ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រដ្ឋាភិបាលអាម៉េរិកកំពុងពិនិត្យមើលរបាយការណ៍ស្តីពីយាន UFOចំនួន ៥១០ ដែលលើសពីឯកសារឆ្នាំ ២០២១ ជាងបីដងហើយខណៈរបាយការណ៍ភាគច្រើនត្រូវបានបង្កឡើងដោយដ្រូនឬបាឡុង របាយការណ៍រាប់រយទៀតនៅតែមិនទាន់អាចពន្យល់បាន នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១២មករា។
របាយការណ៍ឆ្នាំ ២០២២ របស់នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ (DNI)បាននិយាយថា របាយការណ៍អំពី “បាតុភូតមិនធម្មតាដែលមិនស្គាល់អត្តសញ្ញាណ” ឬ UAP ចំនួន ២៤៧ត្រូវបានដាក់ជូនមកទីភ្នាក់ងារនេះចាប់តាំងពីខែមិថុនា ឆ្នាំ ២០២១ នៅពេលដែលទីភ្នាក់ងារនេះបានលាតត្រដាងថាខ្លួនមានកំណត់ត្រាអំពីការពើបប្រទះវត្ថុពីលើអាកាសគួរឱ្យសង្ស័យចំនួន ១៤៤ ដង។
លើសពីនេះ របាយការណ៍របស់ DNI បាននិយាយថា របាយការណ៍ចំនួន ១១៩ ផ្សេងទៀតដែលបានកប់នៅក្នុងកំណត់ត្រាចាស់កាលពី ១៧ ឆ្នាំមុន ត្រូវបានរកឃើញដោយធ្វើឱ្យរបាយការណ៍សរុបមានចំនួន ៥១០។
របាយការណ៍ថ្មីភាគច្រើនគឺបានមកពីកងទ័ពជើងទឹកនិងជើងអាកាសអាម៉េរិក។
ក្នុងចំណោមនោះ ជិត២០០ របាយការណ៍មានការពន្យល់ “សឹងមិនគួរឱ្យជឿ” ៖ ពួកវាគឺជាបាឡុង ដ្រូន ឬ អង់តែនលើអាកាស ដែលតាមដានពពួកសត្វស្លាប ព្រឹត្តិការណ៍អាកាសធាតុ និងថង់ប្លាស្ទិកនៅលើអាកាស។ប៉ុន្តែរបាយការណ៍ផ្សេងទៀតមិនត្រូវបានពន្យល់នោះទេ នេះបើយោងតាមឯកសារ DNI ដែលជាឯកសារមិនសម្ងាត់ដែលបានបញ្ជូនទៅសភា។
របាយការណ៍ទាំងអស់នេះគឺជាការផ្តោតសំខាន់នៃការត្រួតពិនិត្យដោយមន្ទីរបញ្ចកោណ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាម៉េរិក និងអង្គការណាសាជុំវិញការព្រួយបារម្ភមិនមែនដោយសារតែពួកវាជាយានក្រៅភពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសមត្ថភាពចារកម្មមិនស្គាល់របស់ប្រទេសគូប្រជែងផងដែរ។
របាយការណ៍ខាងលើនិយាយថា “UAP បន្តតំណាងឱ្យគ្រោះថ្នាក់ដល់សុវត្ថិភាពហោះហើរ និងជាលទ្ធភាពគំរាមកំហែងពីគូប្រជែង”៕
រូបភាពខ្លះថតបានដោយកងទ័ពជើងទឹកអាម៉េរិក ត្រូវបានចាត់ទុកថាជាយាន UFO