ឆ្នាំជូត

 

អ្នកកើតឆ្នាំកណ្តុររាសីស្រុតចុះ។

-ការរស់នៅ៖ ការរស់នៅរបស់លោកអ្នក មិនសូវសុខដុមប៉ុន្មានទេ ពោលគឺជារឿយៗតែងមានក្រុមមនុស្សយាយីច្រើនគប្បីមានការប្រយ័ត្នប្រយែង ពិសេសក្រុមមនុស្សភេទផ្ទុយគ្នាក្បែរខ្លួនឬសូម្បីតែពីចម្ងាយក្តី។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដួងរាសីស្រុតចុះ ម្ល៉ោះហើយផ្តល់ផលល្អសម្រាប់លោកអ្នកចាត់ចែងកិច្ចការងារចាស់ៗឬការងារសេសសល់ពីមុនមកជាការល្អបំផុត។

ការធ្វើជំនួញ៖ដួងរាសីរបស់លោកអ្នកប្រកបរបររកស៊ីជួញដូរវិញមានការលូតលាស់ជាសន្សឹមៗឥតមានអ្វីជាឧបសគ្គរារាំងនាំសៅហ្មងខ្លាំងក្លាឡើយគឺមានភាពសុខដុមល្អ ហើយប្រាក់ចំណូលក៏មានហូរចូលតក់ៗគ្រាន់ផ្សើមបំពង់កផង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រឆាំង និង បង្កបញ្ហាចំពោះគ្នាឥតស្រួលចិត្តប៉ុន្មានទេ ៕

 

ឆ្នាំឆ្លូវ

 

ថ្ងៃនេះអ្នកកើតឆ្នាំឆ្លូវរាសីស្រុតចុះ។

-ការរស់នៅ៖ឆ្លងចូលខែមករានេះដួងរាសីរបស់លោកអ្នកខ្ពស់ត្រដែត ធ្វើឱ្យដំណើរជីវិតចម្រើនលូតលាស់ទាំងកិច្ចការងារ និងព្រមទាំងតួនាទីអ្វីមួយផង។

-កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះមានរឿងរាវខ្លះតូចតាចសោះដែលអ្នកមិនចាប់អារម្មណ៍ ប៉ុន្តែវាអាចប្រែរីកជាធំ ហេតុនេះទោះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងគ្រប់រឿង។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ វិញមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ប៉ុន្តែយ៉ាងណាផលកម្រៃក៏មិនសូវឆ្លើយតបដូចសេចក្តីប៉ងប្រាថ្នាទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានបញ្ហាថ្នាំងថ្នាក់ខ្លះៗកើតឡើង ប៉ុន្តែក៏មិនមានរឿងរាវអ្វីធំដុំគួរកត់សម្គាល់នោះដែរ៕

 

ឆ្នាំខាល

 

អ្នកកើតឆ្នាំខាលរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅរបស់លោកអ្នកជួបនូវរឿងរាវប្រទាំងប្រទើសខ្លះៗចូលយាយី ពិសេសឱ្យប្រយ័ត្នបញ្ហាគ្រោះចាញ់បោកគេបន្តិច។

-កិច្ចការងារ៖ការប្រកបការងារថ្ងៃនេះបើចង់បំពេញចិត្តនរណាម្នាក់នោះមិនងាយបានដូចបំណងឡើយ ពិសេសមានតែគេអាចស្តីបន្ទោសបន្ថែមទៀត។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេ ហើយក៏មិនមានការថយក្រោយដែរ។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំង និង មិនសូវចេះអត់ឱនឱ្យគ្នាប៉ុន្មាននោះឡើយ៕

 

ឆ្នាំថោះ

 

អ្នកកើតឆ្នាំទន្សាយរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅបើលោកអ្នកមានគម្រោងឬចង់ធ្វើអ្វីមួយ គួររួសរាន់ធ្វើព្រោះផ្លែផ្កាដែលទទួលបានមកវិញគួរជាទីកក់ក្តៅគ្រាន់បើ។

-កិច្ចការងារ៖ថ្ងៃនេះផ្តល់ផលល្អទាំងតួនាទីការងារ និងបញ្ហាប្រាក់កាសផង ហើយបើចង់ធ្វើអ្វីមួយក៏តែងសម្រេចនូវផលគ្រាន់កក់ក្តៅ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។

បញ្ហាស្នេហា៖រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការយកចិត្តទុកដាក់ និង ផ្អែមល្ហែមល្អចំពោះគ្នាប្រពៃ៕

 

ឆ្នាំរោង

 

អ្នកកើតឆ្នាំរោងរាសីស្រុតចុះ។

-ការរស់នៅ៖លោកអ្នកកើតឆ្នាំរោងក្នុងខែមករានេះដំណើរជីវិតមិនល្អប្រសើរទេពីព្រោះថាមានគ្រោះយាយីច្រើនត្រូវឆ្លងកាត់។

-កិច្ចការងារ៖ដោយឡែកនៅថ្ងៃនេះវិញ ការប្រកបការងារតែងកើតការរាំងស្ទះ និង ពិសេសពិបាកសម្រេចដល់គោលដៅថែមទៀត។

ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយ ហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដកដើមមកវិញមិនឃើញ ហើយថែមទាំងជំពាក់គេវ័ណ្ឌកថែមទៀត។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូសព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕

 

ឆ្នាំម្សាញ់

 

អ្នកកើតឆ្នាំម្សាញ់រាសីល្អជាមធ្យម។

-ការរស់នៅ៖លោកអ្នកកើតឆ្នាំម្សាញ់ក្នុងខែនេះដំណើរជីវិតរលូនល្អ ហើយបើចង់បណ្តាក់ទុនឬធ្វើអ្វីមួយតែងឆ្លើយតបផលគ្រាន់ជាទីគាប់បំណង។

-កិច្ចការងារ៖ការប្រកបការងារមានការជឿនលឿនតិចតួច ហើយងាយមានទំនាស់ជាមួយអ្នកដទៃផង។

ការធ្វើជំនួញ៖ការប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខយឺតណាស់ ហើយពិសេសងាយកើតបញ្ហាថែមទៀត។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហានៅថ្ងៃនេះវិញកើតមានរឿងរ៉ាវប្រទាំងប្រទើសគ្នាច្រើន ដូច្នេះទាល់តែចេះអត់ឱនឱ្យគ្នាខ្លះទើបគ្មានរឿងរ៉ាវជម្លោះវិវាទកើតមានទ្បើង៕

 

ឆ្នាំមមី

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចា តថ្លៃឬធ្វើកិច្ចសន្យាអ្វីមួយជាមួយនរណាម្នាក់ពីព្រោះថាងាយឆាប់ចុះសម្រុងគ្នាផងដែរ។

-កិច្ចការងារ៖សម្រាប់អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនក្តីបើមានកិច្ចការអ្វីថ្មីឬសូម្បីតែចាស់ក្តីលោកអ្នកត្រូវរួសរាន់បំពេញ និង មិនត្រូវធ្វេសប្រហែសឡើយមិនដូច្នេះនឹងទទួលរងការស្តីបន្ទោសពីសំណាក់ចៅហ្វាយនាយជាក់ជាពុំខាន។

ការធ្វើជំនួញ៖ការធ្វើជំនួញទីជិតឆ្ងាយពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេ គឺដូចសព្វមួយដង។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពជឿនលឿនទៅមុខនិងផ្អែមល្ហែមល្អណាស់៕

 

ឆ្នាំមមែ

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ក្នុងថ្ងៃនេះដួងរាសីល្អប្រសើរ ដូចនេះបើចង់ទំនាក់ទំនងជាមួយសាច់ញាតិ ឬ សូម្បីតែអ្នកដទៃ តែងមានការសហការពីភាគីម្ខាងទៀតយ៉ាងល្អ។

-កិច្ចការងារ៖សម្រាប់កិច្ចការងារថ្មីចាស់បើមានការសម្រុកឬព្យាយាមពុះពារក៏តែងអាចទម្លុះទម្លាយសម្រេចជោគជ័យ។

-ការធ្វើជំនួញ៖អ្នកអាជីវករទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញគ្រាន់គាប់ប្រសើរ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានភាពផ្អែមល្ហែមនិងស្រស់ស្រាយចំពោះគ្នាប្រពៃណាស់៕

 

ឆ្នាំវក

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះបើទោះបីប្រកបកិច្ចការអ្វីក៏ដោយលោកអ្នកតោងតែប្រយ័ត្នពីព្រោះពុំសូវសម្រេច និង មានការរាំងស្ទះច្រើន។

-កិច្ចការងារ៖ក្នុងពេលនេះបើទោះបីមានការសម្រាក ច្រើនក្តីលោកអ្នកមិនគប្បីសេពគប់ល្បែងស៊ីសងឡើយបើពុំនោះទេប្រយ័ត្នកើតឧបទ្រពចង្រៃកើតតែរឿងរាវប្រទាំងប្រទើស។

-ការធ្វើជំនួញ៖អ្នកអាជីវករមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់ជួញទីជិតឆ្ងាយឃើញថាផលកម្រៃឆ្លើយតបក៏គួរជាទីពេញចិត្ត។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីមានការជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕

 

ឆ្នាំរកា

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកល្អជាមធ្យម ដូចនេះឃើញថាធ្វើអ្វីមិនអាចលោភលន់ឬប្រកាន់ចិត្តឆេវឆាវបានទេបើពុំនោះនឹងទទួលផលអាក្រក់មកវិញជាក់ជាពុំខាន។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកត្រូវចេះសន្សំសេចក្តីសុខឱ្យបានច្រើន ហើយដាច់ខាតមិនត្រូវពេបជ្រាយឬប្រមាថអ្នកដទៃឡើយព្រោះនោះសុទ្ធសឹងនាំមកនូវក្តីលំបាកដល់អាត្មាខ្លួនឯងវិញប៉ុណ្ណោះ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរត្រូវប្រុងប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមបន្តិចព្រោះងាយធ្លាក់ក្នុងកលឧបាយគេណាស់។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីពុំត្រូវផ្តោះផ្តងដោយសម្តីផ្លែផ្កាដាក់គ្នាឡើយប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់៕

 

ឆ្នាំច

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកបើមានបញ្ហាអ្វីក៏ដោយតោងតែចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបានល្អ ហើយមិនត្រូវឆេវឆាវគ្មានហេតុផល ប្រយ័ត្នខ្លួនឯងត្រូវសោះ ទីបំផុតក្លាយជាអ្នកមានកំហុសទៅវិញ។

-កិច្ចការងារ៖ការបំពេញការងារនៅពេលនេះវិញលោកអ្នកគប្បីប្រយ័ត្នចៅហ្វាយនាយបន្តិច ព្រោះងាយធ្វើឱ្យលោកអ្នកជួបបញ្ហាលំបាកក្នុងរឿងអ្វីមួយណាស់។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញមិនមានអ្វីប្រែប្រួលប្តួរផ្លាស់គួរជាទីកត់សំគាល់ទេគឺដូចសព្វមួយដង។

បញ្ហាស្នេហា៖រីឯសម្ព័ន្ធស្នេហាប្រុសស្រីប្រយ័ត្នកើតជម្លោះវិវាទព្រោះតែការយល់ខុសក្នុងរឿងអ្វីមួយ៕

 

ឆ្នាំកុរ

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ទាំងស្រ្តីបុរសបើ លោកអ្នកជួបបញ្ហាលំបាកនឹងបានធូរស្រាលបន្តិចវិញ ហើយរឿងរាវខ្លះដែលអាក្រក់អាចប្រែមកល្អវិញផង។

-កិច្ចការងារ៖ថ្ងៃនេះបើលោកអ្នកសម្លឹងលើកិច្ចការងារ ឬ ចុះធ្វើអ្វីមួយនោះនឹងឆ្លើយតបជាផ្លែផ្កាគ្រាន់កក់ក្តៅ។

-ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយប្រយ័ត្នឥតការអ្វីសោះនាំរឿងរាវដាក់ខ្លួន ហើយនាំឱ្យជះឥទ្ធិពលអាក្រក់នៅពេលក្រោយ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយ និង ផ្អែមល្ហែមចំពោះគ្នាប្រពៃ៕