ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ការប្រកួត​ស៊ីសាច់ហុតឈាម​គ្នា​រវាង Man U និង Man City នឹង​ធ្វើឡើង​នៅ​ក្បាល​ព្រលប់​ថ្ងៃ​សៅរ៍​នេះ​ក្នុងពេល​ដែល​ក្រុម​មេឃ​ខៀវ​ត្រូវការ​ឈ្នះ​ជាខ្លាំង​ដើម្បី​​ដេញ​តាម​ពិន្ទុ​របស់ Arsenal ស្រប​ពេល​ដូចគ្នានេះដែរ ក្រុម​ហង្ស​ក្រហម Liverpool ដែល​កំពុង​យ៉ាប់យឺន នឹង​ធ្វើដំណើរ​ទៅសួរសុខទុក្ខ Brighton​ដែល​ហាក់​មាន​ទម្រង់​លេង​ប្រដម​ប្រស​ង​ជា​​មួយ​ហង្ស​ក្រហម​នាពេល​បច្ចុប្បន្ន​ដែរ​។

​ដោយឡែក​នៅ​ថ្ងៃអាទិត្យ ក្រុម​នាំ​មុខកំពូល​តារាង Arsenal នឹង​ធ្វើដំណើរ​ទៅ​ទឹកដី Spurs ក្នុង​ទីក្រុង​ឡុង​ដ៍​រួមគ្នា​ដោយ​រំពឹង​ដណ្តើមយក​បី​ពិន្ទុ​ឱ្យខាងតែបាន​ដើម្បី​រក្សា​ចំណាត់ថ្នាក់​លេខ​១​របស់​​ខ្លួន​។

– Man U vs Man City

* City បានឈ្នះ​ការប្រកួត​ទាំង ៤ របស់​ពួកគេ​នៅ​រដូវ​កាល​នេះ បន្ទាប់​ពី​ចាញ់​។​
* City បានឈ្នះ ៣ លើកចុងក្រោយ​ក្នុងជំនួប​ជាមួយ Man U​។​
* Man U មិនទាន់​លេង​ប៉ះ​ក្រុម​ពាក់កណ្តាល​កំពូល​តារាង​នៅឡើយ​ទេ ចាប់​តាំងពីវើ​លខាប់​។​

​ក្រុម​បិសាច​ក្រហម Manchester United មាន​ទម្រង់​លេង​ល្អ​អស្ចារ្យ ចាប់តាំងពី​ការ​សម្រាក​វើល​ខា​ប់ ដោយ​ទទួល​ជ័យជម្នះ​៦​លើក​ក្នុង​គ្រប់​ការប្រកួត​ទាំងអស់ នៅ​មុន​ជំនួប Manchester Derby នៅ​ក្បាល​ព្រលប់​ថ្ងៃ​សៅរ៍​នេះ​សម្រាប់​ការប្រកួត Premier League ។​

Man City កំពុង​សម្លឹង​ត្រឡប់​មក​រក​ជ័យជម្នះ​វិញ​បន្ទាប់​ពី​ធ្លាក់​ចេញពី EFL Cup យ៉ាង​ខកចិត្ត​ក្រោម​ស្នាដៃ Southampton ។ អ្នក​ចាត់ការ​ទូទៅ​លោក Pep Guardiola បានជ្រើសរើស​កីឡាករ​បម្រុង​សម្រាប់​ការប្រកួត​នោះ ព្រោះ​តែ​ត្រូវ​ទុក​ជើង​សម្រាប់​ជំនួប​ដ៏​សំខាន់​ថ្ងៃ​សៅរ៍​នេះ ប៉ុន្តែ​កីឡាករ Erling Haaland និង Kevin De Bruyne ពិតជា​បាន​ចូល​លេង​នៅ​ប៉ុន្មាន​នាទី​ដ៏​សំខាន់​ក្នុង​តង់​ទី​ពីរ ហើយ​ពួកគេ​នៅតែ​មិន​អាច​ស៊ុត​ចូល​ទី​។​

​ក្រុម​ភ្ញៀវ​មាន​ប្រវត្តិ​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​រហូត​នៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ ដោយ​ឈ្នះ​៣​លើកចុងក្រោយ​ជាមួយនឹង​ពិន្ទុ​សរុប ១២-៣ ហើយ​ក្រុម​មេឃ​ខៀវ​ទំនងជា​នឹង​បញ្ចប់​ទម្រង់​លេង​ដ៏​ល្អ​ដូច​ផ្កា​របស់ United នៅ​ថ្ងៃ​សៅរ៍​នេះ​។​

​ការ​ចាញ់ Southampton គ្រាន់តែ​ជា​បរាជ័យ​លើក​ទី ៤ របស់ Man City ក្នុង​រដូវ​កាល​នេះ​នៅ​គ្រប់​ការប្រកួត​ទាំងអស់ (​រួមទាំង Community Shield) ហើយ​ពួកគេ​តែង​ឈ្នះ​គ្រប់​ការប្រកួត​ទាំងអស់​បន្ទាប់ពី​បរាជ័យ​នីមួយៗ​។​

​ការ​ឈ្នះ​ច្រើន​ប្រកួត​ជាប់ៗ​គ្នា​របស់ Man Utd ប្រហែលជា​អាច​ធ្វើឱ្យ​មជ្ឈដ្ឋាន​ទូទៅ​យល់ច្រឡំ ព្រោះ​ពួកគេ​មិនទាន់​ប៉ះ​ក្រុម​មក​ពី​ពាក់កណ្តាល​កំពូល​តារាង Premier League នៅឡើយ​ទេ​ក្នុងអំឡុង​ដំណើរការ​នោះ ហើយ​ការទទួល​ជ័យជម្នះ​ចំនួន​ពីរ​ក្នុងចំណោម​នោះ​គឺ​កើត​ឡើង​លើ​គូ​ប្រជែង​ខ្សោយៗ​នៅក្នុង​ការប្រកួត​ខាប់​។​

Man City បានឈ្នះ​ជំនួប​ជើង​ទីមួយ ៦-៣ កាលពី​ខែ​តុលា ដោយសារ​ការ​ស៊ុត​ចូល Hat-trick របស់ Erling Haaland ហើយ​ពួកគេ​អាច​ឈ្នះ​ម្តង​ទៀត​លើ Man U បើទោះបីជា​លេង​នៅ​ទឹកដី Old Trafford ក៏ដោយ​។​

​លទ្ធផល​ព្យាករណ៍ Man City ឈ្នះ ៣-២​។​

– Brighton vs Liverpool

* ជំនួប​ជើង​ទី​មួយ​បាន​បញ្ចប់​ក្នុង​លទ្ធផល ៣-៣​។​
* ការប្រកួត​ទាំង ៥ របស់ Liverpool ក្រោយ​វើល​ខាប់ គឺ​តែង​មាន​ការ​ស៊ុត​ចូលគ្នា​ទៅវិញទៅមក​។​
* ៩ ប្រកួត​នៃ ១០ ប្រកួត​ចុងក្រោយ​របស់ Brighton គឺ​មាន​ការ​ស៊ុត​ចូល​គ្នា​ទៅវិញទៅមក​។​

Liverpool និង Brighton បាន​លេង​ស្មើគ្នា ៣-៣ យ៉ាង​រំភើប នៅ​ពេល​ពួកគេ​ជួប​គ្នា​ក្នុងជំនួប​ជើង​ទីមួយ​កាលពី​ខែ​តុលា ហើយ​យើង​អាច​នឹង​ឃើញ​ការប្រកួត​ដ៏​ល្អមើល​មួយ​ផ្សេងទៀត​នៅ​ពេល​ពួកគេ​ប៉ះគ្នា​នៅ​ឆ្នេរ​ភាគខាងត្បូង​អង់គ្លេស​នៅ​ថ្ងៃ​សៅរ៍​នេះ​។​

​ការប្រកួត​ស្មើ​នោះ​គឺជា​ការប្រកួត​ដំបូង​របស់​លោក Roberto De Zerbi ដែល​ជំនួស​លោក Graham Potter ហើយ​គាត់​ត្រូវ​រង់ចាំ​ពីរ​បី​សប្តាហ៍​ទម្រាំ​ឈ្នះ​លើកដំបូង ប៉ុន្តែ Brighton ចូល​មក​ប្រកួត​នេះ​ក្នុង​ទម្រង់​លេង​ដ៏​ល្អ​ដូច​ផ្កា​ជាមួយ​នឹង​ជ័យជម្នះ​៣​លើក​ក្នុងចំណោម​៤​លើក​ចុងក្រោយ​របស់​ពួកគេ​។​

Liverpool ចូលមក​ក្នុង​ការប្រកួត​នេះ​ដើម្បី​ឈ្នះ​ដើម្បី​បន្ត​ប្រមាញ់​ចំណាត់ថ្នាក់​កំពូល​ទាំង​បួន​របស់​ពួកគេ ប៉ុន្តែ​កីឡដ្ឋាន Amex ជា​ទូទៅ​គឺ​ជា​កន្លែង​ដ៏​លំបាក​សម្រាប់​ក្រុម​ភ្ញៀវ​ទាំងឡាយ​។​

Brighton រក្សា Clean Sheet ៤​ដង​ក្នុង ៧ ប្រកួត​នៅ​ដើម​រដូវ​កាល​នេះ​ក្រោម​ការដឹកនាំ​របស់​លោក Potter ប៉ុន្តែ​ពួកគេ​ការពារ​ខ្សោយ​ចាប់តាំងពី​លោក De Zerbi ចូលកាន់​តំណែង​។​

​ក្រុម​រំពេរ​សមុទ្រ​នេះ​ទើបតែ​បិទ​ទល់​នឹង​សូន្យ​បាន ២ ដង​ប៉ុណ្ណោះ​ក្នុង ១៤ ប្រកួត​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ ប៉ុន្តែ​ពួកគេ​ក៏​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ដែរ ដោយ​បាន​របូត​គ្រាប់​បាល់​ទៅវិញទៅមក ៩ ដង​ក្នុង​ចំណោម ១០ ប្រកួត​ចុងក្រោយ​របស់​ពួកគេ​។​

​ក្រុម​ហង្ស​ក្រម Liverpool ក៏​មិន​ណ​យ​ដែរ ដោយ​របូត​គ្រាប់​បាល់​ទៅវិញទៅមក ១០ លើក​ក្នុងចំណោម ១១ ប្រកួត​ចុងក្រោយ​របស់​ពួកគេ​។​

​ដូច្នេះ​ក្រុម​ទាំងពីរ​មានលទ្ធភាព​ស្មើគ្នា​ខ្ពស់​ណាស់​សម្រាប់​ថ្ងៃ​សៅរ៍​នេះ​។ លទ្ធផល​ទស្សនទាយ ២-២​។​

– Tottenham vs Arsenal

* Arsenal ឈ្នះ ១៤ លើក​ក្នុង ១៧ ប្រកួត​នៅ Premier League​។​
* ក្រុម​កាំភ្លើង​ធំ​បាន​ឈ្នះ​ការប្រកួត​ជើង​ទីមួយ ៣-១​។​
* Tottenham ទើប​តែ​ឈ្នះ​២​លើក​ក្នុង ៦ ប្រកួត​ចុងក្រោយ​នៅក្នុង​ផ្ទះ​។​

​ក្រុម​កំពូល​តារាង Arsenal នឹង​លេង​នៅ​ទឹកដី​របស់​ក្រុម​ប្រជែង​តំណែង​កំពូល​តារាង​ទាំង​បួន Tottenham នៅ​ថ្ងៃអាទិត្យ​សម្រាប់​ជំនួប Derby នៅ​ភាគ​ខាងជើង​ក្រុង​ឡុង​ដ៍​។​

​ក្រុម​កាំភ្លើង​ធំ​បាន​ឈ្នះ​ការប្រកួត​ជើង​ទីមួយ ៣-១ នៅ​ដើមរដូវ​កាល​នេះ ហើយ​ត្រូវការ​៣​ពិន្ទុ​ពេញ​ដើម្បី​រក្សា​ការ​នាំមុខ ៥ ពិន្ទុ​លើ​គូប្រជែង​ជិត​បំផុត​គឺ Manchester City ខណៈ Spurs ត្រូវការ ៣ ពិន្ទុ​ដូចគ្នា ខណៈ​ពួកគេ​ព្យាយាម​ប្រជែង​តំណែង​កំពូល​ទាំង​បួន​។​

Arsenal បានឃើញ​ការ​ឈ្នះ ៥ ប្រកួត​ក្នុង​លី​ក​បញ្ចប់​ក្រោម​ថ្វីដៃ Newcastle កាល​ពី​ជំនួប​ចុងក្រោយ ខណៈ​ពួកគេ​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ នៅ​កីឡដ្ឋាន Emirates ប៉ុន្តែ​ក្រោយមក​ពួកគេ​បាន​ទម្លាក់ Oxford ក្នុង FA Cup ជាមួយ​នឹង​ជ័យជម្នះ ៣-០​។​

​កូនក្រុម​របស់លោក Mikel Arteta ស៊យ​មិន​អាច​លេង​ឈ្នះ Newcastle ប៉ុន្តែ​ពួកគេ​អាច​វិល​ទៅរក​វិថី​ឈ្នះៗ​វិញ​ទល់នឹង Spurs នៅ​ថ្ងៃអាទិត្យ ព្រោះ​ក្រុម​ម្ចាស់ផ្ទះ​កំពុង​លេង​ឡើង​ចុះ​មិន​ទៀង​។​

Tottenham បាន​ឈ្នះ​តែ​ម្តង​គត់​ក្នុងចំណោម​៤​ប្រកួត​ចុងក្រោយ​នៅក្នុង​ផ្ទះ ដោយ​ចាញ់ Newcastle, Liverpool និង Aston Villa ហើយ Spurs បានដាក់​ឈុត​ខ្លាំង​បំផុត​ដោយ​បាន​យក​ឈ្នះ​ត្រឹម ១-០ លើ Portsmouth ក្នុង FA Cup​។​

Spurs លេង​មិន​ស៊ីចង្វាក់​គ្នា​ទេ ហើយ​ការ​ឈ្នះ​សម្រាប់ Arsenal គឺជា​លទ្ធភាព​អាច​កើត​ឡើង​ខ្ពស់​បំផុត​សម្រាប់​ថ្ងៃអាទិត្យ​នេះ​។​

​លទ្ធផល​ទស្សនទាយ Arsenal ឈ្នះ ២-១៕

Man City ត្រូវការ​ឈ្នះ Man U ជាដាច់ខាត​ដើម្បី​ប្រដេញ​ពិន្ទុ​ជាមួយ Arsenal