​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោកស្រី ព្រី​ស៊ី​លឡា ព្រីស​លី (Priscilla Presley) ត្រូវជា​ម្តាយ​របស់​នាង លី​សា ម៉ា​រី ព្រីស​លី (Lisa Marie Presley)​បាន​និយាយថា កូនស្រី​របស់​លោកស្រី​បាន​ស្លាប់​ហើយ ក្រោយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​យ៉ាង​ប្រញាប់​ក្នុង​រដ្ឋ​កាលីហ្វ័​រញ៉ា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​មករា ដោយសារ​គាំងបេះដូង​។​

​វេបសាយ​កម្សាន្ត TMZ បាន​រាយការណ៍​ដោយ​ដកស្រង់​ប្រភព​មិន​បញ្ចេញ​ឈ្មោះ ថា កូនស្រី​អាយុ ៥៤ ឆ្នាំ​របស់​តារាចម្រៀង​សំឡេង​មាស​អាម៉េរិក លោក អែល​វី​ស ព្រីស​លី (Elvis Presley) បាន​ស្ថិតក្នុង​ស្ថានភាព​សន្លប់​ស្តូកស្តឹង​ក្រោម​ជំនួយ​អុកស៊ីសែន​សង្គ្រោះ​ជីវិត​។​

​វេបសាយ​នេះ​បាន​និយាយថា​អ្នក​ចំរៀង​និង​អ្នកនិពន្ធ​បទ​ចំរៀង នាង​ព្រីស​លី​”​បាត់បង់​ស្មារតី​” នៅពេល​ដែល​ស្ត្រី​មេ​ផ្ទះ​របស់​នាង​បាន​រក​ឃើញ​នាង​នៅផ្ទះ​របស់​នាង​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នៅ​​សង្កាត់​កាឡា​បា​ស (Calabasas) ជា​តំបន់​ជាយក្រុង​ឡូ​សអាន់​ជើ​ឡេស ដែល​ល្បីល្បាញ​ខាង​គេហដ្ឋាន​របស់​តារា​ល្បីៗ​។​

​អតីត​ស្វាមី​របស់​នាង​ឈ្មោះ ដាន​នី ខូ (Danny Keough) ដែល​រស់​នៅក្នុង​ផ្ទះ​នោះដែរ បាន​ធ្វើ​ចលនា​ដង្ហើម CPR រហូត​ដល់​គ្រូពេទ្យ​មកដល់ និង​ដឹក​នាង​ទៅ​មន្ទីរពេទ្យ​។​

​វេបសាយ​ដដែល​បាន​និយាយ​ថា ប្រភព​របស់​ខ្លួន​បាន​សង្កត់ធ្ងន់ថា វា​មិនមែន​ជា​ការប៉ុនប៉ង​ធ្វើអត្តឃាត​របស់​តារា​ចម្រៀង​រូប​នេះ​នោះ​ទេ​។​

​លោកស្រី ព្រី​ស៊ី​លឡា ព្រីស​លី (Priscilla Presley) ត្រូវជា​ម្តាយ បាន​ចូល​ប្រើ​បណ្តាញ​សង្គម​Twitter ដើម្បី​បញ្ជាក់​ថា​កូនស្រី​របស់​លោកស្រី​បាន​ស្លាប់​ហើយ​។​

​មុន​នេះ​លោកស្រី​បានសរសេរថា “​កូនស្រី​ជា​ទី​ស្រឡាញ់​របស់ខ្ញុំ លី​សា ម៉ា​រី ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។ ពេល​នេះ​នាង​កំពុង​ទទួលបាន​ការថែទាំ​ល្អ​បំផុត​។ សូម​ព្រះ​ថែរក្សា​នាង​ហើយ​ក្រុម​គ្រួសារ​របស់​​យើង​កំពុង​បន់ស្រន់​។ យើង​មាន​អារម្មណ៍​ថា​មានការ​បន់ស្រន់​ពី​ជុំវិញ​ពិភពលោក ហើយ​យើង​សុំ​ឯកជន​ភាព​ក្នុង​អំឡុង​ពេល​នេះ​”៕

នាង លី​សា ម៉ា​រី ព្រីស​លី បាន​ស្លាប់​ដោយសារ​គាំងបេះដូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍