ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោក ចាន់ កុលបុត្រ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងការកិច្ច និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣ នេះ បានមានប្រសាសន៍ថាៈ កត្តាសុខសន្តិភាព គឺជាឱកាសធ្វើឲ្យកម្ពុជា ទទួលបានជោគជ័យ ក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី វិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ បានរីកចម្រើន ឥតឈប់ឈរ ដូច្នេះយើង ត្រូវរួមគ្នា ថែរក្សាសុខសន្តិភាព ឱ្យគង់វង្សជានិរន្ត ដើម្បីមានឱកាសក្នុងការអភិវឌ្ឍ ប្រទេស ឲ្យមានការរីកចម្រើន ជាបន្តបន្ទាប់ទៀត ។
លោករដ្ឋលេខាធិការ បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសដែលលោកបានអញ្ជើញ ជាអធិបតី នៅក្នុងពិធីប្រគេន ប្រកាសនីយប័ត្រ គណៈសង្ឃពុទ្ធសាសនា ប្រគេន ព្រះតេជគុណ ង៉ែត ប៊ុនធឿន ព្រះចៅអធិការ វត្តទួលតាកែវ ស្ថិតក្នុងភូមិទួលតាកែវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ឡើងជាព្រះគ្រូសាសនធម្មធារ៍ នៃគណៈមហានិកាយ ។
ពិធីនេះមានការចូលរួមពីលោកអភិបាលរងស្រុករំដួល លោកប្រធានក្រុមប្រឹក្សា ឃុំពងទឹក និងសមាជិក សមាជិកាក្រុមការងារ ជាច្រើនរូបផងដែរ។
លោក ចាន់ កុលបុត្រ បានមានប្រសាសន៍បញ្ជាក់ថា: ដោយការយកចិត្តទុកដាក់ របស់ គណៈសង្ឃនាយក និងក្រុមការងារគណបក្ស បានត្រួតពិនិត្យ និងវាយតម្លៃ ស្នាដៃ របស់ព្រះតេជគុណ ង៉ែត ប៊ុនធឿន មានស្នាដៃល្អ ក្នុងការគ្រប់គ្រងវត្ត និង សិស្សគណ បានរីកចម្រើន ហើយដើម្បីជាការលើកទឹក ព្រះទ័យ ហើយឱ្យ ព្រះតេជគុណ បន្តស្នាដៃបន្ថែមទៀត ក្នុងការអភិវឌ្ឍព្រះពុទ្ធ សាសនា និង ជាម្លប់សម្រាប់ពុទ្ធបរិស័ទ ចំណុះជើងវត្ត ទើបថ្ងៃនេះ ព្រះគ្រូ ត្រូវបានប្រគេនប្រកាស ឡើង ជាព្រះគ្រូសាសនធម្មធារ៍ នៃគណៈមហានិកាយ ៕/V