ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ ដែលមានសញ្ជាតិពីរ (សញ្ជាតិខ្មែរ និងហូឡង់ដ៏)បានប្រកាសគាំទ្រទាំងស្រុងនូវគំនិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានបំណងចង់ធ្វើច្បាប់ឱ្យអ្នកនយោបាយនៅកម្ពុជាមានសញ្ជាតិតែមួយ (ខ្មែរពីកំណើត) ពីព្រោះការលើកឡើងរបស់ សម្តេចតេជោ នេះ គឺជាការត្រឹមត្រូវ និងស្នើសុំសូមចូលរួមជំរុញឱ្យធ្វើច្បាប់នេះ ចេញនៅក្នុងពេលឆាប់ៗ ។នេះយោងតាមញត្តិគាំទ្ររបស់លោកស្រីគោរពផ្ញើជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជានៅថ្ងៃព្រហស្បតិ៍ទី ១២ ខែមករានេះ។

ក្នុងញត្តិគាំទ្រ និងសំណើសុំចូលរួមជំរុញបង្កើតច្បាប់សញ្ជាតិខ្មែរ (ខ្មែរពីកំណើត) តែមួយ សម្រាប់អ្នកនយោបាយទាំងឡាយ និងកងកម្លាំងប្រដាប់អាវុធ លោកស្រីំ ពោធិតី សាវត្ថី បានលើកឡើងថា ៖កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាស ដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋានពង្រីក និង លើកកម្ពស់កម្រិតគុណភាពផ្លូវជាតិ លេខ៧ ចាប់ពីរង្វល់មូលស្ពន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម សម្ដេចតេជោ បានបង្ហាញ បំណងចង់ធ្វើច្បាប់ឱ្យអ្នកនយោបាយទាំងឡាយ និងកងកម្លាំងប្រដាប់អាវុធ មានដូចជា យោធា នគរបាល កង រាជអាវុធហត្ថជាដើម មានសញ្ជាតិខ្មែរតែមួយ។ ការចង់ធ្វើច្បាប់បែបនេះ ព្រោះធុញទ្រាន់ នឹងបរទេស មួយចំនួន យកបញ្ហាសញ្ជាតិនេះមកស្នើសុំលើវិធានការច្បាប់កម្ពុជា ចំពោះអ្នកមានទោសហើយមានសញ្ជាតិដទៃ។

យោងតាមខ្លឹមសារខាងលើនេះ នាងខ្ញុំជាប្រធានគណបក្សធម្មាធិបតេយ្យ ដែលមានសញ្ជាតិពីរ (សញ្ជាតិ ខ្មែរ និងហូឡង់ដ៏) សូមប្រកាសគាំទ្រទាំងស្រុង នូវគំនិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានបំណងចង់ធ្វើច្បាប់ឱ្យអ្នកនយោបាយនៅកម្ពុជាមានសញ្ជាតិតែមួយ (ខ្មែរពីកំណើត) ពីព្រោះការលើកឡើងរបស់ សម្តេចតេជោ នេះ គឺជាការត្រឹមត្រូវ និងស្នើសុំ សូមចូលរួមជំរុញ ឱ្យធ្វើច្បាប់នេះ ចេញនៅក្នុងពេលឆាប់ៗ ពីព្រោះស្ថានភាពនយោបាយបច្ចុប្បន្នរបស់ពិភពលោកគឺជារឿងចាំបាច់ សម្រាប់បង្កើតច្បាប់សញ្ជាតិតែមួយ (ខ្មែរពីកំណើត) សម្រាប់អ្នកនយោបាយទាំងឡាយ និងកងកម្លាំងប្រដាប់ អាវុធ មានដូចជា យោធា នគរបាល កងរាជអាវុធហត្ថជាដើម ដើម្បីជាការចាំបាច់ពង្រឹងស្ថេរភាពនយោបាយ និង សន្តិសុខរបស់សង្គមជាតិខ្មែរទាំងមូល និងដើម្បីកុំឲ្យបរទេសលូកដៃចូលកកូរកកាយកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ក្នុងបំណងរក្សាសន្តិភាព និងសេចក្តីសុខដល់មាតុភូមិកម្ពុជាទាំងមូល នៃយើងទាំងអស់គ្នា៕សរន / N