​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋ​មន្ត្រី​រដ្ឋាភិបាល​មួយរូប​បាន​និយាយថា ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​អាសន្នរោគ​ដ៏​អាក្រក់​បំផុត​ដែល​ប៉ះពាល់​ដល់​ប្រទេស​ម៉ាឡាវី​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​មក​នេះ​បាន​​ឆក់យក​ជីវិត​មនុស្ស​ចំនួន ៧៥០ នាក់ ខណៈ​ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO)​បាន​ពណ៌នា​ប្រទេស​អាហ្វ្រិក​ភាគ​អាគ្នេយ៍​នេះ​ថា​ជា​ប្រទេស​រងគ្រោះ​ខ្លាំង​បំផុត​ចំ​ពេល​កំពុង​មាន​ការរីក​រាលដាល​​ជំងឺ​កូ​វីដជា​សកល ដែល​កំពុង​ឆ្លង​ខ្លាំង​ជាង​មុន​និង​សម្លាប់​មនុស្ស​ដូច​សព្វមួយដង​។​

​រដ្ឋ​មន្ត្រី​សុខាភិបាល​ម៉ាឡាវី លោកស្រី ឃុម​ប៊ី​ហ្សេ កាន់​ដូ​ដូ ឈី​ប៉ុនដា (Khumbize Kandodo Chiponda) កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​មករា​បាន​បញ្ជា​ឱ្យ​បិទ​អាជីវកម្ម​ជា​ច្រើន​កន្លែង​ដែល​ខ្វះ​ទឹក​​ស្អាត បង្គន់​អនាម័យ និង​កន្លែង​ចោល​សំរាម​ដែល​គ្មាន​អនាម័យ ព្រមទាំង​បាន​ប្រកាស​ដាក់​កំហិត​លើ​ការលក់​អាហារ​ចម្អិន​ទុកជា​មុន​ទៀត​ផង​។​

​លោកស្រី​ឈី​ប៉ុនដា​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យើង​បន្ត​កត់ត្រា​ការកើនឡើង​ករណី​ឆ្លង​នៅ​ទូទាំង​ប្រទេស​បើទោះបីជា​មាន​សញ្ញា​នៃ​ការថយចុះ​ការឆ្លង​និង​ការស្លាប់​នៅក្នុង​តំបន់​​មួយចំនួន​ក៏​ដោយ​” និង​បាន​ជំរុញ​ឱ្យ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​អនាម័យ​។​

​កាលពី​ថ្ងៃ​ពុធ លោកស្រី​ឈី​ប៉ុនដា​បាន​និយាយថា មនុស្ស ១៧ នាក់​បាន​ស្លាប់​ដោយសារ​ករណី​ថ្មី​ចំនួន ៥៨៩ នៃ​ជំងឺ​ឆ្លងតាម​ទឹក​នេះ “​ក្នុង​រយៈពេល ២៤ ម៉ោង​ចុងក្រោយ​”​។​លោកស្រី​បាន​និយាយថា​ប្រទេស​​នេះ​បាន​កត់ត្រា​ករណី​ឆ្លង​ចំនួន ២២.៧៥៩ នាក់ ចាប់តាំងពី​ការផ្ទុះ​ជំងឺ​អាសន្នរោគ​បាន​ចាប់ផ្តើម​ក្នុង​ខែ​មីនា​ឆ្នាំ​មុន​។​

​តួលេខ​បង្ហាញថា មនុស្ស​ប្រហែល ១៥ នាក់​បាន​ស្លាប់​ជា​រៀងរាល់ថ្ងៃ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ដោយ​ករណី​ស្លាប់​ចំនួន ១៥៥ នាក់​ត្រូវបាន​កត់ត្រា​ក្នុង​រយៈពេល ១០ ថ្ងៃ​ចុងក្រោយ​។ មនុស្ស​ជិត ១.០០០ នាក់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​គិត​ត្រឹម​ថ្ងៃ​ពុធ​ទី​១១​មករា​។​

​ក្នុង​សប្តាហ៍​នេះ អគ្គនាយក WHO លោក តេ​ត្រូស អា​ដា​ណុ​ម ហ្គេ​ប្រេ​យ៉េ​ស៊ូស បាន​និយាយថា ប្រទេស​ចំនួន ៣១ បាន​រាយការណ៍​អំពី​ការផ្ទុះ​ជំងឺ​អាសន្នរោគ​ចាប់តាំងពី​ខែ​ធ្នូ ដែល​កើនឡើង ៥០ ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន​៕

​បុគ្គលិក​ពេទ្យ​ម៉ាឡាវី​កំពុង​ព្យាបាល​អ្នកជំងឺ​អាសន្នរោគ​កាលពី​ថ្ងៃ​ពុធ​