រដ្ឋបាល​ជលផល ប្រកាស​ពី​ការបិទ​ការធ្វើ​នេសាទ​ត្រី​កា​ម៉ុង សម្រាប់​រដូវ​នេសាទ ឆ្នាំ​២០២៣

​ដោយៈ ទេព មង្គល / ភ្នំពេញៈ រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានប្រកាសពីការបិទ​ការនេសាទ​ត្រី​កា​ម៉ុង ចាប់ពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៣ រហូតដល់ ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២៣ ដែលជា​រដូវ​បន្ត​ពូជ និង​ពង​កូន​របស់​ត្រី​កា​ម៉ុង​។​

​តាមរយៈ​សេចក្តីជូនដំណឹង ចុះ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២៣ របស់រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានបញ្ជាក់​ថាៈ “ រដ្ឋបាល​ជលផល សូម​ជូនដំណឹង​ដល់​ប្រជា​នេសាទ​ទាំងអស់ នៅ​តំបន់​ឆ្នេរសមុទ្រ កម្ពុជា​ថា ចាប់ពី​ថ្ងៃទី​១៥ ខែមករា​នេះ រហូតដល់​ថ្ងៃទី​៣១ ខែមីនា គឺជា​រដូវ​បន្ត​ពូជ និង​ពង​កូន​របស់​ត្រី​កា​ម៉ុង ឬ​ហៅថា​ត្រី “ ប្លាធូ ” ក្នុង​ដែន​នេសាទ​សមុទ្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដូច្នេះហើយ រាល់​ការនេសាទ​ត្រី​ប្រភេទ​នេះ​ទាំងអស់ ត្រូវ​បញ្ឈប់ ”​។​

​បន្ថែម​ពីលើ​នេះ រដ្ឋបាល​ជលផល បានបញ្ជាក់​បន្ថែមថាៈ ការបញ្ឈប់​ការធ្វើ​នេសាទ ត្រី​កា​ម៉ុង ក្នុង​រយៈពេល​នេះ គឺ​ដើម្បី​ធានាបាន​និរន្តរភាព​ផល​ស្តុក​ត្រី នៅក្នុង​ធម្មជាតិ និង​អំពាវនាវ​ប្រជា​នេសាទ ដែល​ប្រក​បរបរ​នេសាទ​ត្រី​កា​ម៉ុង “ ប្លាធូ ” ទាំងអស់ សូម​ផ្អាក​សកម្មភាព​ការនេសាទ​ត្រី​កា​ម៉ុង តាម​ពេលវេលា​ដូច​មាន​ក្នុង​សេចក្តី​ជូន ដំណឹង​នេះ ជា​កំហិត និង​ចូលរួម​អនុវត្តតាម​ខ្លឹមសារ នៃ​សេចក្ដីជូនដំណឹង ដើម្បី​រួម ចំណែក​ថែរក្សា និង​ការពារ​ធនធាន​ជលផល​សមុទ្រ​កម្ពុជា ឱ្យមាន​និរន្តរភាព​៕/V​