១៩៧៧ កងទ័ពខ្មែរក្រហមមកពីមជ្ឈិមបានមកចាប់យោធា កម្មាភិបាល មេភូមិ ប្រធានកងតូច ប្រធានកងធំ នៅខាងបូព៌ា។ នៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានមន្ទីរសន្តិសុខមួយ ដែលពេលនោះគណៈស្រុកឈ្មោះ ប៉ិច គឺជាអ្នកគ្រប់គ្រង។ អ្នកដែលមានទោសកំហុសត្រូវចាប់យកទៅឃុំឃាំងនៅក្នុងមន្ទីរសន្តិសុខ ឬយកទៅសម្លាប់ចោល។ ក្រោយមក គ្រួសាររបស់ខ្ញុំត្រូវបានខ្មែរក្រហមជម្លៀសទៅទិសខាងលិច។ ខ្ញុំធ្វើដំណើរមកដល់ទីក្រុងភ្នំពេញ នៅដើមឆ្នាំ១៩៧៩ ស្រាប់តែកងទ័ពវៀតណាមបានចូលមករំដោះ។ នៅខណៈនោះ ខ្ញុំបានជួបប្អូនប្រុសឈ្មោះ ខឹម ជុំ និងនិយាយគ្នាបានមួយសន្ទុះក៏បែកគ្នា ព្រោះខ្ញុំត្រូវឡើងជិះរថយន្តកងទ័ពវៀតណាមត្រឡប់មកស្រុកកំណើតវិញ ចំណែកប្អូនប្រុសរបស់ខ្ញុំមិនបានត្រឡប់មកជាមួយខ្ញុំទេ។ ចាប់តាំងពីពេលនោះមក ខ្ញុំមិនដែលទទួលដំណឹងពីប្អូនប្រុសខ្ញុំឡើយ។ ខ្ញុំទៅរកគ្រូទស្សទាយថា ប្អូនប្រុសរបស់ខ្ញុំមិនទាន់ស្លាប់ទេ ប៉ុន្តែមិនទាន់មករកបងប្អូន។ គ្រូទាយទៀតថា ប្អូនប្រុសរបស់ខ្ញុំមានប្រពន្ធហើយ។ ខ្ញុំនៅតែជឿគ្រូទាយរហូតមកដល់សព្វថ្ងៃ ហើយគិតថាប្អូនប្រុស ខឹម ជុំ មិនទាន់ស្លាប់ទេ៕សរន

រូប ( ខឹម មន រស់នៅភូមិរលួស ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង )។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)