ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១២មករាថាអារ៉ាប់រួមអេមីរ៉ាតបានយល់ព្រមពង្រីកប្រាក់កម្ចីចំនួន២ពាន់លានដុល្លារដល់ប្រទេសរបស់លោក និងផ្តល់កម្ចីឥតសំណងបន្ថែម ១ ពាន់លានដុល្លារ ខណៈប្រទេសរបស់លោកកំពុងតស៊ូស្តារពីគ្រោះទឹកជំនន់ដ៏បំផ្លិចបំផ្លាញនៅរដូវក្តៅនិងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។
ការិយាល័យរបស់នាយករដ្ឋមន្ត្រី សាបាស សារីហ្វ (Shahbaz Sharif) បានធ្វើសេចក្តីប្រកាសបែបនេះ បន្ទាប់ពីលោកបានចូលគាល់ជាមួយមេដឹកនាំអារ៉ាប់រួមអេមីរ៉ាតគឺអ្នកគ្រប់គ្រងទីក្រុងអាប៊ូដាប៊ី (Abu Dhabi)ទ្រង់ សេក ម៉ូហាម៉េត ប៊ីន ហ្សាយ៉េត អាល់ ណាយ៉ាន (Sheikh Mohammed bin Zayed Al Nahyan)។ ការិយាល័យបានឱ្យដឹងទៀតថា ទ្រង់សេកម៉ូហាម៉េតបានយល់ព្រមលើការពង្រីកប្រាក់កម្ចីចាស់និងប្រាក់កម្ចីថ្មីដែលត្រូវការចាំបាច់យ៉ាងខ្លាំង ខណៈទុនបម្រុងរូបិយប័ណ្ណបរទេសនៅក្នុងប្រទេសបានធ្លាក់ចុះមកនៅត្រឹម ៥,៥ ពាន់លានដុល្លារដែលគ្រប់គ្រាន់សម្រាប់ការនាំចូលក្រោមមួយខែប៉ុណ្ណោះ។
ការិយាល័យរបស់លោកសារីហ្វបាននិយាយថា “ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការវិនិយោគ ជំរុញភាពជាដៃគូនិងបើកឱកាសធ្វើសមាហរណកម្មការវិនិយោគរវាងប្រទេសទាំងពីរ”។
អារ៉ាប់រួមអេមីរ៉ាតមិនបានទទួលស្គាល់ភ្លាមៗអំពីការពង្រីកប្រាក់កម្ចីនិងការផ្តល់កម្ចីឥតសំណង១ពាន់លានបន្ថែមនោះទេ។ ប្រទេសនេះបាននិយាយថា កិច្ចប្រជុំនៅវិមាន Al Shati នៃទីក្រុងអាប៊ូដាប៊ី បានឃើញមេដឹកនាំទាំងពីរពិភាក្សាអំពី “ទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងអារ៉ាប់រួមអេមីរ៉ាតនិងប៉ាគីស្ថាន និងវិធីដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នានិងពង្រីកទំនាក់ទំនងរបស់ខ្លួនតាមវិធីមួយដែលបម្រើផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ”៕
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សាបាស សារីហ្វ (ឆ្វេង) និងទ្រង់សេក ម៉ូហាម៉េត ជួបពិភាក្សាគ្នានៅទីក្រុងអាប៊ូដាប៊ីកាលពីថ្ងៃព្រហស្បតិ៍