​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រព័ន្ធ​ព្យុះ​ធំ​មួយ​បាន​នាំមក​ខ្យល់​ដ៏​ខ្លាំង​និង​ខ្យល់កួច​ជាច្រើន​វាយប្រហារ​ទូទាំង​តំបន់​ខាងត្បូង​អាម៉េរិក ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ប្រាំពីរ​នាក់​នៅក្នុង​រដ្ឋ​ច​ច​ជៀ​(Georgia)​និង​អា​ឡា​បា​ម៉ា​( Alabama) កន្លែង​ដែល​ខ្យល់កួច​ធំ​មួយ​បាន​បំផ្លាញ​អាគារ​និង​បក់​ប៉ើង​រថយន្ត​នៅ​តាម​ដង​វិថី​នៃ​ទីក្រុង​សេល​ម៉ា​(Selma)​។​

​អាជ្ញាធរ​បាន​និយាយថា ទំហំ​នៃ​ការខូចខាតកាន់តែច្បាស់ ព្រមទាំង​ការរុករក​ជនរងគ្រោះ​បន្ថែម​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ​នៅពេល​អាកាស​បានល្អ​ឡើងវិញ​។​

​បន្ទាប់​ពី​ព្យុះ​ថម​ថយកម្លាំង​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ មនុស្ស​រាប់​ម៉ឺន​នាក់​បាន​គ្មាន​ចរន្តអគ្គិសនី​ប្រើ​នៅ​ទូ​ទាំង​រដ្ឋ​ពីរ​ខាងលើ​។​

​អ្នកស្លាប់​ប្រាំមួយ​នាក់​ស្ថិត​នៅក្នុង​ខណ្ឌអ័​រថរ​ហ្កា ខោ​ន​ធី​(Autauga County)​ក្នុង​រដ្ឋ​អា​ឡា​បា​ម៉ា កន្លែង​ដែល​ផ្ទះ​ប្រមាណ​៤០​ត្រូវ​បំផ្លាញ​ដោយ​ខ្យល់កួច​នៅ​សហគមន៍​ចំនួន​ពីរ​។​មនុស្ស​យ៉ាង​តិច​១២​នាក់​ក៏​បាន​រងរបួស​ធ្ងន់​នៅទីនេះ​។​

​នៅ​ច​ច​ជៀ អ្នកដំណើរ​ម្នាក់​បាន​ស្លាប់​នៅ​ពេល​ដើមឈើ​មួយ​បាក់​សង្កត់​លើ​រថយន្ត​​។​

​កម្មករ​រើ​មែកឈើ​ចេញពី​ផ្លូវដែក​ក្រោយ​ខ្យល់កួច​មួយ​វាយប្រហារ​នៅ​ក្រុង​សេល​ម៉ា ក្នុង​រដ្ឋ​អា​ឡា​បា​ម៉ា​

​រថយន្ត​និង​ផ្ទះ​ត្រូវ​បំផ្លាញ​ដោយ​ព្យុះ​នៅ​អា​ឡា​បា​ម៉ា​

​នៅពេល​ភាគខាងត្បូង​រង​ការវាយប្រហារ​ដោយ​ព្យុះ បណ្តា​រដ្ឋ​ភាគ​ខាងលិច​អាម៉េរិក​ក៏​កំពុង​ជួប​ការ​ធ្លាក់ភ្លៀង​ខ្លាំង​ចាប់ពីថ្ងៃ​សុក្រ​ដល់​ចុង​សប្តាហ៍ ខណៈ​តំបន់​នេះជួប​ការធ្លាក់​ព្រិល​យ៉ាង​ជោគជាំ​រួចហើយ​។​

​រដ្ឋ​កាលីហ្វ័​រញ៉ាបាន​និង​កំពុងជួបការ​ធ្លាក់ភ្លៀ​ងអស់​ពេល​រាប់​សប្តាហ៍​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​១៩​នាក់ បង្ក​ការ​លិច​លង់សហគមន៍ រំលំ​បង្គោល​ភ្លើង​និង​គំរាម​ការបា​ក់ដី​សង្កត់​។​

​ពួក​អ្នក​ព្យាករណ៍​អាកាសធាតុ​ឥឡូវ​និយាយថា ព្យុះ​ស៊ីក្លូន​មួយ​ដំបូង​ក្នុងចំណោម​ពីរ​កំពុង​វិលខ្ញាល់​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​និង​បក់​សំដៅ​ឆ្នេរ​ខាងលិច​អាម៉េរិក​ដោយ​នាំ​ទឹកភ្លៀង​ហួស​ទៅ​កាន់​ភាគ​ខាង​​ជើង​ចាប់ពី​កាលីហ្វ័​រញ៉ា ដល់​រដ្ឋ​អូ​រេ​ហ្គឹ​ន​(Oregon)​និង​វ៉ាស៊ីនតោន​។​

​ការព្រមាន​អំពី​ការបាក់​ទឹកកក​សង្កត់​ធ្វើឡើង​នៅ​រដ្ឋ​វ៉ាស៊ីនតោន ខណៈ​ព្យុះ​នឹង​នាំ​ទឹកភ្លៀង និង​ការធ្លាក់​ព្រិល​ខ្លាំង​ឡើង​នៅ​តាម​តំបន់ភ្នំ​។​

​នៅ​កាលីហ្វ័រ​ញ៉ា​ខាងជើង គេ​ព្យាករណ៍​ថា​ព្រិល​កំរាស់​១,៨​ម៉ែត្រ​នឹង​ធ្លាក់​នៅ​តាម​តំបន់ភ្នំ​រវាង​ថ្ងៃ​សុក្រ និង​អង្គារ​សប្តាហ៍​ក្រោយ​។​

​ក្រុង​សាន់ ហ្វ្រា​ន​ស៊ី​ស្កូ ក៏​ជួប​ការ​ធ្លាក់ភ្លៀង​ខ្លាំង​ជាង​ពេល​ណា​ទាំងអស់​ក្នុង​រយៈពេល​១៥០​ឆ្នាំ​មកនេះ ៕

​យ៉ាងហោចណាស់​១៩​នាក់​ស្លាប់​ដោយ​ព្យុះ និង​ទឹកជំនន់​នៅ​ភាគ​ខាងលិច​អាម៉េរិក ជាពិសេស​កាលីហ្វ័​រញ៉ា​