ប្រែសម្រួល : កញ្ញាដាលីស (បាងកកប៉ុស្តិ៍) ៖មន្ត្រីថៃបានរកឃើញទ្រព្យសម្បត្តិជាកម្មសិទ្ធិរបស់កូនៗរបស់មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាក្នុងអំឡុងការបង្ក្រាបមួយលើអគារអាផាតមែនរបស់សេដ្ឋីមីយ៉ាន់ម៉ាម្នាក់នៅទីក្រុងបាងកក ដែលរងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀននិងលាងលុយ នេះបើយោងតាមកំណត់ហេតុផ្លូវការមួយ និង មនុស្សពីរនាក់ ដែលដឹងអំពីករណីនេះ។
ប័ណ្ណម្ចាស់កម្មសិទ្ធិដីធ្លីនិងក្រដាសប្រាក់ជាកម្មសិទ្ធិរបស់កូនស្រីនិងកូនប្រុសរបស់ឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អ៊ុងហ្លាំង ត្រូវបានរកឃើញនៅផ្ទះរបស់សេដ្ឋី ទុន មីន ឡាត់ (Tun Min Latt) អាយុ ៥៣ ឆ្នាំ នៅពេលគាត់ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញារួមជាមួយជនជាតិថៃបីនាក់ទៀតពីបទសមគំនិតជួញដូរគ្រឿងញៀននិងលាងលុយ។
មនុស្សបីនាក់ដែលដឹងអំពីបញ្ហានេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីឆ្នាំមុនថា លោក ទុន មីន ឡាត់ ដែលមានផលប្រយោជន៍នៅក្នុងវិស័យសណ្ឋាគារ ថាមពលនិងរ៉ែគឺជាមនុស្សជិតស្និទ្ធរបស់លោក មីន អ៊ុងហ្លាំង ដែលបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតបែបប្រជាធិបតេយ្យក្នុងខែកុម្ភៈ ឆ្នាំ២០២១។ ប្រភពនិយាយកាលពីថ្ងៃពុធទី១១មករាថាលោកមីនឡាត់ជាអ្នកទិញគ្រឿងផ្គត់ផ្គង់ដល់យោធា។ រូបភាពអាចរកបានជាសាធារណៈមួយបានបង្ហាញពួកគេនៅជាមួយគ្នានៅពិព័រណ៍យោធាមួយក្នុងឆ្នាំ២០១៩។
លោក ទុន មីនឡាត់ បច្ចុប្បន្នកំពុងជាប់ឃុំនៅមុនពេលឡើងសវនាការ ហើយមេធាវីរបស់គាត់មិនអាចទាក់ទងសុំការបំភ្លឺបានទេ។
កូនទាំងពីរនាក់របស់លោកមីន អ៊ុងហ្លាំងមិនប្រឈមចំណាត់ការផ្លូវច្បាប់ជុំវិញទ្រព្យសម្បត្តិនេះទេ នេះបើយោងតាមមនុស្សពីរនាក់ ដែលដឹងករណីនេះ។ ពួកគេបានបន្ថែមថាអាជ្ញាធរថៃមិនបានចាត់ទុកពួកគេជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតប្រឆាំងនឹងលោក ទុន មីនឡាត់ ទេ។
កូនប្រុសរបស់លោកមីន អ៊ុងហ្លាំង ឈ្មោះ អ៊ុង ព្យែ សូន (Aung Pyae Sone) និងកូនស្រីឈ្មោះ ឃីន ធីរី ថេត មន (Khin Thiri Thet Mon)ដែលរួមគ្នាជាមួយឪពុករបស់ពួកគេត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាម៉េរិកនិងកាណាដា ពុំបានឆ្លើយតបនឹងសំណូមពរសុំការបំភ្លឺពីរ៉យទ័រនោះទេ។ សហរដ្ឋអាម៉េរិកនិយាយថា ពួកគេមានមុខជំនួញ ដែល”ទទួលផលប្រយោជន៍ដោយផ្ទាល់ពីតំណែងនិងឥទ្ធិពលរបស់ឪពុកពួកគេ”។
ឪពុករបស់ពួកគេក៏មិនអាចទាក់ទងសុំការបំភ្លឺបានដែរ ហើយសារដែលផ្ញើទៅរបបយោធាមីយ៉ាន់ម៉ាក៏មិនបានឆ្លើយតបនោះដែរ៕
ទ្រព្យសម្បត្តិរបស់កូនប្រុសស្រីរបស់លោកមីន អ៊ុងហ្លាំង ត្រូវបានរកឃើញនៅអគារអាផាតមែនរបស់សេដ្ឋីមីយ៉ាន់ម៉ា លោក ទុន មីន ឡាត់