ដោយឋ:មុនីរ័ត្ន/ភ្នំពេញ:នៅទីបំផុត​ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាមួយរក្សាការពារដី និងផ្ទះរបស់ លោក គង់ គាំ នៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាបណ្តោះអាសន្ន។ នេះបេីយោងតាមដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ន​ ចុះថ្ងៃទី១២​ ខែមករា​ ឆ្នាំ២០២៣​ ដែលចេញដោយលោកសាន​ ប៊ុនធឿន​ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ។

ការចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ន​នេះ បានធ្វើឡើងបន្ទាប់ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣​ បានស្នើសុំឱ្យតុលាការចេញដីកាសម្រេចរក្សាការពារចាត់ចែងជាបណ្តោះអាសន្ន ហាមឃាត់មិន ឱ្យសហកូនបំណុលធ្វើការលក់ ដូរ ជួល បញ្ចាំ ផ្ទេរ ធ្វើអំណោយ អច្ច័យទាន ប្រទានកម្ម ដាក់ប្រាតិភោគ ឬ ដាក់ធានាកាតព្វកិច្ច លើអចលនវត្ថុ (ដី និងអាគារ) លេខក្បាលដី ១១៣ មានទំហំ ៥២៨០ ម៉ែត្រការ៉េ ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចនវត្ថុលេខ ១២០១០១០៥-០១១៣ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ចេញដោយប្រធានមន្ទីររៀបចំដែន ដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ។

ការសម្រេចនេះ​ ដោយសំអាងហេតុ

១. ពាក្យសុំដីកាសម្រេចរក្សាការពារ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ មានលក្ខណះត្រឹមត្រូវតាមទម្រង់ និងគតិច្បាប់ ស្របតាមមាត្រា ៥៣០ មាត្រា ៥៣៤ និង មាត្រា ៥៤១ នៃក្រមនីតិវិធីរដ្ឋប្បវេណី ហេតុនេះ តុលាការអាចលើកយកពាក្យសុំនេះមកសម្រេចតាមច្បាប់បាន ។

២. កម្មវត្ថុនៃវិវាទមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ដូច្នេះ សាលាដំបូងរាជធានីភ្នំពេញ ជាតុលាការដែល មានសមត្ថកិច្ច ក្នុងការចេញសេចក្តីសម្រេចបាន ផ្អែកតាមមាត្រា ៥៣៣ និងមាត្រា ៥៤០ នៃក្រមនីតិវិធីរដ្ឋប្បវេណី។

៣. ផ្អែកតាមសេចក្តីបញ្ជាក់ដំបូងរបស់ម្ចាស់បំណុល ឃើញថា កម្មវត្ថុនៃវិវាទមានដី និងអាគារដែលមានក្បាល ដីលេខ ៨ ផ្ទះលេខ ៧១ ផ្លូវលេនីន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ មានព្រំប្រទល់ខាងជើងជាប់ សាលារៀនបណ្តុះវិជ្ជា ខាងកើតជាប់ផ្លូវលេនីន ខាងត្បូងជាប់ស្ថានទូតសូវៀត ខាងលិចជាប់ឡូតិ៍លេខ១១ បច្ចុប្បន្នក្បាលដីលេខ១១៣ ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានបញ្ជាក់ថា ជាទ្រព្យសម្បត្តិសាធារណះរបស់រដ្ឋ ដែលកាន់កាប់គ្រប់គ្រងដោយក្រសួងការបរទេស ត្រូវបានកូនបំណុល ឈ្មោះ គង់ គាំ និងគ្រួសារចូលទៅរស់នៅ ព្រមទាំងបានប្រើអំណាចក្នុងឋានះជារដ្ឋមន្ត្រីត្រួតពិនិត្យ បង្គាប់ឱ្យ លោក នុច ថន ជាមន្ត្រីក្រោមបង្គាប់ ចុះហត្ថលេខាបញ្ជូនឯកសារស្នើសុំកម្មសិទ្ធិលើដី និង អាគាររដ្ឋ ខាងលើ ហេតុនេះ តុលាការយល់ថា ពិតមានទំនាក់ទំនងគតិយុត្តរវាងម្ចាស់បំណុល និង សហកូនបំណុលលើកម្មវត្ថុ នៃវិវាទខាងលើ ប្រាកដមែន។

៤. ក្រមនីតិវិធីរដ្ឋប្បវេណី មាត្រា ៥៣០ ចែងថា “ ប្រសិនបើមានការបារម្ភថា ការអនុវត្តដោយបង្ខំនឹងមិន អាចធ្វើបាន ឬនឹងមានការលំបាកយ៉ាងខ្លាំងក្នុងការអនុវត្តដោយបង្ខំ ដោយសារតែមានការប្រែប្រួលស្ថានភាព បច្ចុប្បន្ននៃទ្រព្យសម្បត្តិរបស់កូនបំណុលនៃការអនុវត្ត ឬប្រសិនបើមានការបារម្ភថា នឹងមានការខូចខាត ធ្ងន់ធ្ងរ ឬ គ្រោះថ្នាក់បន្ទាន់ដល់ឋានៈរបស់ភាគីណាមួយ ដោយសារមានវិវាទអំពីទំនាក់ទំនងនៃសិទ្ធិបុគ្គល ដែលមានបំណងចង់ការពារសិទ្ធិរបស់ខ្លួន អាចទាមទារចាត់ចែងរក្សាការពារ […]” ។ មាត្រា ៥៣១ ចំណុច ១ និង មាត្រា ៥៤៨ កថាខណ្ឌទី១ បន្តចែងថា “តុលាការអាចចេញដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្នចំពោះវត្ថុ ដែលជាកម្មវត្ថុ នៃវិវាទបាន ក្នុងករណីបារម្ភថា ម្ចាស់បំណុលនឹងមិនអាចអនុវត្តសិទ្ធិបាន ឬ នឹងមានការលំបាក យ៉ាងខ្លាំងក្នុងការអនុវត្តសិទ្ធិ ដោយសារមានការប្រែប្រួលស្ថានភាពបច្ចុប្បន្ននៃវរបស់អចរណ៏នេះ ម្ចាស់បំណុលមានការបារម្ភថា ប្រសិនបើមិនចាត់ចែងរក្សាការពារចំពោះកម្មវត្ថុនៃវិវាទដែលកំពុងស្ថិតក្រោម ការគ្រប់គ្រង ប្រើប្រាស់ អាស្រ័យផល ដោយសហកូនបំណុលនោះទេ វាអាចនឹងមានការប្រែប្រួលស្ថានភាព បច្ចុប្បន្ននៃទ្រព្យសម្បត្តិនេះ ដែលអាចនឹងនាំឱ្យមានការលំបាកយ៉ាងខ្លាំងក្នុងការអនុវត្ត ឬមិនអាចអនុវត្តសិទ្ធិបាន ក្រោយបណ្តឹងអង្គសេចក្តីនោះ ត្បិតជាក់ស្តែង សហកូនបំណុលកំពុងជួលអចលវត្ថុនេះមួយផ្នែកឱ្យ ទៅតតិយជនប្រកបអាជីវកម្ម ហេតុដូច្នេះ ឃើញថា ពិតជាមានភាពចាំបាច់ និងទំនាក់ទំនងគតិយុត្ត ដែលអាច ឱ្យតុលាការចេញដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្នបាន ស្របតាមមាត្រា ៥៣០ មាត្រា ៥៣១ ចំណុច ខ និងមាត្រា ៥៤៨ កថាខណ្ឌទី១ នៃក្រមនីតិវិធីរដ្ឋប្បវេណី ។

៥ផ្អែកតាមលិខិតលេខ ៩៨ ចប ចុះថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ១៩៩០ របស់អនុរដ្ឋមន្ត្រីក្រសួងត្រួតពិនិត្យ និងលិខិត របស់លោក គង់ គាំ ផ្ញើទៅកាន់លោក លឹម ជាវុត្ថា អគ្គនាយកសារព័ត៌មាន FRESH NEWS ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ព្រមទាំងវីដេអូកិច្ចសម្ភាសន៍រវាង ឯកឧត្តម ហោ ណាំហុង និងអង្គភាព FRESH NEWS ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ឃើញថា មានតម្រុយអាចបញ្ជាក់បានថាអចលនវត្ថុខាងលើជាកម្មសិទ្ធិ របស់រដ្ឋ ដែលកូនបំណុលឈ្មោះ គង់ គាំ និងក្រុមគ្រួសារ គ្រាន់តែបានចូលទៅស្នាក់នៅប៉ុណ្ណោះ។

ហេតុដូច្នេះសម្រេច:

១. ហាមឃាត់សហកូនបំណុលឈ្មោះ គង់ គាំ និងភរិយាឈ្មោះ សៀក អយ មិនឱ្យធ្វើការចាត់ចែង លក់ ដូរ ជួល បញ្ចាំ ផ្ទេរ ធ្វើអំណោយ អច្ច័យទាន ប្រទានកម្ម ដាក់ប្រាតិភោគ ឬដាក់ធានាកាតព្វកិច្ច លើអចលនវត្ថុ (ដី និងអាគារ) ដែលមានលេខក្បាលដី ១១៣ មានទំហំ ៥២៩០ (ប្រាំពាន់ពីររយកៅសិប)ម៉ែត្រការ៉េ ស្ថិត នៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១២០១០១០៥-០១១៣ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ចេញដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន ។
២. ឱ្យសហកូនបំណុលទទួលបន្ទុកប្រាក់ប្រដាប់ក្តី ៕srn