ដោយៈ ចាន់តូ / ភ្នំពេញ៖ ក្មេងប្រុសម្នាក់ ជាសិស្សសាលា ខណៈបើកម៉ូតូទៅ សាលា ជ្រុលទៅបុកខឿនសួនច្បារ ពេញទំហឹង បណ្តាលឱ្យដួលបោកក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែង នៅវេលាម៉ោង ៥និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវR៦ ក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្មេងប្រុសរងគ្រោះជាសិស្ស មានឈ្មោះ អន ម៉ូវម៉ុល្លា សុវឌ្ឍនា អាយុ ១៥ ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅម្តុំបុរីចំការដូង មានស្រុកកំណើត នៅភូមិបាវិតលើ ឃុំបាវិត ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញក្មេងប្រុសម្នាក់ ជាសិស្សសាលា បើកម៉ូតូម៉ាកហុងដា គុបជ្រុង ពណ៌ខៀវលាយស ពាក់ផ្លាកលេខ ភ្នំពេញ 1I-4642 បានធ្វើដំណើរតាមបណ្ដោយ ផ្លូវR៦ ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែរេចង្កូតជ្រុល ទៅបុកខឿនសួនច្បារ ពេញទំហឹង បណ្ដាលឱ្យដួលបោកក្បាលនឹងខឿន ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ច ចុះមកវាស់វែងយកម៉ូតូទៅរក្សាទុកជាបណ្តោះ អាសន្ន និងបានធ្វើកំណត់ហេតុរួចរាល់ ទើបទាក់ទងរកក្រុមគ្រួសារ ដើម្បីមកទទួលសព ៕/V-PC