ដោយ: បូកគោ / កំពត: ដោយសារការចេញប័ណ្ណកម្មសិទ្ធិដីធ្លី មានភាពយឺតយ៉ាវ ក្រោយពីវាស់វែងរួចរាល់ អភិបាលខេត្តកំពត បានបញ្ជាដល់មន្ត្រីជំនាញ បន្តសហការជាមួយ អាជ្ញាធរក្រុង ស្រុក ដើម្បីធ្វើកិច្ចការនេះ ឲ្យបានឆាប់រហ័ស បំផុត។ ក្បាលដីប្រមាណជាង ១៤.០០០ បានវាស់វែងរួចរាល់ តាំងពីការចុះអនុវត្ត បទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល តែមកដល់បច្ចុប្បន្ន មិនទាន់បានប្រគល់ ប័ណ្ណកម្មសិទ្ធិ ជូនម្ចាស់អចលនទ្រព្យនៅឡើយ ក្រោមមូលហេតុផ្សេងៗ។

ពាក់ព័ន្ធនឹងការចេញប័ណ្ណកម្មសិទ្ធិដីធ្លី មានភាពយឺតយ៉ាវនេះ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣។

របាយការណ៍មួយ ក្នុងចំណោមរបាយការណ៍សំខាន់ៗ ដែលបានបង្ហាញជូន អង្គប្រជុំ ខាងលើ មានខ្លឹមសារថាៈ ដីធ្លីដែលបានវាស់វែងរួចរាល់ជាង ១៤.០០០ ក្បាលដី ក្នុងខេត្តកំពត មិនទាន់បានចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋនៅឡើយ ដោយសារពាក់ព័ន្ធនឹងហេតុផលមួយចំនួន។ ក្បាលដីទាំងនោះ បានវាស់វែង តាំងពីពេលចុះអនុវត្តបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល ខណៈដែលការងារវាស់វែងថ្មី នៅបន្តធ្វើឡើងជាហូរហែ។

ករណីនេះ មន្ត្រីជំនាញ បានបញ្ជាក់ថា ការយឺតយ៉ាវ បណ្តាលមកពីហេតុផល មួយចំនួន ដូចជា ខ្វះទិន្នន័យ ក្នុងការបំពេញសំណុំបែបបទក្បាលដី ការខកខាន មិនបានទៅបង់ពន្ធ ឬខ្វះស្នាមមេដៃជាដើម។ មន្ទីរជំនាញ នឹងបញ្ចូនឯកសារ ទាំងនោះ ទៅមូលដ្ឋាន តាមរយៈអភិបាលក្រុង ស្រុក ឃុំ សង្កាត់ បន្តជម្រាបជូន ពលរដ្ឋ នៅតាមភូមិនីមួយៗ ឲ្យបំពេញគ្រប់នីតិវិធី ដើម្បីឈានដល់ការចេញប័ណ្ណ កម្មសិទ្ធិ។

ជុំវិញករណីនេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថាៈ មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុក ត្រូវសហការគ្នាធ្វើយ៉ាងណា ឲ្យការចេញប័ណ្ណកម្មសិទ្ធិ ជូនពលរដ្ឋ អាចដំណើរការរួចរាល់ បានមុនខែមេសា ឆ្នាំ២០២៣ ខាងមុខ។ ប្រសិនបើមានបញ្ហា ឬរាំងស្ទះត្រង់ចំណុចណា ត្រូវរាយការណ៍ ឲ្យបានច្បាស់លាស់។

ក្នុងកិច្ចប្រជុំនោះដែរ លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរ ដល់រដ្ឋបាលខេត្ត នូវកិច្ចខិតខំបំពេញការងារ ប្រកបដោយលទ្ធផលល្អប្រសើរ នាពេលកន្លងមក។ ក្នុងនាមក្រុមប្រឹក្សាខេត្ត លោកសូមឲ្យបន្តរក្សាកិច្ចសហការល្អ រវាងក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្ត ដើម្បីបម្រើប្រជាពលរដ្ឋ ក៏ដូចជា បន្តអភិវឌ្ឍខេត្ត ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕ V / N