ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ អ៊ីរ៉ង់នៅថ្ងៃសៅរ៍នេះបាននិយាយថា ខ្លួនបានប្រហារជីវិតជនជាតិអង់គ្លេសដើមកំណើតអ៊ីរ៉ង់ម្នាក់ ដែលធ្លាប់ធ្វើជាមន្ត្រីជាន់ខ្ពស់នៅក្រសួងការពារជាតិអ៊ីរ៉ង់ ទោះជាអន្តរជាតិបានព្រមានអោយបញ្ឈប់ទោសប្រហារជីវិតនេះក្តី។
ចំណាត់ការនេះមុខជាធ្វើអោយមានភាពតានតឹងខ្លាំងឡើងជាមួយលោកខាងលិច ចំពេលមានការតវ៉ាទាមទារសិទ្ធិស្ត្រីនៅទូទាំងប្រទេសអ៊ីរ៉ង់ក្រោយការស្លាប់ស្ត្រីម្នាក់នៅកន្លែងឃុំឃាំងរបស់ប៉ូលីសអ៊ីរ៉ង់។
អង់គ្លេសដែលហៅករណីប្រឆាំងលោកអាលីរ៉េហ្សា អាកបារី(Alireza Akbari)ថាក្រោមហេតុផលនយោបាយ និងបានថ្កោលទោសការប្រហារជីវិតនេះ។
នាយករដ្ឋមន្ត្រីអង់គ្លេសលោក រីស៊ី ស៊ូណាក់ បានហៅវាថាជា«អំពើកំសាកនិងគ្មានមេត្តា ធ្វើឡើងដោយរបបព្រៃផ្សៃមួយដែលមិនគោរពសិទ្ធិមនុស្សរបស់ប្រជាជនផ្ទាល់របស់ខ្លួន»។
ទីភ្នាក់ងារសារព័ត៌មានMizan របស់អ៊ីរ៉ង់បានរាយការណ៍អំពីការប្រហារជីវិតនេះកាលពីដើមថ្ងៃសៅរ៍ តែមិនបានបញ្ជាក់ថាការប្រហារជីវិតនេះត្រូវបានធ្វើឡើងនៅពេលណាទេ។
ការប្រហារជីវិតនេះនឹងកាន់តែបន្ថែមសម្ពាធលើទំនាក់ទំនងមិនល្អរបស់រដ្ឋាភិបាលក្រុងតេអេរ៉ង់និងលោកខាងលិច ដែលបានធ្លាក់ចុះដុនដាបខ្លាំងចាប់តាំងពីកិច្ចពិភាក្សាដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥បានជាប់គាំង និងអាជ្ញាធរអ៊ីរ៉ង់បានធ្វើការបង្ក្រាបលើការតវ៉ាប្រឆាំងចាប់តាំងពីឆ្នាំមុនមក។
ទីភ្នាក់ងារសារព័ត៌មានMizanបាននិយាយថា«អាលីរ៉េហ្សា អាកបារី ត្រូវបានប្រហារជីវិតចំពោះអំពើពុករលួយនិងអំពើប្រឆាំងសន្តិសុខក្នុងនិងក្រៅប្រទេស តាមរយៈលបលួចយកការណ៍អោយសេវាស៊ើបការណ៍របស់រដ្ឋាភិបាលអង់គ្លេស»។
អាកបារី ត្រូវបានចាប់ខ្លួននៅឆ្នាំ២០១៩ ចំពោះការទទួលប្រាក់ជាង២លានដុល្លារសំរាប់ការងារចារកម្ម។
សារព័ត៌មានអ៊ីរ៉ង់ក៏បាននិយាយថា អាកបារី បានដើរតួនាទីមួយនៅក្នុងការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរជាន់ខ្ពស់អ៊ីរ៉ង់លោកហ្វាករីហ្សាដេះ(Fakhrizadeh)នៅឆ្នាំ២០២០។ទោះជាយ៉ាងណា ក្នុងការសួរចម្លើយ លោកមិនបានសារភាពថាជាប់ពាក់ព័ន្ធក្នុងឃាតកម្មនេះទេ តែថាភ្នាក់ងារអង់គ្លេសម្នាក់បានសុំព័ត៌មានអំពីលោកហ្វាករីហ្សាដេះ។
លោកអាលីរ៉េហ្សា អាកបារី ជាមនុស្សជំនិតនឹងលោក អាលី សាមខានី(Ali Shamkhani)ដែលឥឡូវជាលេខាក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់និងជារដ្ឋមន្ត្រីការពារជាតិចាប់ពីឆ្នាំ១៩៩៧ដល់២០០៥ នៅពេលដែលលោកអាកបារី ធ្វើជាអនុប្រធានរបស់គាត់។
តាមពិតអាកបារី បានស្ថិតក្រោមការតាមឃ្លាំមើលរបស់ក្រសួងស៊ើបការណ៍អ៊ីរ៉ង់និងត្រូវបានចាប់ខ្លួននៅឆ្នាំ១៩៩៨។នៅឆ្នាំ២០០៨ត្រូវបានចាប់ខ្លួនជាថ្មីចំពោះការធ្វើចារកម្ម មុនត្រូវបានដោះលែងក្រោមលក្ខខណ្ឌបង់ប្រាក់ធានាខ្លួននិងបានចាកចេញពីប្រទេសមុនត្រូវបានចាប់ខ្លួនជាថ្មី៕
អាលីរ៉េហ្សា អាកបារី ត្រូវបានប្រហារជីវិត ចំពោះការធ្វើចារកម្មអោយអង់គ្លេស