ដោយ:ពៅនិមល/ភ្នំពេញ៖ គិតក្នុងរយៈពេលជាង១ឆ្នាំកន្លងនៃការអនុវត្តយុទ្ធនាការប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមស្លាកលេខផ្សេងៗ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានគៀងគរចំណូលចំនួនសរុបប្រមាណជាង ១០៦លានដុល្លាអាម៉េរិក។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បើកសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញពីលទ្ធផលបិទបញ្ចប់នៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស (រូបភាព៖ ពៅនិមល)

នៅក្នុងសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញពីលទ្ធផលបិទបញ្ចប់នៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣កន្លងទៅ លោកបណ្ឌិត គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ថា គិតមកដល់ពេលនេះ ការប្រមូលចំណូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់ទូទាំងកម្ពុជា បានចំនួនជាង ១ម៉ឺន ៨ពាន់គ្រឿង គិតជាទឹកប្រាក់សរុបប្រមាណជាង ១០៦លានដុល្លារអាម៉េរិក។ លោកបានរៀបរាបថា ក្នុងយុទ្ធនាការដំណាក់កាលទី១ មានរថយន្តសរុបចំនួន ៩ ៧៥៣គ្រឿង បានមកបំពេញកាតព្វកិច្ចពន្ធ និងកក់ប្រាក់ ដោយទទួលបានចំណូលប្រមាណជាង ៧៦លានដុល្លារ។ ចំណែកក្នុងយុទ្ធការដំណាក់កាលទី២ ដែលចាប់ផ្តើមពីថ្ងៃ៧ ដល់ថ្ងៃទី៣១ ខែកក្កដា និងបានពន្យាពេលរហូតដល់ថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២២ គយប្រមូលពន្ធជាង ៣០លានដុល្លារពីរថយន្តចង្កូតស្តាំ និងចង្កូតឆ្វេង។ លោកឲ្យដឹងទៀតថា គិតមកដល់ថ្ងៃឱសាន ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានរថយន្តចំនួន ៧ ៩១០គ្រឿង ដែលម្ចាស់បានមកបំពេញកាតព្វកិច្ចពន្ធ ដោយប្រមូលបានថវិកាជាង ២៦លានដុល្លារ ដូច្នេះនៅសល់ ១ ៩៤៥គ្រឿងទៀតមិនបានមកបំពេញកាតព្វកិច្ចពន្ធទេ។

លោកបណ្ឌិត បានវាយតម្លៃយុទ្ធនាការប្រមូលពន្ធពីរថយន្តដែលគ្មានពន្ធទាំងពីរដំណាក់កាលនេះថា ជាជោគជ័យមួយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានប្រមូលចំណូលចូលរដ្ឋ ពោលគឺយុទ្ធនាការនេះ ចំណេញទាំងអស់គ្នា ដោយរដ្ឋទទួលបានចំណូល ចំណែកអ្នកកាន់កាប់រថយន្តខុសច្បាប់ ទទួលបាននូវការប្រើប្រាស់រថយន្តដែលស្របច្បាប់វិញ។ ទន្ទឹមនេះ អគ្គនាយកដ្ឋានគយ នឹងបង្កើនការបង្រ្កាបដូចភ្លៀងរលឹមលើរថយន្តគ្មានពន្ធ និងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ទប់ស្កាត់លើការនាំចូលរថយន្តខុសច្បាប់៕/R

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បើកសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញពីលទ្ធផលបិទបញ្ចប់នៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស (រូបភាព៖ ពៅនិមល)