ដោយ: បូកគោ / កំពត: អាជីវករផ្នែកទូកទេសចរណ៍ បានសម្តែងក្តីរំពឹងថា បរិមាណភ្ញៀវ មកជិះទូកលម្ហែកម្សាន្ត នឹងកើនឡើង ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិន ខាងមុខ ទោះប៉ុន្មានថ្ងៃនេះ ទេសចរ បានធ្លាក់ចុះ ព្រោះតែការរំខាន ដោយអាកាសធាតុក្តី។

លោក ប៊ុន សួនកុសល ម្ចាស់ទូកទេសចរណ៍នឹកកំពត បានរៀបរាប់ថាៈ ប៉ុន្មានថ្ងៃចុង ក្រោយនេះ សកម្មភាពទូកទេសចរណ៍ ទាំងជិត ២០ គ្រឿង ក្នុងព្រែកកំពង់បាយ មានការប្រកួតប្រជែង ដោយម្ចាស់ទូកនីមួយៗ បាន និងកំពុងតុបតែងលម្អ បំពាក់ភ្លើង ពណ៌ ហើយខ្លះទៀត ក៏មានការរៀបចំវង់តន្ត្រី ដើម្បីទាក់ទាញភ្ញៀវ។ ប៉ុន្តែក្រោយមួយ សប្តាហ៍ នៃពិធីឆ្លងឆ្នាំសកល កន្លងទៅ ចំនួនភ្ញៀវ មានការធ្លាក់ចុះ ដោយសារអាកាស ធាតុ មិនអំណោយផល ខណ:ទេសចរមួយចំនួន បានបង្វែរគោលដៅកម្សាន្ត ទៅកាន់ ខេត្តព្រះសីហនុ។

ម្ចាស់ទូកទេសចរណ៍ដដែល បានបន្តថាៈ បច្ចុប្បន្ន ដំណើរកម្សាន្ត តាមទូកទេសចរណ៍ ក្នុងដងព្រែកមានជម្រើសពីរ គឺទៅមើលអំពិលអំពែក ដោយជិះឆ្លងកាត់ក្រោមស្ពាន ឥន្ទធនូ ស្ពានមិត្តភាពកម្ពុជា-កូរ៉េកំពង់បាយ និងស្ពានរថភ្លើង ឆ្ពោះទៅទិសជើង។ ជម្រើសទីពីរ គឺដំណើរចុះទៅផ្នែកខ្សែទឹកខាងក្រោម សំដៅឆ្នេរខ្សាច់កោះស្មៅ និងគយគន់ទេសភាព ស្រែអំបិល នៅភាគខាងត្បូង។

លោករំពឹងថាៈ ក្នុងឱកាសនៃពិធីបុណ្យបុណ្យចូលឆ្នាំចិន ខាងមុខ ភ្ញៀវមកជិះទូកកម្សាន្ត នឹងមានចំនួនច្រើន។

លោក សយ ស៊ីណុល បានបញ្ជាក់ថាៈ ទោះបីមួយរយ:ចុងក្រោយ ពោលគឺ ចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ បរិមាណភ្ញៀវលម្ហែកម្សាន្ត តាមទូកទេសចរណ៍ ហាក់ធ្លាក់ចុះ ប៉ុន្តែទេសចរ ចូលមកតាមរមណីយដ្ឋាន និងសហគមន៍ ទេសចរណ៍នានា ក្នុងខេត្តកំពត មានចំនួន ៣០.៤០៣ នាក់។ ក្នុងនោះ ភ្ញៀវជាតិ ២៨.៩៩៨ នាក់ និងទេសចរបរទេស ចំនួន ១.៤១០ នាក់។ សន្ទុះភ្ញៀវ នឹងនៅតែបន្ត កើនឡើង ព្រោះពិធីបុណ្យចូលឆ្នាំចិន កាន់តែខិតចូលមកដល់ នាពេលដ៏ខ្លីខាងមុខ៕ V / N