ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្យត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ អមដំណើរដោយលោក គុយ សុផល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង លោកស្រី កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃ គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត គណៈអភិបាលស្រុក និងប្រតិភូអមដំណើរ បាននាំយកព្រះរាជអំណោយដែលជា ព្រះរាជទានដ៏ថ្លៃថ្លា ទៅចែកជូនប្រជារាស្ត្រ ដែលទទួលរងគ្រោះដោយជំនន់ ទឹកភ្លៀងរដូវប្រាំង ស្ថិតនៅឃុំ៥ នៃស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ចំនួន ២១២ គ្រួសារ ។
បើតាមការឱ្យដឹងពីលោក ឈួន ចាន់ណា អភិបាលនៃគណៈអភិបាលស្រុកសាមគ្គី មានជ័យថាៈ ប្រជាពលរដ្ឋរងគ្រោះធម្មជាតិ ដោយជំនន់ទឹកភ្លៀង មកពីឃុំត្បែងខ្ពស់ ចំនួន ១១២ គ្រួសារ, ឃុំឈានឡើង ចំនួន ៦២ គ្រួសារ, ឃុំស្វាយជុក ចំនួន ២៣ គ្រួសារ, ឃុំសេដ្ឋី ចំនួន ១១ គ្រួសារ, ឃុំក្រាំងល្វា ចំនួន ៤ គ្រួសារ។
សម្ដេចចៅហ្វារវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានពាំនាំបណ្ដាំសាកសួរសុខទុក្ខ ពីព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះរាជមាតាជាតិខ្មែរ ជាទីសក្ការៈ បានចូលរួមសោកស្តាយដល់កូនចៅ ចៅទួតទាំងអស់ ដែលកំពុងជួប នូវគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង សូមឱ្យបងប្អូនកូនចៅទាំងអស់ ថែរក្សានៅសុខភាព ការរស់នៅ មានអនាម័យស្អាត គ្រាដែលទឹកជំនន់ទឹកភ្លៀង កំពុងរាតត្បាតនៅតំបន់ របស់ខ្លួន។
អភិបាលស្រុកសាមគ្គីមានជ័យ បានឲ្យដឹងថាៈ ព្រះរាជអំណោយដែលបាន នាំយកមកចែក ជូនប្រជារាស្ត្រ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ចំនួន ៥០ គីឡូក្រាម, តង់ចំនួន១, ឃីតចំនួន១ (មីជាតិ ២កេស, អាវយឺត១ , មុង១, សារុង១, ភួយ១, ក្រមា១ , ម៉ាស់១ប្រអប់) និងថវិកាចំនួន ៤០០.០០០ រៀល ។
ដោយឡែក គ្រួសារដែលបានបាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់ ចំនួនមួយ នាក់ ទទួលបានអង្ករ ចំនួន ៥០ គីឡូក្រាម តង់ចំនួន១. ឃីតចំនួន១ កញ្ចប់ (មានមីជាតិ ២ កេស , អាវយឺត១ , មុង១, សារុង១ , ភួយ១, ក្រមា១ , ម៉ាស់១ប្រអប់) និងថវិកាចំនួន ៨០០.០០០ រៀល៕/V