ដោយៈ សុវណ្ណកុម្ភៈ/ភ្នំពេញៈ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ សហព័ន្ធកីឡាឪនសគ្គកម្ពុជាត្រូវបានបង្កើតឡើងក្រោមការចូលរួមជាសាក្សីពីសំណាក់លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានិងលោកឧត្តមសេនីយ៍ឯក តែម ម៉ឹន អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ប្រភេទកីឡាឧបសគ្គនេះត្រូវបានអនុម័តដាក់ឲ្យមាននៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជានាឆ្នាំនេះ។
សហព័ន្ធថ្មីនេះមានសមាជិកគណៈកម្មាធិការប្រតិបត្តិចំនួន១៣រូបដែលមាន លោក ប៊ួន ហ៊ីងសុធីយ៉ាជាប្រធានសហព័ន្ធ អនុប្រធានចំនួន៥រូប គឺលោកខេស៊ី បាណេត លោកឌី សុវណ្ណា លោកជីម គីមហ៊ុយ លោកឃី សុភា និង លោកខ្ចៅ សុភាព លោកធីន វិចិត្រ ជាអគ្គលេខាធិការ និងអគ្គលេខាធិការរងម្នាក់លោកសុទ្ធ រ៉ាដាកូ ជាអគ្គហេរញ្ញិក និងសមាជិក៤រូបទៀត។
ជាមួយនឹងការប្ដេជ្ញារបស់លោកប៊ួន ហ៊ីងសុធីយ៉ាជាប្រធានសហព័ន្ធនោះលោកអគ្គនាយកកីឡាអ៊ុក សិទ្ធីជាតិបានក្រើនរំលឹកថា ស៊ីហ្គេមនៅសល់រយៈពេលខ្លីណាស់ ហេតុនេះសហព័ន្ធត្រូវរៀបចំកីឡាករ កីឡាការិនី មន្ត្រីឲ្យបានទាន់ពេល និងមានគុណផលខ្ពស់ឆ្ពោះទៅប្រកួតប្រជេងជាមួយបណ្ដាប្រទេសនានា៕/R