ដោយៈសុវណ្ណកុម្ភៈ / ភ្នំពេញ: សហព័ន្ធប្រដាល់គុនខ្មែរ នឹងរៀបចំការប្រកួតជើងឯក ថ្នក់ជាតិ ឆ្នាំ២០២២ នៅចុងខែមករា និងដើមខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។
នេះជាការប្រកួត ដោយប្រើប្រាស់ថវិកាប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា។

ការប្រកួតនេះ មានចាប់ពីប្រភេទទម្ងន់ ៤៥ គីឡូក្រាម ដល់ ៨១ គីឡូក្រាម ដែលក្នុងនោះ មានទម្ងន់ ៤៥ គីឡូក្រាម ៤៨ គីឡូក្រាម ៥១ ឝីឡូក្រាម ៥៤ គីឡូក្រាម ៥៧ គីឡូក្រាម ៦០ គីឡូក្រាម ៥៣,៥០ គីឡូក្រាម ៦៥ គីឡូក្រាម ៦៨ គីឡូក្រាម ៧១ គីឡូក្រាម ៧៥ គីឡូក្រាម និង ៨១ គីឡូក្រាម។

សម្រាប់រាជធានី ខេត្ត ស្ថាប័ន ក្រសួងនានា ដែលចូលរួមការប្រកួតជើងឯកជាតិនេះ គឺត្រូវធ្វើការប្រកួត ក្នុងក្របខ័ណ្ឌរបស់ខ្លួន ដើម្បីរកជើងខ្លាំងមួយប្រភេទទម្ងន់ មួយរូប ដើម្បីយកមកចូលរួមប្រកួតថ្នាក់ជាតិនេះ។

ពេលនេះ នៅមិនទាន់ដឹងថា តើមានប់ុន្មានរាជធានី ខេត្ត ស្ថាប័ន ក្រសួង មន្ទីរនៅឡើយទេ តែសម្រាប់ខេត្ត ដែលសម្បូរអ្នកប្រដាល់ ដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ រាជធានី ភ្នំពេញ តាកែវ កំពត ព្រៃវែង ស្វាយរៀង មណ្ឌលគីរី កណ្ដាល ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺចូលរួមមិនដែលខានឡើយ។

ការប្រកួតជើងឯកប្រចាំឆ្នាំនេះ គឺជាការធ្វើតេស្ដដ៏ សំខាន់ចុងក្រោយមួយ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ដែលនៅសល់តែជាង ១០០ ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានចូលមកដល់៕/V-PC