ដោយ: បូកគោ / កំពត: មន្ត្រីក្នុងដែនជំនាញ បានបញ្ជាក់ថា ពេញមួយឆ្នាំ២០២២ កន្លងទៅ ការប្រមូលផលនេសាទទឹកសាប និងផលនេសាទសមុទ្រ នៅទូទាំងខេត្តកំពត សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ក៏ដូចជា នាំចេញទៅក្រៅប្រទេស បានជាង ២៦.០០០ តោន ។

លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានប្រាប់ឲ្យដឹងថាៈ គិតត្រឹមឆ្នាំ២០២២ នៅទូទាំងខេត្ត មានទូក និងកាណូតនេសាទ កំពុងប្រកបរបរចិញ្ចឹមគ្រួសារ ចំនួន ១.០៥៣ គ្រឿង ទូកម៉ាស៊ីនបាត ៤៥២ គ្រឿង និងទូកម៉ាស៊ីនក្រៅ ចំនួន ៦០១ គ្រឿង។ ការប្រមូល ផលនេសាទទឹកសាប និងផលនេសាទសមុទ្រ សម្រាប់ឆ្នាំ២០២២ អនុវត្តបាន ប្រមាណ ២៦.០៣៥ តោន។ ក្នុងនោះ ផលនេសាទទឹកសាប មានទម្ងន់ ៦.០០០ តោន និងផលនេសាទសមុទ្របាន ២០.០៣៥ តោន។

លោកនាយខណ្ឌ បានបន្តថាៈ ក្រៅពីការផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក ផលនេសាទ នាំចេញទៅក្រៅប្រទេស បានទម្ងន់ ៨០៦ តោនផងដែរ។ ទិន្នផលនាំចេញ ទាំងនោះ រួមមាន ផលនេសាទកែច្នៃរួច ទម្ងន់ ៣៥០ តោន និងផលនេសាទស្រស់ ៤៥៦ តោន។

លោក ស សូរិន បានបញ្ជាក់ថាៈ ការប្រមូលផលនេសាទ ទទួលទិន្នផលខ្ពស់ អាស្រ័យដោយមន្ត្រីជំនាញ អ្នកសហគមន៍ និងប្រជានេសាទ បានរួមគ្នា​ក្នុង កិច្ចការងារជលផល យ៉ាងល្អប្រសើរ។ ក្នុងនោះ វារីវប្បកម្មសមុទ្រ ទទួលបាន ២.៣០៣ តោន គឺបង្គា ទម្ងន់ ៧៩២ តោន ត្រីឆ្ពង់ ៥៣៩ តោន ត្រីអាំងកឺយ ១៧៤ តោន ត្រីតុកកែ ៤៥៩ តោន ក្តាមថ្ម ទម្ងន់ ៣៣៩​​ តោន។

ចំណែកផលវារីវប្បកម្មទឹកសាប មាន ១.៥៥២ តោន ផលិតកូនត្រីពូជ បានចំនួន ៩.៧០០.០០០ ក្បាល នៅតាមស្ថានីយភ្ញាស់ ១៥ កន្លែង។ មន្ត្រីពាក់ព័ន្ធ និងប្រជានេសាទប្រមូលក្ដាមពង បាន ១៣០ គីឡូក្រាម ស្មើនឹង ១.៧៥៦ ក្បាល ដាក់ចូលធនាគារក្តាមសេះ នៅសហគមន៍នេសាទ ត្រពាំងរពៅ និងកែបថ្មី។

លោកនាយខណ្ឌ បានប្រាប់ឱ្យដឹងទៀតថាៈ មន្ត្រីជំនាញ និងប្រជានេសាទ បានបណ្តុះកូនកោងកាង នៅតាមបណ្តាសហគមន៍ បានចំនួន ៧៤.៣១០ ដើម និងបានដាំកូនកោងកាង ចំនួន ៤៩.២៦០ ដើម ធ្វើឲ្យការអភិរក្សព្រៃកោងកាង កើនរហូតដល់ ១.៩៦៦ ហិកតា។ បន្ថែមលើនោះក៏បានប្រមូលផលសារាយសមុទ្រ ស្រស់ទម្ងន់ ៣៦៧ តោន ។ ជាមួយនេះដែរ មន្ត្រីជំនាញ យកចិត្តទុកដាក់ថែរក្សា ស្មៅសមុទ្រ ទាំង ១១ ប្រភេទ បានជាង ៨.៤០០ ហិកតា ផ្កាថ្ម ៩៥៣ ហិកតា ក្នុងទីតាំងអភិរក្សទាំង ១៣ កន្លែង នៅទូទាំងខេត្ត។

លោក ស សូរិន បានបញ្ជាក់ទៀតថាៈ ទទ្ទឹមនឹងការអភិរក្សធនធានសមុទ្រ មន្ត្រីជំនាញពាក់ព័ន្ធ ក៏បានបង្ក្រាបបទល្មើសបានចំនួន ៦៥ ករណីផងដែរ។ ក្នុងនោះ រឹបអូស និងបំផ្លាញចោលនូវលបកន្ទុយកណ្ដុរ ចំនួន ២៧ ករណី ស្មើនឹង ៥៧០ លប រឹបអូស និងបំផ្លាញឈិបរុញដៃ ភ្ជាប់ឧបករណ៍ឆក់ ២៨ ករណី រឹបអូស និងបំផ្លាញបង្គាចាក់បញ្ចូលសារធាតុគីមី ទម្ងន់ ៧.៧៧២ គីឡូក្រាម ព្រមទាំង ពិន័យអន្តរការណ៍ ចំនួន ៥ ករណី អប់រំណែនាំ ៣ ករណី និងបង្ក្រាបការចាក់ដី បំពានចំណីព្រែក និងធ្វើរបងហ៊ុមព័ទ្ធ ២​ ករណី៕ V / N