ដោយ: បូកគោ / កំពត: ដោយសង្កេតឃើញអ្នកមកទទួលវ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ដូសទី៥ និងដូសទី៦ ហាក់មានភាពយឺតយ៉ាវនោះ មន្ត្រីសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មកចាក់វ៉ាក់សាំងដូសជំរុញ ឲ្យបានគ្រប់ៗគ្នា។

លោក ស៊ីន ចូវ ប្រធានកម្មវិធីផ្តល់ថ្នាំបង្ការ នៃមន្ទីរសុខាភិបាលខេត្តកំពត បានប្រាប់ឲ្យដឹងថាៈ យុទ្ធនាការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ តាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងខេត្ត នៅតែបន្តធ្វើជាធម្មតា រៀងរាល់ថ្ងៃ។ ចំណែកការផ្តល់ជូនដូសទី៦ បានចាប់ផ្តើមតាំងពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ប៉ុន្តែអ្នកដែលមកទទួលវ៉ាក់សាំង មានចំនួនតិចតួចនៅឡើយ។ លោកប្រធាន បានបញ្ជាក់ថាៈ ការចាក់វ៉ាក់សាំងម្តង មានប្រសិទ្ធភាព អាចការពារ ជំងឺ ចន្លោះពី ៣ ខែ ទៅ ៦ ខែប៉ុណ្ណោះ។ ក្រោយមក​ភាពស៊ាំក្នុងខ្លួន នឹងចុះខ្សោយ ដែលតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋ វិលមកទទួលវ៉ាក់សាំង ដូសជំរុញបន្តទៀត ទើបអាចការពារកូវីដ-១៩ បាន ខណៈដែលបច្ចុប្បន្នជំងឺនេះបាន និងកំពុងវិវត្តន៍ខ្លួន​ជាច្រើនប្រភេទ។

លោក ហូង ឃួយ រស់នៅសង្កាត់កំពង់បាយ ក្រុងកំពត បានប្រាប់ឲ្យដឹងថាៈ ការមកទទួលវ៉ាក់សាំងដូសជំរុញ ពិតជាមានសារសំខាន់ ក្នុងកិច្ចការពារសុខភាព ពិសេសបញ្ចៀស ពីជំងឺកូវីដ-១៩។ ដូច្នេះលោកអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ សូមមកទទួលវ៉ាក់សាំងដូសជំរុញ ឲ្យបានគ្រប់គ្នា ដើម្បីក្តីសុខផ្ទាល់ខ្លួន ក្រុមគ្រួសារ និងអ្នកដទៃ។

របាយការណ៍អំពីលទ្ធផល នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋខេត្តកំពត គិតត្រឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ រួមមាន ដូសទីមួយ ពីអាយុ ៣ ឆ្នាំឡើង បានជាង ៥៥ ម៉ឺននាក់ ស្មើនឹង ១០៤ ភាគរយ នៃប្រជាពលរដ្ឋសរុបដែលត្រូវចាក់។ ដូសទីពីរ បានជាង ៥២ ម៉ឺននាក់ ដូសទីបី បានជាង ៣៤ ម៉ឺននាក់ ដូសទីបួន បានជាង ១២ ម៉ឺននាក់ ដូសទីប្រាំ ពីអាយុ ៥ឆ្នាំឡើង ជាង ២ ម៉ឺនាក់ និងដូសទីប្រាំមួយ ពីអាយុ១៨ឆ្នាំឡើង ទើបតែចាក់បាន ៧១ នាក់ប៉ុណ្ណោះ៕/V/R