ដោយៈ ជា សីហៈ/ភ្នំពេញៈ ផ្ទះសរសរ១០០ ជាផ្ទះឈើបុរាណមួយដែលមានអាយុកាលជាង១៥០ឆ្នាំ នៅក្រចេះនៅពេលបច្ចុប្បន្ននេះសសរផ្ទះធំមាននៅសល់តែចំនួន៤០ ប៉ុណ្ណោះ ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈថ្មីៗនេះបាន អញ្ជើញចុះទៅពិនិត្យស្ថានភាពផ្ទះសសរ១០០ ដែលមានទីតាំង នៅវត្តរកាកណ្តាល ខេត្តក្រចេះ នេះ ក្រោយការសាង សង់ជួសជុល និងតម្លើងឡើងវិញចប់សព្វគ្រប់ ដើម្បីអនុញ្ញាតឲ្យមន្ទីរអាចបើកទ្វារជូនសាធារណជនចូលទស្សនាបានជាផ្លូវការ។

ផ្ទះសរសរ១០០ ជាផ្ទះឈើបុរាណមួយដែលមានអាយុកាលជាង១៥០ឆ្នាំ ហើយបច្ចុប្បន្ននេះសសរផ្ទះធំមាននៅសល់តែចំនួន៤០ ដោយឡែកសសរចំនួន៦០ទៀត ក្រសួងបានណែនាំឲ្យមន្ទីរពិនិត្យលទ្ធភាពសាងសង់បន្ថែម និងស្វែងរកថវិកាបន្ថែមពីសប្បុរសជនសម្រាប់ចំណាយលើការសាងសង់។

ក្រៅពីការចូលរួមកម្មវិធីនេះ លោកស្រី ក៏បានចំណាយពេលវេលាជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិងថ្នាក់ដឹកនាំខេត្ត ដោយបានលើកឡើងនូវអនុសាសន៍ណែនាំល្អៗមួយចំនួនទាក់ទងនិងកិច្ចការអភិរក្សបេតិកភណ្ឌជាតិទាំងរូបីនិងអរូបី។
ទន្ទឹមនឹងនោះ លោកស្រី ក៏បានពន្យល់ពីសារៈសំខាន់នៃកិច្ចការអភិរក្សបុរាណដ្ឋាននិងសំណង់បុរាណនានា ដោយការអំពាវនាវឲ្យមន្ត្រីជួយផ្សព្វផ្សាយនិងបង្ការកុំឲ្យប្រជាពលរដ្ឋវាយកំទេចសំណង់បុរាណនានាដែលនៅក្នុងវត្ត បំផ្លាញទីទួលបុរាណ និងប្រាសាទបុរាណ ព្រោះមរតកទាំងនោះគឺអាចប្រើប្រាស់បង្កើតជាតំបន់ទេសចរទាក់ទាញភ្ញៀវមកចូលទស្សនាបាន ឧទាហរណ៍ជាក់ស្តែងគឺទីតាំងវត្តរកាកណ្តាលនេះតែម្តងដែលមានអគារវត្ត កុដិ និងផ្ទះសសរ១០០កំពុងក្លាយជាតំបន់ទេសចរណ៍របស់ខេត្ត។

លោកស្រីបានឲ្យដឹងថា ប្រជាពលរដ្ឋគ្រប់រូប មានកាតព្វកិច្ចក្នុងការការពារសំណង់បុរាណ ហើយមន្ទីរជំនាញនានាចាំបាច់ត្រូវតែឆាប់ចុះស្រង់ស្ថិតិចុះបញ្ជី និងការពារនូវរាល់សំណង់សំខាន់ៗដែលមានអាយុកាលចាប់ពី៥០ឆ្នាំឡើងទៅ។

លោកស្រី បានបង្ហាញពីការសោកស្តាយចំពោះរាល់សកម្មភាពនានាដែលឈានដល់ការបំផ្លាញសំណង់បុរាណមួយចំនួននារយៈកាលថ្មីៗនេះ។ ឆ្លៀតឱកាសនេះផងដែរ លោកស្រី ក៏បានផ្តាំផ្ញើសារបន្តជូនជនរួមជាតិផងដែរថា សកម្មភាពនៃការបំផ្លាញសំណង់បុរាណ គឺបទល្មើសព្រហ្មទណ្ឌដែលប្រឈមការកាត់ទោសជាប់មន្ទីរឃុំឃាំង ម្ល៉ោះហើយសូមប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវជៀសវាងសកម្មភាពនៃការរុករាន ឬបំផ្លាញទីទួលបុរាណនិងសំណង់បុរាណនានា។
ក្នុងករណីមិនច្បាស់ថាជាទីកន្លែងឬសំណង់បុរាណ ត្រូវប្រញាប់ទាក់ទងមកអាជ្ញាធរមូលដ្ឋាន ឬអ្នកជំនាញរបស់យើងដែលមានលេខទំនាក់ទំនងស្រាប់នៅតាមបណ្តាញសង្គម ឬគេហទំព័ររបស់ក្រសួងស្រាប់។ N