ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ្វីៗទាំងអស់សឹងតែដំណើរទៅមុខយ៉ាងរលូនសម្រាប់ប្រធានាធិបតី ចូ បៃដិន នៅពេលគាត់បើកទំព័រឆ្នាំថ្មី។អត្រាគាំទ្ររបស់គាត់បានកំពុងកើនឡើង។ អតិផរណាបានធ្លាក់ចុះ។ ហើយខណៈដែលគណបក្សប្រជាធិបតេយ្យបានរួបរួមគ្នានៅពីក្រោយយុទ្ធនាការបោះឆ្នោតឡើងវិញរបស់គាត់ គណបក្សសាធារណរដ្ឋកំពុងមានសង្គ្រាមជាមួយគ្នាឯងបន្ទាប់ពីរដូវកាលបោះឆ្នោតពាក់កណ្តាលអាណត្តិដ៏ខកចិត្ត។
ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ទី១២មករា ទស្សនវិស័យនយោបាយរបស់លោកបៃដិនបានធ្លាក់ចូលក្នុងស្ថានភាពមិនច្បាស់លាស់បន្ថែមទៀត បន្ទាប់ពីអគ្គរដ្ឋអាជ្ញាលោក មឺរីក ហ្គាលែន (Merrick Garland) បានតែងតាំងទីប្រឹក្សាពិសេសមួយរូបដើម្បីស៊ើបអង្កេតការដោះស្រាយឯកសារសម្ងាត់របស់ប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យរូបនេះ។
សមាជិកគណបក្សប្រជាធិបតេយ្យជាច្រើនរូបបានទទួលស្គាល់ជាសាធារណៈនិងជាលក្ខណៈឯកជនថា ការវិវឌ្ឍដ៏គួរឱ្យភ្ញាក់ផ្អើលនេះគឺជាការរំខាននៅគ្រាដ៏មិនសមគួរបំផុត ក្នុងពេលដែលលោក ដូណាល់ ត្រាំ កំពុងច្របូកច្របល់ជាមួយក្តីក្តាំជាច្រើន។ អតីតប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋរូបនេះក៏កំពុងប្រឈមមុខនឹងទីប្រឹក្សាពិសេសដែរហើយបានស្ថិតក្រោមការស៊ើបអង្កេតព្រហ្មទណ្ឌសហព័ន្ធសម្រាប់ការដោះស្រាយឯកសារសម្ងាត់និងលទ្ធភាពការបំពានផ្សេងទៀតជាច្រើន។
មានភាពខុសគ្នាយ៉ាងសំខាន់រវាងករណីទាំងពីរ។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺថា មិនមានការលើកឡើងណាមួយថាលោកបៃដិនព្យាយាមរារាំងកុំឱ្យគេប្រមូលយកឯកសារនៅផ្ទះឬការិយាល័យរបស់គាត់ ឬការលើកឡើងថាគាត់បានដឹងអំពីវត្តមានឯកសារទាំងនោះទេ។ លោកត្រាំ ដែលកំពុងត្រូវបានស៊ើបអង្កេតសម្រាប់ការរារាំងអ្នកស៊ើបអង្កេតនោះ ក៏មាឯកសារសម្ងាត់ជាច្រើននៅក្នុងដៃរបស់គាត់ដែរ។
ប៉ុន្តែការតែងតាំងទីប្រឹក្សាពិសេសកាលពីថ្ងៃព្រហស្បតិ៍នៅតែជំរុញឱ្យមានភាពមិនប្រាកដប្រជាផ្នែកច្បាប់លើប្រធានាធិបតីកំពុងកាន់តំណែង ហើយអាចធ្វើឱ្យមានការជជែកដេញដោលឡើងវិញក្នុងចំណោមសមាជិកបក្សប្រជាធិបតេយ្យអំពីបំណងរបស់គាត់ក្នុងការស្វែងរកអាណត្តិទីពីរ។
លោក ជែមស៍ ខាវីល (James Carville) អ្នកយុទ្ធសាស្ត្រជើងចាស់របស់បក្សប្រជាធិបតេយ្យ បាននិយាយថា “គ្មាននរណាម្នាក់នឹងនិយាយថានេះជារឿងផ្តល់ប្រយោជន៍ទេ។វាពិតណាស់មិនមែនជារឿងល្អទេ”។
ខណៈអ្នកប្រជាធិបតេយ្យបានផ្លាស់ប្តូរទៅជាទម្រង់ការពារខ្លួន សមាជិកគណបក្សសាធារណរដ្ឋរបស់ត្រាំដែលជាគូប្រជែងក្នុងឆ្នាំ ២០២៤ បានទទួលស្គាល់ថាស្ថានភាពនៃការប្រកួតប្រជែងនាពេលខាងមុខបានផ្លាស់ប្តូរហើយ។
លោក ចន បូលតុន (John Bolton) ដែលបានបម្រើការជាទីប្រឹក្សាសន្តិសុខជាតិក្រោមការដឹកនាំរបស់លោកត្រាំនិងកំពុងពិចារណាប្រជែងតំណែងនៅសេតវិមានរបស់គណបក្សសាធារណរដ្ឋ បាននិយាយថា ត្រាំ “គឺជាបុរសដែលមានសំណាងបំផុតនៅក្នុងនយោបាយអាម៉េរិក។ រឿងនេះគួរតែអាចដកសិទ្ធិប្រជែងតំណែងប្រធានាធិបតីសម្រាប់អ្នកទាំងពីរបាន”។
ដូច្នេះការចាប់ផ្តើមរដូវកាលបោះឆ្នោតនឹងមានភាពរញ៉េរញ៉ៃ ដែលក្នុងនោះប្រធានាធិបតីអាម៉េរិកបច្ចុប្បន្ននិងអតីតប្រធានាធិបតីទាំងពីររូបកំពុងស្ថិតក្រោមការស៊ើបអង្កេតដោយទីប្រឹក្សាពិសេសដូចគ្នា ខណៈពួកគេត្រៀមប្រជែងតំណែងប្រធានាធិបតីក្នុងឆ្នាំ ២០២៤។ អ្នកបោះឆ្នោតជាច្រើននៅក្នុងគណបក្សទាំងពីរបានអំពាវនាវរួចហើយឱ្យថ្នាក់ដឹកនាំជំនាន់ថ្មីចេញមុខប្រជែងតំណែងប្រធានាធិបតី។ ការអំពាវនាវបែបនេះឥឡូវកំពុងមានសំឡេងឮខ្លាំងឡើង។
លោក ន័រមែន សូឡូម៉ុន (Norman Solomon) ជាអ្នកប្រជាធិបតេយ្យជឿនលឿនមួយរូប ដែលកំពុងដឹកនាំយុទ្ធនាការ Don’t Run Joe ដែលកំពុងដំណើរការការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ដើម្បីប្រឆាំងនឹងលោកបៃដិននៅក្នុងរដ្ឋសំខាន់ៗ បាននិយាយថា “នៅសមរភូមិនយោបាយ យុទ្ធនាការឆ្នាំ ២០២៤ របស់លោកបៃដិនគឺងាយរងគ្រោះណាស់។ អ្នកប្រជាធិបតេយ្យនិងប្រទេសទាំងមូលនឹងកាន់តែប្រសើរឡើងនៅឆ្នាំនេះនិងឆ្នាំក្រោយ ប្រសិនបើគាត់មិនឈរឈ្មោះប្រជែងតំណែងប្រធានាធិបតី”៕
លោកបៃដិនកំពុងស្ថិតក្រោមការស៊ើបអង្កេតក្រោយការរកឃើញឯកសារសម្ងាត់កាលពីលោកនៅជាអនុប្រធានាធិបតីនៅក្នុងទីកន្លែងឯកជនរបស់លោក។ច្បាប់អាម៉េរិកចែងថា ប្រធានាធិបតីឬអនុប្រធានាធិបតីត្រូវតែប្រគល់ឯកសារផ្ទាល់ខ្លួនទៅកាន់ប័ណ្ណសារជាតិក្រោយឈប់កាន់តំណែង
ទាំងត្រាំ និងបៃដិន ឥឡូវប្រឈមការបាត់បង់ឳកាសឈរឈ្មោះសំរាប់តំណែងប្រធានាធិបតីជាថ្មី