ប្រែសម្រួលៈបំណង(វ៉េអិនអិចស្ព្រេស)៖ ចិនបាននិយាយថា មនុស្សជិត៦០.០០០នាក់បានស្លាប់ដោយកូវីដ១៩នៅតាមមន្ទីរពេទ្យគិតចាប់តាំងពីខ្លួនបានឈប់ប្រើគោលនយោបាយសូន្យកូវីដកាលពីដើមខែធ្នូ ឆ្នាំ២០២២ ។
វាជាចំនួនស្លាប់ដោយជំងឺឆ្លងនេះខ្ពស់ខ្លាំងបើធៀបនឹងតួលេខផ្លូវការកាលពីមុនៗបន្ទាប់ពីចិនរងការរិះគន់ខ្លាំងអំពីការផ្សាយទិន្នន័យស្តីពីស្ថានការណ៍កូវីដ១៩នៅក្នុងប្រទេសខ្លួន ជាពិសេសពាក់ព័ន្ធនឹងការស្លាប់ដោយកូវីដ១៩ ខណៈដែលមន្ទីរពេទ្យជោរជន់ដោយអ្នកជំងឺហើយកន្លែងតម្កល់និងបូជ្ញាសពមមាញឹកខ្លាំង តែតួលេខស្លាប់ដោយកូវីដផ្លូវការទាបខ្លាំងទៅវិញ។
ចិនបានរាយការណ៍ថាមនុស្សជិត៦០.០០០នាក់បានស្លាប់ដោយកូវីដ១៩នៅតាមមន្ទីរពេទ្យគិតចាប់តាំងពីថ្ងៃ៨ធ្នូ ឆ្នាំមុន
ចាវ យ៉ាវី( Jiao Yahui) ប្រធានការិយាល័យរដ្ឋបាលវេជ្ជសាស្ត្រនៅក្រោមគណៈកម្មាធិការសុខាភិបាលជាតិចិន បានប្រាប់សន្និសីទកាសែតមួយកាលពីថ្ងៃសៅរ៍ថា រវាងថ្ងៃ៨ធ្នូ និង១២មករា ចំនួនអ្នកជំងឺកូវីដ១៩ស្លាប់នៅតាមមន្ទីរពេទ្យចិន មានចំនួនសរុប៥៩.៩៣៨នាក់ ហើយអ្នកស្លាប់ភាគច្រើនអាយុខ្ទង់៨០ឆ្នាំ។
លោកស្រីបានបញ្ជាក់ថា ៥.៥០៣នាក់ស្លាប់ដោយជំងឺផ្លូវដង្ហើមដោយសារកូវីដ នៅពេល៥៤.៤៣៥នាក់ទៀតស្លាប់ដោយជំងឺគួបផ្សំផ្សេងៗក្នុងពេលកើតកូវីដ ហើយអ្នកស្លាប់៩០,១ភាគរយមានអាយុ៦៥ឆ្នាំឡើង។
សូមបញ្ជាក់ថា ចិនចេញផ្សាយតួលេខស្លាប់ដោយកូវីដ១៩ចុងក្រោយកាលពីថ្ងៃចន្ទ ហើយកាលពីខែមុនពួកមន្ត្រីបាននិយាយថា ខ្លួនមានផែនការរាយការណ៍ចំនួនស្លាប់និងឆ្លងកូវីដមួយខែម្តងជំនួសអោយការចេញផ្សាយរាល់ថ្ងៃ។
អាជ្ញាធរនៅមួយខែមកនេះបានរាយការណ៍អ្នកស្លាប់ដោយកូវីដក្នុងមួយថ្ងៃបួនប្រាំនាក់ ជាតួលេខដែលមិនស៊ីគ្នានឹងទិដ្ឋភាពនៅកន្លែងតម្កល់និងបូជ្ញាសព ព្រមទាំងអ្នកជំងឺនៅតាមមន្ទីរពេទ្យ។
នៅពេលអ្នកជំនាញការសុខភាពបានព្រមានថា ចិនអាចមានអ្នកស្លាប់ដោយកូវីដ១៩ដល់ទៅ១លាននាក់នៅឆ្នាំនេះ អាជ្ញាធរសុខាភិបាលចិនបានរាយការណ៍ចំនួនមនុស្សស្លាប់ដោយជំងឺនេះមានត្រឹមតែជាង៥.០០០នាក់ចាប់តាំងពីពេលផ្ទុះកូវីដ១៩ដំបូង នៅមុនចិនជួបការផ្ទុះជំងឺនៅមួយខែមកនេះ។
កាលពីថ្ងៃសៅរ៍នេះដែរ អង្គការសុខភាពពិភពលោក(WHO)បានទទូចសុំអោយចិនចែករំលែកព័ត៌មានលម្អិតអំពីស្ថានការណ៍កូវីដ១៩បន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំងបានរាយការណ៍ថាមនុស្សជិត៦០.០០០នាក់ស្លាប់ពាក់ព័ន្ធនឹងកូវីដ១៩ចាប់តាំងពីដើមខែមុនមក។
ក្នុងកិច្ចពិភាក្សាជាមួយបណ្ឌិត ម៉ា ស៊ាវវ៉េ(Ma Xiaowei) នាយកគណៈកម្មាធិការសុខាភិបាលជាតិចិន នាយកWHOលោក តេដ្រូស អាតហាណូម ហ្គេប្រេយេស៊ូស បានបញ្ជាក់អះអាងឡើងវិញអំពីសារសំខាន់នៃកិច្ចសហការរបស់ចិនកាន់តែខ្លាំងឡើងព្រមទាំងតម្លាភាព។
នៅពេលរដ្ឋាភិបាលក្រុងប៉េកាំងបានរាយការណ៍ថា វីរុសបំប្លែងខ្លួន BA.5.2 និង BF.7កំពុងធ្វើចរាចរណ៍នៅក្នុងប្រទេសខ្លួន អង្គការWHOបានស្នើសុំទិន្នន័យបន្ថែមពីចិន រួមមានព័ត៌មានស្តីពីការវិវត្តន៍របស់វីរុសផង៕
អ្នកជំងឺជោរជន់មន្ទីរពេទ្យ តែចិននៅមិនទាន់រកឃើញវីរុសបំប្លែងខ្លួនថ្មី ការគំរាមអំពីការវិវត្តន៍របស់កូវីដ១៩នៅឡើយទេ