ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ប្រឌិដ្ឋ
កិរិយាសព្ទ
ពាក្យប្រើក្លាយមកពី ប្រតិដ្ឋ អានតាមទម្លាប់ថា ប្រឌិត ( មើលពាក្យ ប្រតិដ្ឋ ) ។
ជិនវង្ស
(ជិនៈវង់)
នាមសព្ទ
(សំ. បា. ជិន+ វំស ) វង្សនៃអ្នកឈ្នះ ។ ព្រះនាមក្សត្រ១ ព្រះអង្គក្នុងរឿងសាស្ត្រាល្បែងពាក្យកាព្យសម្រាយ; រឿងនុ៎ះឯងហៅថា រឿងជិនវង្ស ដែរ ( ជារឿងប្រតិដ្ឋ “ប្រឌិដ្ឋ” ) ។
ប្រតិដ្ឋ
(ប្រដិត)
កិរិយាសព្ទ
( បា. បតិដ្ឋ; សំ. ប្រតិឞ្ឋ “ឋិតនៅនឹង, តាំងនៅស៊ប់, តាំងនៅជាប់លាប់; ឈរស៊ប់, . . . ” ) ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា បង្កើតឲ្យមានឡើងតាមយោបល់របស់ខ្លួន ដោយប្រដូចទៅនឹងនេះនឹងនោះខុសសោះក៏មាន ត្រូវដែរក៏មាន
កុំអាលជឿពេក ព្រោះអ្នកនិយាយចេះតែប្រតិដ្ឋថាៗទៅទេ ។
ប្រើជា គុ. ក៏បាន : រឿងប្រតិដ្ឋ, ពាក្យប្រតិដ្ឋ រឿងឬពាក្យដែលគេប្រតិដ្ឋឲ្យមានឡើង
សាស្ត្រាល្បែងថ្លែងរឿងក្រៅពីជាតកមែនទែន, ដូចជារឿងលក្សណវង្ស, រឿងស័ង្ខសិល្ប៍ជ័យ, រឿងសព្វសិទ្ធ, រឿងជិនវង្ស . . . សុទ្ធតែជារឿងប្រតិដ្ឋ ដូចគ្នានឹងរឿងប្រលោមលោកដទៃទៀត ដែលជារឿងប្រតិដ្ឋនោះដែរ ។ ពាក្យថា រូបយាយចាស់រវៃអំបោះនៅក្នុងវង់ព្រះចន្ទ្រ ជាសម្ដីប្រតិដ្ឋប្រាប់ក្មេងតូចៗដែលវាសួរ, ឯតាមការណ៍ពិត គឺជារូបទន្សាយ (ពោធិសត្វ) ដែលមានចែងក្នុងគម្ពីរជាតក ( ខាងពុទ្ធនិយម ) ។ ល ។ តាមទម្លាប់និយាយថា ប្រឌិត ឬធ្លាប់សរសេរ ប្រឌិដ្ឋ ក៏មាន, គួរសរសេរ ប្រតិដ្ឋ វិញត្រឹមត្រង់តាម សំ. និង បា. លាយចម្រុះគ្នា, ត្រូវការអានថា ប្រដិត, ឬថា ប្រឌិត តាមទម្លាប់ក៏សឹងតែបាន, ដូចជាសរសេរ អតិត ឬ អតីត ធ្លាប់អានថា អឌិត នោះដែរ ដ្បិតការអានខុសពីសរសេរនេះ រាប់ថាជា អញ្ញត្រសព្ទ ក្នុងអក្សរសាស្ត្រ ដូចជា អញ, អ្នក, នេះ, នោះ អានថា អាញ់, នាក់, និះ, នុះ . . . ដូច្នោះដែរ ។ ល ។
ប្រចណ្ឌ
(ប្រច័ន)
គុណសព្ទ
( សំ. ប្រចណ្ឌ ) ដែលក្ដៅក្រហាយ, អន្ទះអន្ទែង, ច្រណែន ព្រោះកាមរាគ
ស្រីប្រចណ្ឌប្ដី, ប្រុសប្រចណ្ឌប្រពន្ធ ។
ខ្មែរយើងប្រើជា កិ. ឬ ន. ក៏មាន
កុំប្រចណ្ឌនឹងគ្នា; ឈ្លោះព្រោះប្រចណ្ឌ, មានប្រចណ្ឌចិត្ត ។
ប្រឌិត
កិរិយាសព្ទ
( ម. ព. ប្រឌិដ្ឋ ) ។