ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី១២ មករា ២០២៣ គណៈកម្មាធិការជាតិ ប្រឆាំងភេរវកម្ម សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកសិក្ខាសាលា ផ្សព្វផ្សាយ អំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ដល់មន្រ្តីរាជការ មន្ទីរអង្គភាព ជុំវិញខេត្ត ។

លោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថាៈ សិក្ខាសាលាដែលបានរៀបចំឡើង នៅពេលនេះ ពិតជាមានសារៈសំខាន់បំផុត សម្រាប់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និង អង្គភាពកងកម្លាំងទាំងបីរបស់ខេត្ត ដើម្បីឱ្យបានយល់ដឹងបន្ថែម អំពីស្ថានភាព មួយចំនួន ស្តីពីសភាពការណ៍ជាក់ស្តែង នៃភេវរកម្មអន្តរជាតិ ដែលមិនមែនជារឿង ដោយឡែកនោះទេ គឺជាការងាររួម ទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ នូវអំពើភេវកម្ម នៅគ្រប់មូលដ្ឋាន និងដើម្បីបញ្ជ្រាបការយល់ដឹង ដល់សិក្ខាកាម ទាំងអស់ នូវការទទួលខុសត្រូវ ការរៀបចំសម្របសម្រួល និងនីតិវិធីនានា ដែលមានចែងក្នុង «សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម» ។

នៅក្នុងឱកាសនោះដែរ លោកបណ្ឌិត ឈួន ចាន់ថន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានបញ្ជាក់ថាៈ នាពេលកន្លងមក មានប្រទេសជាច្រើន ទាំងប្រទេសមហាអំណាច ប្រទេសកំពុងអភិវឌ្ឍន៍ បានជួបប្រទះបញ្ហាភេរវកម្ម ហើយភេរវកម្ម បានបង្កបញ្ហាវឹកវរជាច្រើន ដល់សន្តិសុខ សុវត្ថិភាពសង្គម ដូចនេះ ភេរវកម្ម គឺជាបញ្ហាអន្តរជាតិ ដែលតភ្ជាប់ពាសពេញ ពិភពលោក រួមទាំងនៅក្នុងតំបន់យើងដែរ ហើយភេរវកម្ម គ្មានព្រំដែនកំណត់ នោះទេ​ ការប្រយុទ្ធនឹងអំពើភេរវកម្ម តម្រូវឱ្យមានកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល ទាំងថ្នាក់ជាតិ និងអន្តរជាតិ។

លោកបណ្ឌិត បានបញ្ជាក់ទៀតថាៈ សិក្ខាសាលាផ្សព្វផ្សាយសៀវភៅផែនការជាតិ ប្រឆាំងភេរវកម្ម គឺសម្របសម្រួល និងនីតិវិធីនានាក្នុងការត្រៀមខ្លួនជាមុន ការបង្ការ និងការប្រឆាំងភេរវកម្ម រួមទាំងការលាងសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម ហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ផែនការឆ្លើយតបរបស់ អន្តរក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់៕/V-PC