ប្រែសម្រួលៈបំណង(ដេល្លីម៉េល,ស្ត្រេតថែមស៍)៖ យន្តហោះដឹកអ្នកដំណើរមួយជាមួយនឹងមនុស្ស៧២នាក់នៅក្នុងវាបានធ្លាក់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិប៉ូខារ៉ា(Pokhara)របស់ប្រទេសនេប៉ាល់ នេះបើតាមកាសែតKathmandu Postបានរាយការណ៍កាលពីថ្ងៃអាទិត្យ។
កាសែតបាននិយាយថា យន្តហោះដឹកអ្នកដំណើរ៦៨នាក់ និងសមាជិកយន្តហោះបួននាក់ រួមមានជនបរទេសដប់នាក់។
នាយករដ្ឋមន្ត្រី ពូសប៉ា កាម៉ាល់ ដាហាល់(Pushpa Kamal Dahal)បាននិយាយថា យន្តបានហោះចេញពីរដ្ឋធានីកដ្ឋមណ្ឌូ(Kathmandu)ទៅកាន់ក្រុងប៉ូខារ៉ា នៅនេប៉ាល់ភាគកណ្តាលពេលវាធ្លាក់។លោកបានអំពាវនាវអោយបុគ្គលិកសន្តិសុខនិងសាធារណជនជួយការងារជួយសង្គ្រោះ និងបានកោះប្រជុំគណៈរដ្ឋមន្ត្រីគ្រាអាសន្នមួយ។
រូបថតនិងវីដេអូក្នុងបណ្តាញសង្គមបង្ហាញកំសួលផ្សែងហុយចេញពីកន្លែងធ្លាក់យន្តហោះ នៅពេលពួកអ្នកជួយសង្គ្រោះនិងហ្វូងមនុស្សចោលរោមខ្មោចយន្តហោះ។
ព័ត៌មានពិស្តារអំពីចំនួនស្លាប់និងរបួសមនុស្សពីគ្រោះថ្នាក់ធ្លាក់យន្តហោះនេះនៅមិនទាន់បញ្ចេញអោយដឹងនៅឡើយទេរីឯមូលហេតុនៃការធ្លាក់ក៏គេនៅមិនទាន់ដឹងផងដែរ។តែរបាយការណ៍ជំហានដំបូងអះអាងថា យ៉ាងហោចណាស់មនុស្ស៤០នាក់បានស្លាប់ក្នុងការធ្លាក់យន្តហោះកាលពីថ្ងៃអាទិត្យ។
យន្តហោះATR 72 ដែលហោះពីក្រុងកដ្ឋមណ្ឌូទៅប៉ូខារ៉ា ធ្លាក់នៅទីក្រុងប៉ូខារ៉ា
យន្តហោះATR72កង្ហារពីរនេះត្រូវបានគេនិយាយថាមានអាយុកាលប្រើ១៥ឆ្នាំមកហើយ
សូមបញ្ជាក់ថាគ្រោះថ្នាក់ធ្លាក់យន្តហោះមិនជារឿងចម្លែកទេនៅនេប៉ាល់ កន្លែងដែលមានភ្នំខ្ពស់បំផុតចំនួនប្រាំបីក្នុងចំណោមភ្នំខ្ពស់បំផុតចំនួន១៤លើលោក រួមមានភ្នំអេវើរ៉េស នៅពេលអាកាសធាតុក្នុងប្រទេសនេះផ្លាស់ប្តូរភ្លាមៗ ដែលបង្កស្ថានភាពគ្រោះថ្នាក់សំរាប់អាកាសចរណ៍។ឧស្សាហកម្មអាកាសចរណ៍នេប៉ាល់បានរីកចំរើននៅប៉ុន្មានឆ្នាំមកនេះ ដោយវាដឹកទំនិញនិងមនុស្ស ព្រមទាំងអ្នកទេសចរបរទេសនិងពួកអ្នកឡើងភ្នំ តែត្រូវញាំញីដោយសុវត្ថិភាពអន់ដោយសារតែមិនមានការហ្វឹកហាត់និងថែទាំជួសជុលគ្រប់គ្រាន់។
ដោយសារព្រួយបារម្ភអំពីសុវត្ថិភាពនេះ សហភាពអឺរ៉ុបបានហាមមិនអោយយន្តហោះទៅពីក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ទាំងអស់ចូលក្នុងដែនអាកាសខ្លួនទេ។
ពួកការីអាកាសចរណ៍ក៏បាននិយាយថា ប្រទេសនៃតំបន់ហេមពាន្តនេះក៏ខ្វះហេដ្ឋារចនាសម្ពន្ធព្យាករណ៍អាកាសធាតុត្រឹមត្រូវ ជាពិសេសសំរាប់តំបន់ដាច់ស្រយាលជាមួយនឹងសណ្ឋានដីភ្នំ។
រំលឹកថា កាលពីខែឧសភាឆ្នាំ២០២២ មនុស្សទាំង២២នាក់ រួមមានជនបរទេសប្រាំមួយនាក់ នៅក្នុងយន្តហោះនេប៉ាល់មួយ បានស្លាប់ពេលវាធ្លាក់។កាលពីឆ្នាំ២០១៨យន្តហោះមួយក៏បានធ្លាក់ពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិមួយក្បែរក្រុងកដ្ឋមណ្ឌូ ដោយសម្លាប់មនុស្ស៥២នាក់៕
— FL360aero (@fl360aero) January 15, 2023