ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ក្រពុលបាយ
នាមសព្ទ
ឈ្មោះត្រីស្រកាមួយប្រភេទ សន្ដានត្រីឆ្កោក, តែសម្បុរសស្លាំងបន្តិច
ត្រីក្រពុលបាយ ។
ខ្ញី
នាមសព្ទ
ឈ្មោះប្រទាលមួយប្រភេទ សន្ដាននឹងរំដេង បរិភោគជាអាហារ ឬ ធ្វើជាថ្នាំកែរោគបាន ។
គុណសព្ទ
ដែលមានម្រាមដៃ ឬ ម្រាមជើងក្រញរស្រដៀងនឹងមើមខ្ញី
ម្រាមដៃខ្ញី, ម្រាមជើងខ្ញី ។
ខ្យង
នាមសព្ទ
ឈ្មោះសត្វសន្តាននឹងស័ង្ខ សំបកសន្ដានខ្ចៅតែរូបធំជាងខ្ចៅជាងគ្រែង ខ្លះមានពុកមាត់, ខ្លះគូទស្រួច, ខ្លះទាល; គូទស្រួចហៅ ខ្យងគូទស្រួច, គូទទាលហៅថា ខ្យងគូទទាល, មានទឹកជាលំនៅខ្លះ, នៅលើគោកខ្លះ ។ ស្រុកខ្លះហៅ ខ្ចង ព្រោះគេយល់ថាគូនឹង ខ្ចៅ, គេនិយាយថា ខ្ចងខ្ចៅ, ប៉ុន្ដែតាមពិត ខ្យង នេះប្រើមកយូរណាស់ហើយ ។
ខ្វិត
នាមសព្ទ
( បា. កបិដ្ឋ គួរសរសេរ កិ្វដ្ឋ ) ឈ្មោះឈើមានផ្លែបរិភោគបាន សន្ដាននឹងក្រសាំង ។ ខ្វិតមានពីរប្រភេទ គឺ ខ្វិតធំ មានផ្លែធំៗ ; ខ្វិតតូច ឬ ខ្វិតធម្មតា មានផ្លែតូចៗ។
នាមសព្ទ
ពន្លាកតូចសម្រាប់ជាងឆ្លាក់ ។
កិរិយាវិសេសន៍
ពាក្យសម្រាប់ចម្រើនពាក្យឱប, ពាក្យកៀវឲ្យប្លែកឡើង
ឱបខ្វិត គឺឱបជាប់, ជិត, ស្និទ្ធ ។
គីង្គក់
នាមសព្ទ
ឈ្មោះសត្វពួក ១ រាងអើតមុខ ស្បែកគគ្រាត សន្ដាននឹងកង្កែប តែនៅលើគោក ។ ប្រទាលមួយយ៉ាងមានសណ្ឋានបែបគីង្គក់ ហៅថា ប្រទាលគីង្គក់ ។