ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី១៣ មករា ២០២៣ លេខាធិកាដ្ឋានក្រុមស កម្មជន នៃក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង បានសហការជាមួយអាជ្ញាធរភូមិ ឃុំ សង្កាត់ នាំយកអំណោយរបស់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង ចែកជូនប្រជាពលរដ្ឋក្រីក្រខ្វះខាត ចំនួន ៥០ គ្រួសារ នៅក្នុងសង្កាត់ ៤ នៃក្រុងកំពង់ ឆ្នាំង និងឃុំស្រែថ្មី ស្រុករលាប្អៀរ ។

លោក ឈៀង ថារិទ្ធិ ប្រធានលេខាធិការដ្ឋានក្រុមសកម្មជន នៃក្រុមការងារយុវជន គណបក្សខេត្ត បានថ្លែងទៅកាន់ប្រជាពលរដ្ឋថាៈ តាមរយៈក្រុមសកម្មជន នៃក្រុមការងារយុវជន គណបក្សខេត្ត ការចែកអំណោយ នៅពេលនេះ គឺផ្ដល់ជូន ដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាត  ចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ កូនច្រើន ចំនួន ៥០ គ្រួសារ ដែលមានសមាជិក ក្នុងគ្រួសារមានជាង ២០០ នាក់ ។

ប្រជាពលរដ្ឋដែលបានទទួលអំណោយ គឺនៅសង្កាត់ផ្សារឆ្នាំង ១០ គ្រួសារ , សង្កាត់កំពង់ឆ្នាំង ១០ គ្រួសារ , សង្កាត់ប្អេរ ១០ គ្រួសារ , សង្កាត់ខ្សាម ១០ គ្រួសារ និងនៅក្នុងភូមិទ្រាជើង ឃុំស្រែថ្មី ១០ គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ២០ គីឡូ មី១កេះ ទឹកត្រី ទឹកស៊ីអ៊ីវ ១យួរ និងត្រីខ ១យួរ ៕ V / N