អភិបាល​រាជធានី​សម្រេច​បិទ​កំណាត់​ផ្លូវ​លេខ ២០​អា ជា​បណ្តោះអាសន្ន និង​ណែនាំ​ឱ្យ​បន្ថែម​កម្លាំង​ទប់ទឹក​នៅតាម​សណ្តរ​ស្ទឹង​ព្រែក​ត្នោត​

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ សម្រេច​បិទ​កំណាត់​ផ្លូវ​លេខ ២០​អា ជា​បណ្តោះអាសន្ន មិនឱ្យ​រថយន្ត​ធំ ធ្វើ​ចរាចរណ៍​ឆ្លងកាត់​នោះទេ ខណៈដែល​កម្រិត​ទឹកស្ទឹង​ព្រែក​ត្នោត បាន​ហក់​ឡើង​បណ្ដាល​ឲ្យ​ជន់​លិច​លំនៅដ្ឋាន ប្រជាពលរដ្ឋ ជាង ១​ពាន់​ខ្នង​ផ្ទះ មាន ២៥ ភូមិ ស្មេ​ី​នឹង ១០ សង្កាត់​នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​បង្ខំ​ឲ្យ​ម្ចាស់ផ្ទះ​ទាំងអស់ ចាកចេញ ឡើងគោក​រក​កន្លែង សុវត្ថិភាព ពួកគាត់​សង់​ខ្ទម​ប្រក់​តង់ ស្នាក់នៅ​បណ្ដោះអាសន្ន​។​

​ដើម្បី​ទប់ស្កាត់​នូវ​គ្រោះអាក្រក់​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៣ នេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​នៅតាម​ទីតាំង​ដែល​ទឹកជំនន់​ទឹកភ្លៀង បាន​ហូរ​ចូល លំនៅដ្ឋាន​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ខណ្ឌដង្កោ​។​