ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ នៅថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣ មន្ទីរធម្មការ និងសាសនា ខេត្តបន្ទាយមានជ័យ បានសហការជាមួយព្រះមន្ត្រី សង្ឃខេត្ត បានរៀបចំការប្រឡងវិញ្ញាបនបត្រធម្មវិន័យ ថ្នាក់ត្រី ទោ ឯក របស់ សមណៈសិស្ស សិស្ស នាដំណាច់ឆ្នាំសិក្សា ២០២២-២០២៣ នៅមណ្ឌលប្រឡង វិទ្យាល័យសិរីសោភ័ណ នាក្រុងសិរីសោភ័ណ ។
លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ បានអញ្ជើញជា កិត្តិយស និងអធិបតី ក្នុងការបើកវិញ្ញាសា ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានឲ្យដឹងថាៈ ដោយបាន ទទួលការណែនាំរបស់ ក្រសួងសុខាភិបាល មន្ទីរធម្មការ និងសាសនា សាលាគណខេត្ត ទាំងពីរគណៈ បានរៀបចំការប្រឡង នាពេលនេះឡើង ដោយឈរលើគោលការណ៍ ប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការចូលរួមអនុវត្ត តាមវិធានការទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ យ៉ាងខ្ជាប់ខ្ជួនជានិច្ច ទោះបីការពារ និងបីកុំ ក៏ដោយ ។
លោក បៀវ ថាន បានបន្តថាៈ សម្រាប់ដំណាច់ឆ្នាំ២០២២ ចូលឆ្នាំ២០២៣ ជាឆ្នាំលើកទី៣០ ដែលមានការរៀបចំការប្រឡងធម្មវិន័យ ថ្នាក់ត្រី ទោ ឯក ដែលមានបេក្ខសមណៈសិស្ស សិស្ស បានដាក់ពាក្យប្រឡង ចំនួន ១.៦៩៨ អង្គ/នាក់ មកពីតាមបណ្តាវត្តនានា នៅក្នុងក្រុង ស្រុក ទាំង៩ ។ ឯវិញ្ញាសាដែល ត្រូវប្រឡង មានចំនួន ៤ មុខវិជ្ជា រូមមាន ១-វិញ្ញាសាប្រជុំកងធម៌, ២-វិញ្ញាសា ពុទ្ធប្បវត្តិ , ៣-វិញ្ញាសាព្រះវិន័យ និងទី៤-វិញ្ញាសាសាសនសុភាសិត។
នាឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ ថាៈ ធនធានមនុស្ស ធនធានព្រះសង្ឃ ដែលស្របតាមគោលនយោបាយអប់រំ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាក់ ចេញនូវយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤។ បច្ចុប្បន្ននេះ គឺវិស័យធនធាន មនុស្ស ជាអាទិភាពទី១ ពីព្រោះវិស័យធនធានមនុស្ស មានសារសំខាន់ណាស់ នៅក្នុងការចូលរួមចំណែក ដល់ការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើន បន្ទាប់ពីប្រទេស មានសុខសន្តិភាពពេញបរិបូរណ៍ និងតាមនយោបាយឈ្នះឈ្នះ
គឺពិតជាបានចូលរួមចំណែក ក្នុងការពង្រឹងនូវខាងពុទ្ធចក្រ និងអាណាចក្រ ឲ្យកាន់តែមានភាពរីកចម្រើន បន្ថែមទៀត ជាពិសេសបានកសាងនូវសមិទ្ធផល សាសនាជាច្រើន ដើម្បីរួមចំណែកអប់រំផ្លូវចិត្ត និងបណ្តុះបណ្តាលនូវធនធានប្រសើរ ប្រកបដោយគុណធម៌ សីលធម៌និងមានភាពគ្រប់គ្រាន់ សម្រាប់ចូលរួមបន្តវេន កសាងអភិវឌ្ឍប្រទេសជាតិ។
សូមបញ្ជាក់ដែរថា ក្នុងការប្រឡងវិញ្ញាបនបត្រ ថ្នាក់ត្រី ទោ ឯកនេះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី កែ សួនសុភី ប្រធានក្លិបបាល់ទាត់វិសាខា ព្រមទាំងបុត្របានជួយឧបត្ថម្ភចង្ហាន់ ដល់ព្រះសង្ឃ ជាសមណៈបេក្ខជន កំពុងប្រឡងចំនួន ១.៧០០ ប្រអប់ ស្មើនឹងថវិកាចំនួន ៣.៤០០ ដុល្លារ ភេសជ្ជៈកូកាកូឡា ចំនួន ២៥ កេស ស្មើនឹង ២៣២ ដុល្លារ ទឹកក្រូច ២៥ កេស ស្មើនឹង ១៨២ ដុល្លារ ទឹកបរិសុទ្ធចំនួន ២០០ យួរ សរុបថវិកាទាំងអស់ចំនួន ៣.៩២៩ ដុល្លារសហរដ្ឋអាមេរិក៕/V