ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ រដ្ឋបាល ខេត្តបន្ទាយមានជ័យ និងអង្គការទស្សន: ពិភពលោក (World Vision) ពិភាក្សាពីលទ្ធផល កន្លងមក និងផែនការគម្រោងបន្តឆ្នាំ២០២៣ របស់ដៃគូអភិវឌ្ឍន៍ពហុភាគីធំបង្អស់ទី៣ នៅខេត្តនេះ។

កិច្ចប្រជុំពិភាក្សានោះ ដឹកនាំដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យនិងមានចូលរួមដោយលោកស្រី ងួន សុភ័ណ្ឌ ប្រធានតំបន់នៃអង្គការទស្សន:ពិភពលោក (World Vision) ប្រចាំខេត្តបន្ទាយមានជ័យ បាត់ដំបង ព្រមទាំងប្រធាននៃកម្មវិធីនានារបស់គម្រោង ប្រធាន អនុប្រធានមន្ទូីរ អង្គភាព អភិបាល អភិបាលរង ស្រុក ក្រុង គោលដៅ ។

យោងមន្ត្រីដែលចូលរួមកិច្ចប្រជុំពិភាក្សានោះបានប្រាប់កាសែតរស្មីកម្ពុជា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ថា: កិច្ចប្រជុំពិភាក្សា បានផ្តោតលើៈ ១-ការកសាងទំនាក់ទំនង និងកិច្ចសហការគាំទ្រគម្រោង រវាងអង្គការទស្សន:ពិភពលោក (World Vision) និងថ្នាក់ដឹកនាំខេត្ត មន្ទូីរ ស្រុក ក្រុង ឃុំ។
២-រាយការណ៍ ជូនពីសមិទ្ធផលនានា ដែលសម្រេចបានរបស់គម្រោងនិមួយៗ នៃអង្គការក្នុងឆ្នាំ២០២២ និងផែនការអនុវត្តបន្តឆ្នាំ២០២៣ និងសុំការបន្តបង្កលក្ខណ: ងាយស្រួលអនុវត្តបន្ត ក្នុងសកម្មភាពរបស់ដៃគូអភិវឌ្ឍន៍ ឆ្លើយតបដល់សហគមន៍ ។

ក្នុងឱកាសនោះ លោកស្រី ងួន សុភ័ណ្ឌ បានរំលឹកពីទស្សន:វិស័យ និងបេសកកម្មរបស់អង្គការដៃគូគ្រឹស្ទបរិស័ទអន្តរជាតិមួយនេះ និងយុទ្ធសាស្ត្រដែលចាប់ផ្តើមបំពេញការងារ នៅប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៧០ មក ហើយធ្វើការសហការជិតស្និទ្ធ ជាមួយរដ្ឋាភិបាល ដៃគូក្នុងស្រុក និងក្រុមសហគមន៍ ដើម្បីសុខុមាលភាពកុមារកម្ពុជា ពិសេសកុមារងាយរងគ្រោះបំផុត ក្នុងកម្មវិធីអាហារូបត្ថម្ភ កម្មវិធីអប់រំ កម្មវិធីការពារកុមារ និងការចូលរួម ។
ដៃគូអភិវឌ្ឍន៍គ្រឺស្ទាននេះ បានការគាំទ្រមូលនិធីពីប្រទេសជប៉ុន ហុងកុង សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ក្នុងនោះ បានផ្តល់ទៅអ្នកទទួលផល នាឆ្នាំកន្លងមក ជាង ២ លានដុល្លារអាមេរិក ក្នុងខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាសនោះដែរ ប្រធានកម្មវិធីនិមួយៗ បានបង្ហាញពីសមិទ្ធផលប្រចាំឆ្នាំ២០២២ កន្លងមកលើកម្មវិធីនីមួយៗ មានកម្មវិធីកុមារទំនុកបំរុង , កម្មវិធីសុខភាពអាហារូបត្ថម្ភ និងអនាម័យទឹកស្អាត, កម្មវិធីអប់រំ “កុមារអានបានល្អ ” និង “កុមាររៀន កុមារចេះ ” កម្មវិធីកិច្ចការពារកុមារនិងការចូលរួម ហើយអង្គការ មានផែនទីយុទ្ធសាស្ត្រប្រតិបត្តិការ ៥ ឆ្នាំទៀត (២០២៣-២៧ ) នៅខេត្តបន្ទាយមានជ័យ ។

លោក ហ៊ឹល រ៉ាយ់ា អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណ និងកោតសរសើរអង្គការទស្សន:ពិភពលោក ដែលនៅតែជាអង្គការដៃគូអភិវឌ្ឍន៍ដ៏ធំមួយ ដែលនៅមានមូលនិធិ និងធ្វើសកម្មភាពយ៉ាងសកម្ម និងចំគោលដៅដែលអាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្ត ត្រូវការឱ្យរួមចំណែកអភិវឌ្ឍន៍មូលដ្ឋាន។

លោកបានបន្តថាៈ រដ្ឋបាលខេត្ត បន្តស្វាគមន៍សកម្មភាពរបស់អង្គការនេះ តែបានណែនាំឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកអង្គការ ធ្វើការដោយអព្យាក្រឹត្យ ហើយពេលបំពេញការងារតាមគោលដៅ ដើម្បីបានកិច្ចសហការ និងធានាសន្តិសុខ សុវត្ថិភាព ៕/V-PC