ដោយៈ ចាន់តូ / ភ្នំពេញៈ បុរសម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូសុខៗ ត្រូវបានរថយន្តព្រុស មួយគ្រឿង បុក ពីក្រោយពេញទំហឹង កាលពី វេលាម៉ោង ២និង១០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ
២០២៣ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បុរសរងគ្រោះនោះ មានឈ្មោះ សឺង សុខុន អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកឡានដឹកខ្សាច់ នៅក្នុងកោះពេជ្រ ស្នាក់នៅភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ មានស្រុកកំណើត នៅភូមិ ព្រៃពង្រ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

បុរសរងគ្រោះ ជិះម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1GN.1799 ចំណែកឯរថយន្តបង្កហេតុ ម៉ាកតូយ៉ូតា ព្រុស ពណ៌ស មិនចាំស្លាកលេខ បានបើករត់បាត់ ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយ គេឃើញបុរស ជាជនរងគ្រោះ ជិះម៉ូតូតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីខាងកើត ទៅខាងលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្ត តូយ៉ូតា ព្រុស ពណ៌ស មិនចាំស្លាកលេខ បើកយ៉ាងលឿន មកបុកម៉ូតូពីក្រោយ ពេញទំហឹង អូសជាច្រើនម៉ែត្រ បណ្ដាលឲ្យបុរសនោះ បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ក្រោយពីបុកហើយ រថយន្តតូយ៉ូតា ព្រុស ពណ៌ស នោះ បានបើកទៅទិសខាងលិច បត់ទៅទិសខាងជើង បាត់ស្រមោល។

តាមសម្ដីរៀបរាប់របស់ប្រពន្ធជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ប្ដីរបស់គាត់ ធ្វើការដឹកខ្សាច់នៅកោះពេជ្រ ហើយថែមម៉ោង រាល់យប់ម៉ោង ១:០០ បានចេញ មកផ្ទះ។ គាត់បានទូរស័ព្ទសួរនាំប្ដី ដល់ណាហើយ ស្រាប់តែមានអ្នកលើកទូរស័ព្ទ ប្រាប់ថា ប្ដីគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់ហើយ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ ចុះមកវាស់វែង យកម៉ូតូទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌសែនសុខ រង់ចាំស្រាវជ្រាវ រករថយន្តបង្ក ចាត់ការតាម ផ្លូវច្បាប់។ ចំណែកសព សមត្ថកិច្ច ធ្វើកំណត់ហេតុរួច ប្រគល់ឲ្យប្រពន្ធ ដឹកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕/V-PC