ដោយៈ មុនីរ័ត្ន/ ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការ ក.២៦.១៣ បានមានប្រសាសន៍បញ្ជាក់ថា សភាពការណ៍ជាតិបច្ចុប្បន្ន កំពុងស្ថិតក្នុងដំណើរបោះជំហានឆ្ពោះទៅមុខប្រកបដោយភាពសុទិដ្ឋិនិយមលើមាគ៌ាសន្តិភាព, ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ព្រមជាមួយនឹងភាពលេចឡើងខ្ពស់ត្រដែតនៃកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ ទោះបីកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានាលើសាកលលោក ត្រូវបន្តទទួលរងឥទ្ធិពល ពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិយ៉ាងណាក្តី ហើយខណៈដែលការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏នៅតែបន្ត និងពុំអាចទាន់កំណត់ពេលវេលាបញ្ចប់ច្បាស់លាស់នៅឡើយ។ ការបញ្ជាក់នេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកាងារឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ របស់គណៈកម្មការ ក.២៦.១៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។

លោក ហ៊ុន ម៉ាណែត បានបន្តថា ជាក់ស្តែង ក្នុងពេញមួយឆ្នាំ២០២២ កន្លងទៅនេះ ប្រទេសកម្ពុជាយើងបានខិតខំពុះពារសម្រេចនូវសមិទ្ធផលធំៗជាច្រើនលើគ្រប់វិស័យ ទាំងផ្នែកនយោបាយ, ការទូត, សន្តិសុខ, សេដ្ឋកិច្ច, សង្គម និងវប្បធម៌ ជាអាទិ៍៖ (១) ការរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅប្រកបដោយភាពសុខដុមរមនារបស់ប្រជាជន ក្រោមម្លប់នៃកម្លាំងមហាសាមគ្គីជាតិទាំងមូល, (២) ជោគជ័យដ៏ត្រចះត្រចង់នៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយយុទ្ធសាស្ត្ររបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីមន្ត្រីរាជការ, អាជ្ញាធរដែនដី និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ, (៣) ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចជាតិក្នុងរង្វង់ប្រមាណ ៥,៥% ក្នុងឆ្នាំ២០២២ និងត្រូវបានព្យាករណ៍ថានឹងសម្រេចកំណើនបានប្រមាណ ៦,៦% ក្នុងឆ្នាំ២០២៣, (៤) ការធានាបាននូវលំនឹងជីវភាពរបស់ប្រជាជន ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះដែលទទួលរងឥទ្ធិពលខ្លាំងពីវិបត្តិនៃជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់ តាមរយៈការដាក់ចេញនូវវិធានការអន្តរាគមន៍ផ្នែកសង្គមកិច្ច, (៥) ការដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រាក់សោធនរបស់និវត្តជន និងអតីតយុទ្ធជន ដែលត្រូវអនុវត្តចាប់ខែមករា ឆ្នាំ២០២៣ នេះ ព្រមជាមួយនឹងការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករ-និយោជិតផ្នែកវាយនភណ្ឌកាត់ដេរដល់ ២០០ USD ផងដែរ, (៦) ប្រក្រតីភាពនៃដំណើរការប្រជាធិបតេយ្យសេរីពហុបក្សតាមគន្លងនីតិរដ្ឋ ដូចបានឆ្លុះបញ្ចាំងតាមរយៈការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌, (៧) ជោគជ័យនៃភាពជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ប្រមុខថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាលជាច្រើនមកពីក្នុងតំបន់ និងក្រៅតំបន់។

ពិតណាស់ និយាយក្នុងក្របខ័ណ្ឌជារួម, សមិទ្ធផលទាំងអស់ខាងលើនេះ គឺមិនអាចកាត់ផ្តាច់បានឡើយពីការចូលរួមចំណែករបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ក៏ដូចជាសមាជិក-សមាជិកាគណៈកម្មការ ក.២៦.១៣ នៅទូទាំងប្រទេស។ លោកហ៊ុន ម៉ាណែត បានបន្តទៀតថា សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងខិតខំប្រឹងប្រែងសម្រេចភារកិច្ច ទាំងលើការងារស្នូល និងការងារបក្ស សំដៅធ្វើយ៉ាងណាថែរក្សាការពារនូវឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានាដំណើរការអភិវឌ្ឍន៍ទៅមុខរបស់ប្រទេសជាតិយើង ដែលកំពុងតែបោះជំហានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ៕srn