ដោយ៖ ម៉េងឆៃ / ភ្នំពេញ៖ នៅក្នុងសប្តាហ៍ទី២ ក្នុងខែមករានេះ មានព្រឹត្តិការណ៍ជាតិជាច្រើន បានកើតឡើង។ ក្នុងនោះ រួមមាន សកម្មភាពរបស់ប្រមុខរាជរដ្ឋាភិបាល អញ្ជើញបើកការដ្ឋានពង្រីកផ្លូវ សារនយោបាយ រួមទាំងព្រឹត្តិការណ៍សំខាន់ៗ ជាច្រើនទៀត។
១-ផ្លូវជាតិលេខ៧ ប្រវែងជាង ៤៥គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវ ពី ២គន្លង ទៅ ៤គន្លង
កំណាត់ផ្លូវជាតិលេខ៧ ប្រវែងជាង ៤៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម ត្រូវបានប្រារព្ធពិធីសម្ពោធបើកការដ្ឋាន ពង្រីកពី ២គន្លង ទៅ ៤គន្លង និងលើកកម្ពស់កម្រិតគុណភាព។ ពិធីនៅព្រឹកថ្ងៃចន្ទ ទី៩ ខែមករា បានប្រារព្ធឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា។ កំណាត់ផ្លូវជាតិលេខ៧ ដែលបើកការដ្ឋាននេះ នឹងត្រូវសាងសង់ ជួសជុលពង្រីក និងលើកកម្ពស់ ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤០ខែ គ្រោងនឹងបញ្ចប់ នៅក្នុងឆ្នាំ២០២៦ គម្រោង និងចំណាយថវិកាសរុបជាង ១១៧លានដុល្លារអាមេរិក។
២-សម្ដេចតេជោ ហ៊ុន សែន ដាស់តឿន និងព្រមានចាត់ការតាមផ្លូវច្បាប់ចំពោះលោក គង់ គាំ និងប្រាប់បក្សប្រឆាំង ត្រូវបញ្ចប់វប្បធម៌ ឡាំប៉ា ក្រោយពេលបោះឆ្នោត
ក្នុងពិធីបើកការដ្ឋានសាងសង់ស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ក្នុងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែមករា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសដាស់តឿន និងព្រមានចំៗទៅលើលោក គង់ គាំ និងកូនប្រុសរបស់លោក គឺលោក គង់ បូរ៉ា។ សម្តេចនាយករដ្ឋមន្ត្រី បានព្រមានចាត់ការតាមផ្លូវច្បាប់ ចំពោះលោក គង់ គាំ ក្រោយសម្តេច រកឃើញថា លោក គង់ គាំ បាននិយាយ វាយប្រហារមកកាន់គណបក្សប្រជាជនកម្ពុជា ដែលមិនអាចទទួលយកបានទេ។ ចំណែកកូនប្រុសរបស់លោក គង់ គាំ គឺលោក គង់ បូរ៉ា ដែលសព្វថ្ងៃ ជាមន្ត្រីគណបក្សប្រជាជនកម្ពុជា និងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃផងនោះ ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានដាស់តឿន កុំធ្វើជា «ខ្លួនមួយ ជិះទូកពីរ»។ បន្ថែមលើសពីនេះ សម្តេចតេជោ ក៏បានផ្តាំប្រាប់បក្សប្រឆាំង ត្រូវបញ្ចប់វប្បធម៌ ឡាំប៉ា ក្រោយពេលបោះឆ្នោតផងដែរ។
៣-សម្ដេចតេជោ ហ៊ុន សែន ព្រមានធ្វើច្បាប់សញ្ជាតិខ្មែរតែមួយ សម្រាប់អ្នកនយោបាយ នៅកម្ពុជា
ក្នុងពិធីបើកការដ្ឋានសាងសង់ជួសជុល និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ ៧ ក្នុងខេត្តកំពង់ចាម កាលពីថ្ងៃទី៩ ខែមករា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសព្រមាន ធ្វើច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់អ្នកនយោបាយទាំងអស់ បើបរទេសនៅតែបន្តជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។ បើតាមសម្តេចនាយករដ្ឋមន្ត្រី នៅពេលអ្នកនយោបាយខ្មែរ ដែលមានសញ្ជាតិបរទេស មានបញ្ហាក្តីក្ដាំ អគ្គរដ្ឋទូតបរទេសនៃប្រទេសនោះ តែងតែមកពិភាក្សាជាមួយសម្ដេច ហ៊ុន សែន ដើម្បីជួយសម្រួលដល់អ្នកនយោបាយនោះ ក្នុងនាមជាពលរដ្ឋរបស់គេ។
៤-អ្នកជំនាញ ប្រកាសថា នៅឆ្នាំ២០២៣ នេះ នឹងមានជំងឺគ្រុនឈាម ផ្ទុះខ្លាំង
ឆ្នាំ២០២២ គឺជាឆ្នាំ ដែលមានជំងឺគ្រុនឈាមផ្ទុះខ្លាំង។ ប៉ុន្តែមន្ត្រីជំនាញ បានព្រមានថា ឆ្នាំ២០២៣ នឹងមានជំងឺគ្រុនឈាម ផ្ទុះឡើងខ្លាំងជាងឆ្នាំ២០២២ ទៅទៀត។ ហេតុនេះ អ្នកជំនាញ បានប្រកាស សូមប្រុងប្រយ័ត្នខ្ពស់ ធ្វើយ៉ាងណា កុំឱ្យមូសខ្លាញីខាំ។
៥-យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៦ បានចាប់ផ្ដើមហើយ
ដើម្បីរក្សា និងបង្កើនភាពស៊ាំ ទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំពី សម្ដេចតេជោនាយករដ្ឋមន្ដ្រីកម្ពុជា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៦ ឬការបន្ដផ្ដល់ជូនដូសជំរុញ តាមគោលការណ៍ស្ម័គ្រចិត្ត ក្នុងក្របខណ្ឌទូទាំងប្រទេស បានចាប់ផ្ដើមដំណើរការចាក់ជូនប្រជាពលរដ្ឋ ក៏ដូចជា មន្ដ្រីរាជការជួរមុខ និងកងកម្លាំងប្រដាប់អាវុធ នៅតាមក្រសួង ស្ថាប័ន និងអង្គភាពនីមួយៗហើយ កាលពីព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នេះ។ ទន្ទឹមនឹងចាក់ដូសទី៦ ដំណើរការចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៣ ដូសទី៤ និងដូសទី៥ ក៏នៅបន្តធ្វើដំណាលគ្នា នៅតាមមន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាព នៅទូទាំងប្រទេសផងដែរ។
៦-រាជរដ្ឋាភិបាល ចាត់ទុកអង្គការសង្គមស៊ីវិល ជាដៃគូលើកកម្ពស់ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម
វេទិកា ស្ដីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៥ បានប្រារព្ធឡើង នៅថ្ងៃទី១០មករា។ ក្នុងពិធីបើកវេទិកានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកអង្គការសង្គមស៊ីវិល ជាដៃគូ ក្នុងការចូលរួមលើកកម្ពស់ប្រជាធិបតេយ្យ សេរីភាព និងការគោរពសិទ្ធិមនុស្ស ការពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
៧-សម្តេចតេជោ ហ៊ុន សែន បង្ហាញសក្តានុពលវិស័យកសិកម្មកម្ពុជា ទៅកាន់ថ្នាក់ដឹកនាំប្រទេស តួកគី ដើម្បីតួកគីពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា
នៅថ្ងៃទី១១ ខែមករា សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតអោយលោក Vahit Kirisci រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ ប្រទេសតួកគី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ។ សម្តេចតេជោ បានលើកឡើងជាច្រើន ពាក់ព័ន្ធនឹងសក្តានុពលនៃវិស័យកសិកម្មរបស់ប្រទេសកម្ពុជាយើង។ ក្នុងន័យនេះ សម្តេចតេជោ បានស្នើអោយអ្នកវិនិយោគតួកគី ពិចារណាមកវិនិយោគ បង្កើតរោងម៉ាស៊ីនកិនស្រូវ សាងសង់ឃ្លាំងស្តុក និងរៀបចំបណ្ដាញប្រមូលទិញផលិតផលកសិកម្មពីប្រជាជនកម្ពុជា យកមកកែច្នៃ ហើយនាំចេញទៅកាន់ទីផ្សារប្រទេសតួកគី និងទីផ្សារប្រទេសដទៃផ្សេងទៀតផងដែរ។
៨-សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យក្រុមការងារ ICRG-JG ជួបសម្តែងការគួរសម និងពិភាក្សាការងារ
នៅព្រឹកថ្ងៃទី១១ ខែមករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី ម៉ាលីន វ៉ាន ប្រធានក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ហៅកាត់ថា ICRG-JG ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។
៩-កម្ពុជា ចូលរួមជាមួយមេដឹកនាំពិភពលោក ប្រមាណ ១០ប្រទេស ក្នុងកិច្ចប្រជុំកំពូល ស្តីពី «សំឡេងខាងត្បូង»
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១២ ខែមករា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមប្រជុំ តាមប្រព័ន្ធវីដេអូ ជាមួយមេដឹកនាំពិភពលោក ប្រមាណ ១០ប្រទេស ក្នុងកិច្ចប្រជុំកំពូល ស្តីពី «សំឡេងខាងត្បូង»។ កិច្ចប្រជុំនេះ ដឹកនាំដោយនាយករដ្ឋមន្ត្រីឥណ្ឌា ជាប្រធាន G20k ក្នុងឆ្នាំ២០២៣នេះ។ សម្តេចតេជោ តាមរយៈកិច្ចប្រជុំនេះ នៅតែបន្តលើកឡើង ផ្តោតជាសំខាន់លើការធ្វើកិច្ចសហការជាដៃគូ ការគោរពឯករាជ្យភាព អធិបតេយ្យ សិទ្ធិស្វ័យសម្រេច ការអនុវត្តន៍គោលនយោបាយពហុភាគីនិយម វប្បធម៌សន្ទនា ការពង្រឹងរួមគ្នាអនុវត្តន៍ការធ្វើពាណិជ្ជកម្មពហុភាគី ការចែករំលែកបច្ចេកវិទ្យាទៅវិញទៅមក ដើម្បីរួមគ្នា ជម្នះបញ្ហាប្រឈមសាកលដែលកំពុងកើតមានបច្ចុប្បន្ន ដូចជា ការដណ្តើមភូមិសាស្ត្រនយោបាយ សង្គ្រាម និងអតិផរណាសាកល ជាដើម។
១០-សេចក្តីព្រាងច្បាប់សំខាន់ ៤ ត្រូវបានគណៈរដ្ឋមន្ត្រី ប្រជុំអនុម័តទាំងស្រុង
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៣ ខែមករា បានអនុម័តទាំងស្រុង ទៅលើសេចក្តីព្រាងច្បាប់សំខាន់ចំនួន ៤ រួមមាន៖ ១-សេចក្តីព្រាង «គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២-២០៣៨» ២-សេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងទឹកស្អាត» ៣-សេចក្តីព្រាង «គោលនយោបាយជាតិ ស្តីពី ស្វាយចន្ទីឆ្នាំ២០២២-២០២៧» និង៤-សេចក្តីព្រាងច្បាប់ ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។
១១-សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ដី ដែលលោក គង់ គាំ ប្រគល់ឱ្យក្រសួងការបរទេសវិញ ជូនទៅ គ.ជ.ប
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្តល់ដីរដ្ឋកន្លះហិកតា ដែលលោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន បានប្រគល់ឲ្យក្រសួងការបរទេស ទៅឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។ ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលដូច្នេះ បានធ្វើឡើង ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។
១២-សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋម៉ាល់ឌីវ ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥មករា
តបតាមការអញ្ជើញរបស់លោក អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋម៉ាល់ឌីវ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ ក្រសួងការបរទេស ប្រកាសថា សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបពិភាក្សាផ្លូវការជាមួយឯកឧត្តមប្រធានាធិបតី អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ដែលក្នុងឱកាសនោះ ទិដ្ឋភាពនានានៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងតំបន់ និងអន្តរជាតិ នឹងត្រូវលើកយកមកពិភាក្សា។ បន្ទាប់ពីជំនួប ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី។
១៣-ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងអ្នកសារព័ត៌មាន លើកទី៥ ប្រារព្ធឡើង នៅកោះពេជ្រ
ជំនួបប្រចាំឆ្នាំរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន លើកទី៥ ប្រព្រឹត្តទៅ នារសៀលថ្ងៃទី១៤ ខែមករា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ។ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្រសួងព័ត៌មាន បានរៀបចំធ្វើតេស្តរកមេរោគកូវីដ១៩ ជូនអ្នកសារព័ត៌មាន កាលពីថ្ងៃទី១៣ និងបន្តនៅព្រឹកថ្ងៃទី១៤ ខែមករា។
១៤-គ.ជ.ប ចាប់ផ្តើមបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត
នៅថ្ងៃទី១៣ ខែមករា គ.ជ.ប ចាប់ផ្តើមបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត។ បញ្ជីឈ្មោះអ្នកបោះឆ្នោតនេះ ត្រូវបានបិទផ្សាយនៅតាមសាលាឃុំសង្កាត់ នៅទូទាំងប្រទេស។ បញ្ជីបោះឆ្នោតដំបូង មានឈ្មោះអ្នកបោះឆ្នោតសរុប ៩ ៧១០ ៦៤៥នាក់។ រីឯឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដោយមូលហេតុផ្លាស់ចេញ ស្លាប់ ស្ទួន និងការដកសិទ្ធិបោះឆ្នោត មានចំនួន ២៧១ ១៤២នាក់៕/R