ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ចិនបានថ្កោលទោសការវាយប្រហារនៅទីក្រុងកាប៊ុលនិងសង្ឃឹមថារដ្ឋាភិបាលអាហ្វហ្គានីស្ថានអាចការពារពលរដ្ឋមកពីគ្រប់ប្រទេស រួមទាំងជនជាតិចិនផង នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសចិននៅថ្ងៃព្រហស្បតិ៍ទី១២មករា។
យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ជនវាយប្រហារដោយគ្រាប់បែកអត្តឃាតម្នាក់បានសម្លាប់មនុស្សយ៉ាងតិចប្រាំនាក់នៅក្រៅក្រសួងការបរទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃពុធនិងមន្ទីរពេទ្យមួយក្បែរនោះបាននិយាយថា មនុស្សជាង៤០នាក់បានរងរបួសពីការវាយប្រហារ។
នៅពេលត្រូវបានសួរថាការផ្ទុះនេះសំដៅលើគណៈប្រតិភូចិនមួយឬ អ្នកនាំពាក្យក្រសួងលោកវ៉ាង វិនពីន(Wang Wenbin)បាននិយាយថា« តាមយើងដឹងមានមនុស្សជាច្រើនស្លាប់និងរបួសក្នុការវាយប្រហារភេរវកម្មនេះ»។
កាលពីថ្ងៃពុធ ក្រុមរដ្ឋអ៊ីស្លាមអាហ្វហ្គានីស្ថានបានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្រៅក្រសួងការបរទេសក្នុងទីក្រុងកាប៊ុល។ទីភ្នាក់ងារសារព័ត៌មានAmaqរបស់ក្រុមនេះបាននិយាយថា« សមាជិកក្រុមរដ្ឋអ៊ីស្លាមម្នាក់បានជ្រៀតចូលរបាំងសន្តិសុខមុនបំផ្ទុះខ្សែក្រវាត់គ្រាប់បែកនៅកណ្តាលហ្វូងនិយោជិតនិងឆ្មាំសន្តិសុខ»។
អ្នកនាំពាក្យប៉ូលីសក្រុងកាប៊ុលបាននិយាយថា ជនស៊ីវិលប្រាំនាក់បានស្លាប់និងជាច្រើននាក់ទៀតរងរបួសក្នុងការផ្ទុះ។
ក្រុមរដ្ឋអ៊ីស្លាមមូលដ្ឋានឈ្មោះថា ក្រុមរដ្ឋអ៊ីស្លាម-ខូរ៉ាសាន់(ISK)បានអះអាងថា មនុស្សដល់ទៅ២០នាក់ត្រូវបានសម្លាប់ រួមមាននិយោជិតការទូតជាច្រើននាក់ផង។ក្រុមនេះបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារបន្តបន្ទាប់លើផលប្រយោជន៍បរទេសនៅប៉ុន្មានខែកន្លងមកនេះ ចំពេលក្រុមតាលីបង់ព្យាយាមទាក់ទាញការវិនិយោគមកពីបណ្តាប្រទេសក្បែរខាង។
កាលពីខែមុន ជនជាតិចិនយ៉ាងតិចប្រាំនាក់បានរងរបួសនៅពេលខ្មាន់កាំភ្លើងសំរុកចូលនិងបាញ់ប្រហារនៅក្នុងសណ្ឋាគារពេញនិយមសំរាប់ជនជាតិចិនមួយនៅក្នុងក្រុងកាប៊ុល។
រដ្ឋាភិបាលទីក្រុងប៉េកាំងមិនទទួលស្គាល់រដ្ឋាភិបាលតាលីបង់ទេ តែកំពុងសម្លឹងធ្វើការវិនិយោគលើធនធានរ៉ែរបស់អាហ្វហ្គានីស្ថាន ដែលមិនត្រូវបានធ្វើអាជីវកម្មក្នុងអំឡុងសង្គ្រាម២០ឆ្នាំក្រោការបញ្ចប់របបតាលីបង់មុននៅឆ្នាំ២០០១៕
កងសន្តិសុខតាលីបង់បិទខ្ទប់តំបន់រងការវាយប្រហារដោយគ្រាប់បែកអត្តឃាតកាលពីថ្ងៃពុធ