ដោយៈប.ខុន/ភ្នំពេញៈទឹកស្ទឹងព្រែកត្នោតនៅពាមឃ្លៃដែលបានឡើងហួសពីកម្រិតត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្នកាលពីព្រឹកមិញនោះ នៅរសៀលនេះបានស្រកចុះបន្តិចវិញហើយ តែ ទឹកនៅរលាំងជ្រៃដែលឡើងលើសកម្រិតប្រកាសឱ្យមានការប្រុងប្រយ័ត្ន០,៣៧ម៉ែត្រនោះមិនទាន់ស្រកនៅឡើយទេ ខណៈតំបន់ទំនាបសងខាងស្ទឹងព្រែកត្នោតក្នុងច្បារ មនកំពុងរងការលិចលង់យ៉ាងជ្រៅនៅថ្ងៃទី១៣ខែមករានេះកើនោឡើងថែមបន្តិចទៀត។

លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅរសៀលថ្ងៃទី១៣ខែមករាឆ្នាំ២០២៣ថាស្ថានភាពទឹកស្ទឹង ព្រៃកត្នោតនៅពាមឃ្លៃនាវេលាម៉ោង៤ល្ងាចនេះបានស្រកមកនៅកម្ពស់៧,១៥ម៉ែត្រ ទាបជាកាលពីពេលព្រឹក០,៦៥ម៉ែត្រ(កម្ពស់ប្រុងប្រយ័ត្ន៧,៨០ម៉ែត្រ)នៅរលាំងជ្រៃទឹកមានកម្ពស់៧,៨៧ម៉ែត្រស្មើកម្ពស់ទឹកកាលពីពេលព្រឹក(កម្ពស់ត្រូវប្រុងប្រយ័ត្ន៧,៥០ម៉ែត្រ)តែទឹកស្ទឹងព្រែកត្នោតនៅប៉ែកខាងក្រោមទ្វារទឹករលាំងជ្រៃបានកើនឡើងបន្តិច ដោយសារចាល់ទឹកធ្លាក់មកពីចាន់ថ្នាល់នៅអូរក្រាំងអំបិល។ លោកប្រធានមន្ទីរខាងលើបាននិយាយឱ្យដឹងទៀតថាទ្វារទឹកទាំង៥នៅរលាំងជ្រៃបន្តបើកដដែលដោយមួយទ្វារកម្ពស់៧ម៉ែត្រ ពីរទ្វារកម្ពស់៦ម៉ែត្រ សម្រាប់ទ្វារនី មួយៗនិងពីរទៀតកម្ពស់៥ម៉ែត្រសម្រាប់ទ្វារនីមួយៗ ។ ពេលនេះយើងមិនទាន់អាចទម្លាក់ទ្វារចុះឬលើកទ្វារទឹកឡើងថែមទៀតបានទេ បើទម្លាក់ទ្វារ ចុះបន្តិចនឹងធ្វើឱ្យមានការលិចលង់នៅតំបន់ខាងលើទំនប់រលាំងជ្រៃនិងបើកទ្វារទឹកបន្ថែមបន្តិចទៀតនឹងធ្វើឱ្យទឹកលិចតាមបណ្តោយស្ទឹងព្រែកត្នោតនៅប៉ែកខាងក្រោមនិងធ្វើ ឱ្យទឹកស្ទឹងព្រែកត្នោតនៅទំនប់៧មករាជន់ឡើងខ្លាំង។ លោក ញ៉ាញ់ ជាបហ៊ង បានបញ្ជាក់ថាការបើកទ្វារទឹកទាំង៥ដោយមានកម្ពស់ខុសគ្នានេះ បានធ្វើឱ្យមានការលិចលង់ភូមិដ្ឋាននៅតំបន់ទំនាបសងខាងដងស្ទឹងនិង នៅ ប៉ែកខាងក្រោមចាន់ថ្នាលក៏មានការលិចលង់ច្រើនដោយលិចក្នុងជម្រៅជ្រៅមិនងាយស្រកអស់។ចំណែកទឹកជំនន់នៅអាងអន្លង់ជ្រៃបានស្រកអស់និងបិទទ្វារទឹកវិញហើយ។ រដ្ឋបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី១៣ខែមករាឆ្នាំ២០២៣បានជូនដំណឹងស្តីពីការបើកទ្វារទឹករលាំងជ្រៃស្ថិតនៅក្នុងខេត្តកំពង់ស្ពឺថា ដោយមានភ្លៀងធ្លាក់យ៉ាងច្រើនជាបន្តបន្ទាប់រយៈពេលប៉ុន្មានថ្ងៃមកនេះនៅផ្នែកខាងលើធ្វើឱ្យកម្រិតកម្ពស់ទឹកនៅទ្វារទឹករលាំងជ្រៃស្ថិតនៅឃុំកាហែងស្រុកសំរោងទងខេត្តកំពង់ស្ពឺតម្រូវឱ្យអាជ្ញាធរបើកទ្វាទឹកចំនួន៥ទ្វារជាបណ្តោះអាសន្នដើម្បីរំដោះទឹកចេញ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក វ៉ី សំណាង អភិបាលខេត្តនៅព្រឹកថ្ងៃទី១៣ខែមករាឆ្នាំ២០២៣បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅសង្កាត់កណ្ដោលដុំក្រុងច្បារមន ដែលបង្កឲ្យមានផលប៉ះពាល់ ដល់ហេដ្ឋារចនាសម័ន្ធផ្លូវថ្នល់ផលដំណាំផ្សេងៗស្ថិតនៅក្នុងភូមិថ្មី ភូមិកោះវៀន សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ នៅក្នុងឱកាសខាងលើលោក វ៉ី សំណាង បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ពីទឹកជំនន់នេះត្រូវខិតខំថែរក្សាសុខភាពនិងមានការ ប្រុងប្រយ័ត្នខ្ពស់ចំពោះ កូនចៅតូចៗ ខ្លាចលង់ទឹកដោយប្រការផ្សេងៗ ដែល អាចបណ្តាលឲ្យបាត់បង់អាយុជីវិត។ លោកអភិបាលខេត្តក៏បានណែនាំឲ្យអាជ្ញាធរដែនីត្រូវចុះជួយប្រជាពលរដ្ឋ ដែលលិចលង់ផ្ទះសម្បែង ឱ្យបានមកកាន់ទីទួល មានសុវត្ថិភាព បណ្តោះអាសន្ន សិន ទម្រាំ ទឹក ស្រក វឹល ត្រឡប់ ទៅ កាន់ លំនៅឋាន វិញ និង ត្រូវ ចាត់ ចែង កងកម្លំាង ការពារ សន្តិសុខ សុវត្ថិភាព ជូនជូនពួកគាត់ឲ្យបានល្អ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៣ខែមករាថាទឹកស្ទឹងព្រែកត្នោតនៅប៉ែក ខាងលើអាចបន្តឡើងថែមបន្តិចទៀតហើយវានឹងស្រកចុះវិញ ដោយសារក្រសួងបានចាត់វិធានការគ្រប់គ្រងទឹកបានត្រឹមត្រូវតាមបច្ចេកទេស និង ចាប់ពីថ្ងៃទី១៣មករាទៅលែងមានភ្លៀងច្រើនថែមមកទៀតហើយរហូតដល់ក្រោយថ្ងៃទី២០ខែមករា៕/R