ពិធីដកជើងធូប មុនថ្ងៃបុណ្យចូលឆ្នាំចិន តើមានអត្ថន័យ យ៉ាងដូចម្តេច?

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ពិធីសែនដកជើងធូបរបស់ប្រពៃណីចិន នាឆ្នាំនេះ ត្រូវបានប្រារព្ធធ្វើឡើង​ នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ២០២៣។ ពិធីនេះ ត្រូវបានគេគោរពតគ្នា អស់កាលដ៏យូរលង់ណាស់មកហើយ មុនពេលថ្ងៃបុណ្យចូលឆ្នាំថ្មី ឈានចូលមកដល់។

តាមពិត ពិធី​សែន​ដកជើងធូប ឬជនជាតិចិន ហៅថា ពិធីជូនទេវតាឡើងឋានសួគ៌ គឺជា​ពិធីដែលជនជាតិចិន​ តែង​ធ្វើ​ឡើង​នៅ​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ ឈាន​ចូល​មក​ដល់ ។

បើយោងតាមឯកសារស្រាវជ្រាវ បានបញ្ជាក់ថា​ ពិធី​សែន​ដក​ជើងធូប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ចន្លោះ​ពី​ ៥​ ថ្ងៃ និង​ ៧​ ថ្ងៃ មុន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីចិន ឈានមកដល់ រៀងរាល់ឆ្នាំ។ តាមជំនឿ ហើយនៅថ្ងៃនេះ គេនឹងធ្វើការដក ជើងធូប គ្រប់កន្លែង ដើម្បីដូរកំ​ប៉ុ​ង ជើងពាន ឬ​ផើង​ ហើយផ្លាស់ខ្សាច់ ឬអង្ករ ក្នុងកំប៉ុងជើងធូប ឬជើងពានចេញ រួចប្ងូរថ្មី ដើម្បីទទួលសិរីសួស្តីឆ្នាំថ្មី នឹងឈានមកដល់។ ក្នុងក្បួនដកជើងធូបនេះទៀតសោត គេមានត្រណមមួយគឺនៅពេលដែលដកហើយ បើជាជំនាងផ្ទះ ឬ ហៅ ទី ជុយអៀ ត្រូវតែទុកធូបចាស់ចំនួន ៥ សរសៃ ប៉ុន្តែបើជាកុងម៉ាវិញ ទុកបន្សល់ជើងធូបចាស់ឱ្យបាន ៣ សរសៃ។

ទាក់ទិនក្នុងរឿងនេះ អ្នកស្រី លី សុខអេង រស់នៅរាជធានីភ្នំពេញ ដែលជាប់សែស្រឡាយកូនចៅចិន បានរៀបរាប់ថាៈ ក្នុងថ្ងៃសែនជើងធូបនេះ គេនឹងធ្វើការសម្អាតទីកន្លែងជំនាងផ្ទះ កុងម៉ា ឱ្យស្អាតបាត ព្រោះថា ថ្ងៃនេះមិនមានការប្រកែប្រកាន់ ពីសំណាក់អ្នកថែរក្សាផ្ទះសម្បែង ឬជីដូនជីតា ដែលបានចែកឋានទៅនោះឡើយ។ ប្រពៃណីសែនដកជើងធូបនេះដែរនឹងធ្វើឡើង ក្នុងមួយឆ្នាំម្តង ហើយគេមិនហ៊ានរុះរើ តាមនឹកឃើញនោះឡើយ។

ស្រ្តីរូបនេះ បានរៀបរាប់ថាៈ ” សែនដកជើងធូបជាថ្ងៃសំខាន់មួយដែរមុនថ្ងៃចូលឆ្នាំចិនឈានមកដល់។ ការសែនគេធ្វើឡើងតែពេលព្រឹកមិនឱ្យហួសម៉ោង១២ថ្ងៃត្រង់ឡើយ “។

គួរបញ្ជាក់ថា តាម​ជំនឿ​ជា​ប្រពៃណី​ចិន ការ​សែន​ដក​ជើងធូប គឺជា​ពិធី​អរគុណ និង​ជូន​ដំណើរ​កុងម៉ា (​ដូនតា​) និង​ទេវតា​ឆ្នាំ​ចាស់​ ដែល​បាន​ថែរក្សា ការពារ​ឱ្យ​ចម្រុង​ចម្រើន​​ពួក​គេ​អស់​រយៈកាល​មួយ​ឆ្នាំ​កន្លង​មក​ ឱ្យ​ត្រឡប់​ទៅ​ឋានសួគ៌​វិញ ។ បន្ទាប់​ពី​កុងម៉ា និង​ទេវតា​ ដែល​ជា​ម្ចាស់​កំ​ប៉ុង​ជើងធូប​ទាំងនោះ​ ត្រឡប់​ទៅ​វិញ បាន​សេចក្តី​ថា កំ​ប៉ុ​ង​ជើងធូប​នេះ​ នៅ​ទំនេរ​ពុំ​មាន​ម្ចាស់​ឡើយ រហូត​កុងម៉ា និង​ទេវតា​ឆ្នាំ​ថ្មី​ចូល​មក​ជំនួស ។ ក្នុង​ពេល​ពុំ​មាន​ម្ចាស់​នេះឯង ជា​ពេល​ដែល​ម្ចាស់ផ្ទះ​ ដក​ជើងធូប​ចេញពី​កំ​ប៉ុ​ង និង​យក​កំ​ប៉ុ​ង​ជើងធូប​ ទៅ​លាង​សម្អាត​សម្រាប់​រៀបចំ​ទទួល​ទេវតា​ឆ្នាំ​ថ្មី ។

ចំពោះ​កា​រប​ម្លា​ស់​ទី​រប​ស់កំ​ប៉ុ​ង ឬ​ជើងពាន​ជើងធូប គឺ​យើង​ត្រូវ​កាន់ ហើយ​លើក​ឡើង​ឱ្យ​ផុត​ពី​ទី​ ដែល​បាន​តម្កល់ ប៉ុន្តែ​កុំ​អូស​កំ​ប៉ុ​ង ឬ​ជើងពាន​នោះ​ឱ្យ​សោះ ទើប​ជា​ការ​លើករាសី​ដល់​ម្ចាស់ផ្ទះ ហើយ​កុងម៉ា ឬ​ទេវតា​ ក៏​នឹង​មិន​ខឹងសម្បា​រផង​ដែរ៕/V