​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ការវាយប្រហារ​តាម​ផ្លូវអាកាស​ដោយ​យោធា​មី​យ៉ាន់​ម៉ា​លើ​ភូមិ​ពីរ​ដែល​ពួក​ជនជាតិ​ភាគតិច​កា​រ៉េ​ន​រស់នៅ បានសម្លាប់​ជន​ស៊ីវិល​ប្រាំ​នាក់ រួម​មាន​ម្តាយ​ម្នាក់​និង​កូនស្រី​​អាយុ​២​ឆ្នាំ​របស់​នាង ហើយ​បាន​បំផ្លាញ​ព្រះវិហារ​ពីរ នេះ​បើ​តាម​ការបញ្ជាក់​ពី​អង្គការ​ផ្តល់ជំនួយ​ពីរ​កាលពី​ថ្ងៃ​សុក្រ​។​

​ការស្លាប់​ក្នុងការ​វាយប្រហារ​តាម​អាកាស​បាន​កើតឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​ក៏​រួម​មាន​អ្នកបួស​និង​អ្នកធ្វើការ​បី​នាក់​នៅ​ព្រះវិហារ​គ្រិស្តសាសនា​មួយ នេះ​បើ​តាម​អង្គការ​ស្ត្រី​កា​រ៉េ​ន​និង​អង្គកា​រកង​ទា​​ហាន​ភូមា​សេរី​។​ស្ត្រី​ម្នាក់​ទៀត​និង​កូន​របស់​នាង​ក៏​បាន​រងរបួស​ក្នុង​ការវាយប្រហារ​នៅ​ភូមិ​ទី​ពីរ​។​

​ក្រុម​អង្គការ​ស្ត្រី​ការ៉េ​ន​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​ការវាយប្រហារ​បានសម្លាប់​ជន​ស៊ីវិល​និង​បំផ្លាញ​ផ្ទះ មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ ព្រះវិហារ សាលារៀន បណ្ណាល័យ​និង​វត្ត​អា​រ៉ា​ម​។​

​កា​រ៉េ​ន ដែល​ភាគច្រើន​រស់នៅ​តាម​ព្រំដែន​ខាងកើត​ជាប់​ថៃ ជា​ក្រុម​ជនជាតិ​មួយ​ដែល​មាន​កងកម្លាំង​ឧទ្ទាម​ប្រដាប់អាវុធ​រៀបរយ​បំផុត​នៅ​មី​យ៉ាន់​ម៉ា​។​ក្រុម​នេះ​បាន​និង​កំពុង​វាយ​ប្រយុទ្ធ​ទល់នឹង​ទាហាន​​រដ្ឋាភិបាល​កណ្តាលអស់​ពេល​រាប់ទសវត្សរ៍​ដើម្បី​ស្វ័យភាព​ធំ​ឡើង​។​ការ​វាយ​ប្រយុទ្ធ​គ្នា​កាន់តែ​កើនឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០២១​។​

​ក្រុម​យោធា​បាន​ប្រើ​កម្លាំងប្រដាប់អាវុធ​ដើម្បី​បង្ក្រាប​ការតវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ ជាហេតុ​នាំ​អោយ​កម្លាំង​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា​រួម​ដៃ​ជាមួយ​ក្រុម​ឧទ្ទាម​ជនជាតិ រួមមាន​ក្រុម​ជនជាតិ​កា​​រ៉េ​ន​។​រដ្ឋាភិបាល​យោធា​បាន​ធ្វើ​ការវាយប្រហារ​នៅតាម​ទីជនបទ​រួម​ទាំង​តំបន់​តាម​ព្រំដែន​ដើម្បី​ដណ្តើម​ការគ្រប់គ្រង​ទឹកដី​និង​កំចាត់​ក្រុម​ប្រឆាំង​។​

ការវាយប្រហារ​បានសម្លាប់​ជន​ស៊ីវិល​និង​បំផ្លាញ​ផ្ទះ មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ ព្រះវិហារ សាលារៀន បណ្ណាល័យ​និង​វត្ត​អា​រ៉ា​ម​

​រដ្ឋាភិបាល​ឯកភាព​ជាតិ​ដែល​ជា​រដ្ឋាភិបាល​ស្រមោល បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា ចាប់តាំងពី​ទាហាន​ដណ្តើម​អំណាច​មក ជន​ស៊ីវិល​ស្លូតត្រង់​៤៦០​នាក់ ភាគច្រើន​ជា​កូនក្មេង ត្រូវបាន​សម្លាប់​ក្នុងការ​​វាយប្រហា​ត​តាម​ផ្លូវអាកាស​។​

​វា​ជា​ការវាយប្រហារ​តាម​ផ្លូវអាកាស​លើ​ទី​ពីរ​នៅ​សប្តាហ៍​នេះ​នៅក្នុង​រដ្ឋ​ការ៉េ​ន​។​កាលពី​ថ្ងៃ​អង្គារ​និង​ពុធ នៅក្នុងរ​ដ្ឋជី​នភាគ​ខាងលិច ​យន្តហោះ​យោធាក៏​បាន​ទម្លាក់​គ្រាប់បែក​លើ​ទីស្នាក់ការ​ក្រុម​ឧទ្ទាម​ជន​​ជាតិជីន​ដែល​ហៅ​ខ្លួនឯង​ថា​«​រណសិរ្ស​ជាតិ​ជីន​»​។​សមាជិក​ប្រាំ​នាក់​នៃ​កងទ័ព​ជនជាតិ​ជី​ន​បាន​ស្លាប់​កាលពី​ថ្ងៃ​អង្គារ ហើយ​ការទម្លាក់​គ្រាប់​កាលពី​ថ្ងៃ​ពុធ​បាន​បំផ្លាញ​គ្លីនិច​មួយ​និងអាគារ​ជាច្រើន​ក្នុង​ជំរំ​៕