​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​,NYTIMES)​មន្ត្រី​អាម៉េរិក​បាន​និយាយថា ការភ័យខ្លាច​ដែល​ថា​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ដែល​ប្រើ​វ៉ាក់សាំង​ក្រុមហ៊ុន​Pfizer-BioNTech​អាច​បង្ក​ហានិភ័យ​​នៃ​ការ​ដាច់​សរសៃឈាម​ខួរក្បាល​ក្នុងចំណោម​មនុស្ស​អាយុ​៦៥​ឆ្នាំ​ឡើង​នោះ មិន​ត្រូវការ​គាំទ្រ​ដោយ​ការស៊ើបអង្កេត​វិទ្យាសាស្ត្រ​ណាមួយ​ទេ​។​

​ពួក​មន្ត្រី​អាម៉េរិក​បាន​និយាយថា វា​មិន​ទំនង​សោះ​ដែល​មាន​ហានិភ័យ​បែបនេះ​។​ពួកគេ​បាន​អំពាវនាវ​អោយ​ជនជាតិ​អាម៉េរិក​អាយុ​៦​ខែ​ឡើង​នាំ​គ្នា​បន្ត​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​។​

​ពួក​មន្ត្រី​សហព័ន្ធ​អាម៉េរិក​បានសំរេច​បញ្ចេ​ញ​ការព្រួយបារម្ភ​និង​លទ្ធផល​នៃ​ការស៊ើបអង្កេត​របស់​គេ​ទោះជា​មាន​ការបារម្ភ​ថា ការបញ្ចេញ​អោយ​ដឹង​អំពី​ហានិភ័យ​នៃ​អ្នក​ចាក់​វ៉ាក់សាំង​Pfizer​នឹង​នាំ​​អោយ​មាន​គំនិត​ប្រឆាំង​ការចាក់​វ៉ាក់​សាំងក្តី​។​

​សេចក្តីថ្លែងការណ៍​រួម​មួយ​ចេញ​ដោយ​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ (CDC)​និង​រដ្ឋបាល​ចំណីអាហារ​និង​ឱសថ (FDA)​របស់​សហរដ្ឋ​អាម៉េរិក​បាន​និយាយថា «​យើង​ជឿ​ថា​វា​សំខាន់​ដែល​ចែករំលែក​​ព័ត៌មាន​នេះ​ជាមួយ​សាធារណជន​»​។​

​មុន​នេះ​មជ្ឈមណ្ឌល​FDA និង CDC​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៣​មករា​ថា មូលដ្ឋាន​ទិន្នន័យ​វ៉ាក់សាំង​របស់ CDC​បាន​រកឃើញ​បញ្ហា​សុវត្ថិភាព​ដែល​អាច​កើតមាន ដែល​ក្នុងនោះ​មនុស្ស​អាយុ​ចាប់ពី ៦៥ ឆ្នាំ​ឡើង​ទៅ​ទំនងជា​នឹង​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ហៅថា អាស្គី​ម៉ិក​ស្ត្រូក (Ischemic stroke)​នៅ ២១ ថ្ងៃក្រោយ​ទទួល​វ៉ាក់សាំង Pfizer/BioNTech​។​

​អេ​ស្គី​ម៉ិក​ស្ត្រូក ដែល​គេ​ស្គាល់​ផង​ដែរ​ថា កំណក​ឈាម​ក្នុង​ខួរក្បាល គឺ​បណ្តាលមកពី​ការស្ទះ​នៅក្នុង​សរសៃឈាម​ដែល​នាំ​ឈាម​ទៅកាន់​ខួរក្បាល​។​

​តែ​FDA និង CDC​បាន​និយាយថា ការសិក្សា​ធំៗ​ផ្សេងទៀត ប្រព័ន្ធ​រាយការណ៍​អំពី​ផលវិបាក​នៃ​វ៉ាក់សាំង​របស់ CDC មូលដ្ឋាន​ទិន្នន័យ​របស់​ប្រទេស​ផ្សេង​ទៀត និង​មូលដ្ឋាន​ទិន្នន័យ​របស់​ក្រុមហ៊ុន Pfizer-BioNTech មិន​បាន​ព្រមាន​អំពី​បញ្ហា​សុវត្ថិភាព​មួយ​នេះ​នោះ​ទេ ដោយ​បន្ថែម​ថា វា​ទាមទារ​ការស៊ើបអង្កេត​បន្ថែមទៀត​។​

​ចំណែក​ក្រុមហ៊ុន Pfizer និង BioNTech បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ពួកគេ​បាន​ទទួលដំណឹង​អំពី​របាយការណ៍​មួយចំនួន​តូច​អំពី​អាស្គី​ម៉ិក​ស្ត្រូក​ចំពោះ​មនុស្ស​អាយុ​ចាប់ពី ៦៥ ឆ្នាំ​ឡើង​ទៅ បន្ទាប់​ពី​ការចាក់​វ៉ាក់សាំង​ថ្មីៗ​របស់​ពួកគេ​។​

​ក្រុមហ៊ុន​ទាំងពីរ​បាន​បន្ថែមថា “​ទាំង Pfizer និង BioNTech និង CDC ឬ FDA​មិន​បាន​សង្កេត​ឃើញ​លទ្ធផល​ស្រដៀង​គ្នា​នេះ​នៅ​ទូ​ទាំង​ប្រព័ន្ធ​ត្រួតពិនិត្យ​ផ្សេងទៀត​នៅក្នុង​សហរដ្ឋ​អាម៉េរិក​និង​នៅ​ទូទាំង​ពិភពលោក​នោះ​ទេ ហើយ​មិន​មាន​ភស្តុតាង​ណាមួយ​ដើម្បី​សន្និដ្ឋាន​ថា អាស្គី​ម៉ិក​ស្ត្រូ​ក​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ការប្រើប្រាស់​វ៉ាក់សាំង​កូវី​ដ​១៩​របស់​ក្រុមហ៊ុន​នោះដែរ​”៕

​មិនទាន់​មាន​ការសិក្សា​បែប​វិទ្យាសាស្ត្រ​បញ្ជាក់ថា​ការចាក់​Pfizer​ដូស​ជំរុញ​បង្ក​ការដាច់​សរសៃឈាម​ទេ តែ​កន្លងមក​តាម​ការអង្កេត​ក្នុងចំណោម​អ្នក​ចាក់​វា​ប្រមាណ​៥៥០.០០០​នាក់​ដែល​មាន​អាយុ​៦៥​ឆ្នាំ​ឡើង មាន​១៣០​នាក់​កើត អាស្គី​ម៉ិក​ស្ត្រូក នៅ​២១​ថ្ងៃក្រោយ​ចាក់​វា ជាហេតុ​នាំ​អោយ​មាន​ការ​សង្ស័យ​អំពី​ការកើត​ស្ត្រូក​ពាក់ព័ន្ធ​នឹង​ការចាក់​វ៉ាក់សាំង​