ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈ ចលនាមហាជន បានបញ្ជាក់ថាៈ សម្តេចតេជោ ហ៊ុនសែនតែងតែគិតគូរគ្រប់ ជ្រុងជ្រោយ និងល្អិតល្អន់ សំដៅធ្វើយ៉ាងណា រៀបចំការផ្តល់អត្ថប្រយោជន៍ ឱ្យបានច្រើន និងជាអតិបរមា ជូនដល់បងប្អូនកម្មករ-និយោជិត ទាំងសេដ្ឋកិច្ច ក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ។ ការគិតគូរមិនឈប់ឈរបែបនេះ ប្រៀបបានទៅនឹង ឪពុកបង្កើត ដែលតែងតែប្រាថ្នាចង់បាន នូវភាពរីកចម្រើនពេញលេញ សម្រាប់កូន ក្មួយរបស់លោក ដែលជាកម្មករ-និយោជិតទាំងអស់ ព្រោះក្នុងរយៈជាង ៤០ ឆ្នាំ កន្លងមកនេះ សម្តេចតេជោ បានដឹកនាំតាំងតែពីកាលប្រជាជន មានកម្រិតជីវភាព ទាប រហូតមានការរីកចម្រើន និងបន្តរុងរឿងសម្បូរហូរហៀរ តទៅទៀត។ ដូច្នេះសូមបន្តមានមោទនភាពចំពោះ សម្តេចតេជោ ប្រមុខដឹកនាំគណបក្សរបស់ យើង ដែលតែងមានសច្ចធម៌ ក្នុងការដឹកនាំ គាំទ្រ និងលើកកម្ពស់សិទ្ធិសេរីភាព និងភាពរុងរឿងរបស់ប្រជាជន និង ប្រទេសជាតិ។ ទន្ទឹមនឹងនេះ បន្តជួយការពារ សមិទ្ធផលរបស់គណបក្ស ក៏ដូចជាការពារនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់ គណបក្ស តាមរយៈការចូលរួមទប់ស្កាត់ នូវរាល់ការប្រតិដ្ឋព័ត៌មានក្លែងក្លាយ, មួលបង្កាច់, ញុះញង់, ពីសំណាក់ជនអគតិមួយចំនួន ដែលតែងតែចង់ឱ្យប្រទេស ជាតិជួបភាពចលាចល ដើម្បីបម្រើនយោបាយចំណេញរបស់ពួកគេ។
ការបញ្ជាក់នេះ ក្នុងពិធីពិសាអាហារសាមគ្គី ជាមួយថា្នក់ដឹកនាំសហជីព នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអរគុណចំពោះបងប្អូនជាប្រធានសហភាព សហជីព សហព័ន្ធសហជីព និងសមាគម ដែលធ្វើការងារពាក់ព័ន្ធជាមួយសេដ្ឋកិច្ច ទាំងក្នុង និង ក្រៅប្រព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងារយ៉ាងល្អ ក្នុងការ ផ្តល់ការគាំពារ ដើម្បីការពារសិទ្ធិ និង អត្ថប្រយោជន៍ជូនដល់ កម្មករ-និយោជិត ព្រមទាំងចូលរួមយ៉ាងសកម្ម ក្នុងការងារគណបក្ស និង ការងារសង្គម ជាពិសេស ក្នុងអំឡុងពេល នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ សូមកោតសរសើរ ចំពោះគណៈចលនាសហជីព និងស្ថាប័ន-អង្គភាពចំណុះ រួមទាំងក្រុមការងារគ្រប់យន្តការ ក៏ដូចជា សកម្មជនគណបក្សទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រកបដោយសុឆន្ទៈ ភាពស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចយ៉ាងសកម្ម ស្របតាមទិសដៅ ការងារ និងតួនាទី ដែលគណបក្សថ្នាក់លើ បានប្រគល់ជូននាពេលកន្លងមក ។ សកម្មភាព និងកាយវិការដ៏ប្រពៃនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ដែលតែងតែ បានខិតខំ និងបន្តយកចិត្តទុកដាក់ធានាបាន នូវបរិយាកាសការងារ និង មុខរបរ ឱ្យកាន់តែមានភាពអំណោយផល និង ភាពទូលំទូលាយ ទាំងបរិមាណ និង គុណភាព ព្រមទាំងធានាធ្វើយ៉ាងណា ឱ្យប្រជាជន មានភាពរីកចម្រើន ទាំងលើ លំនឹងការងារ ប្រាក់បៀវត្សរ៍ ការការពារសិទ្ធិសេរីភាព និងកិច្ចគាំពារសុខុមាលភាព នានា។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថាៈ ដំណើរជីវិតរបស់គណបក្សប្រជាជន កម្ពុជា មានទាំងសមាសធាតុចាស់ និង សមាសធាតុថ្មី ដែលកំពុងនៅលាយឡំ ជាមួយគ្នា ។ អ្វីដែលជាសមាសធាតុចាស់ គឺបុព្វហេតុដើម្បីជាតិ និងប្រជាជន ដែលគណបក្សប្រកាន់យក តាំងពីការបង្កើតគណបក្សដំបូង នៅក្នុងឆ្នាំ១៩៥១ ហើយក៏នឹងបន្តជានិច្ចនិរន្តន៍ ទៅមុខទៀត។ ដោយឡែក អ្វីដែលសមាសធាតុថ្មី គឺដំណើរការនៃ ការកែទម្រង់ និង ការកែលម្អនូវប្រសិទ្ធភាពការងារ ជាប់ជាប្រចាំ សំដៅធ្វើយ៉ាងណា ធានាឱ្យបាននូវវឌ្ឍនភាពសង្គម, ការរីកចម្រើនលូតលាស់ ផ្នែកសេដ្ឋកិច្ច និង ជីវភាពកាន់តែប្រសើរឡើងរបស់ប្រជាជន ក៏ដូចជាការផ្តល់ សិទ្ធិសេរីភាពគ្រប់បែបយ៉ាង ជូនប្រជាជន ក្រោមបរិយាកាស នៃសុខសន្តិភាព ស្ថិរភាព និង ក្នុងក្របខណ្ឌនៃសង្គមប្រជាធិបតេយ្យ ផ្អែកលើគោលការណ៍នីតិរដ្ឋ ។ ក្នុងន័យនេះ, គណបក្សប្រជាជនកម្ពុជា បានផ្សារសាច់ផ្សារឈាមជាមួយកម្មករ -និយោជិត ជាប់ជាប្រចាំ តាំងពីដើមរៀងមក តាមយន្តការភ្លៀងរលឹម ដោយយកចិត្តទុកដាក់ ដោះស្រាយការលំបាកគ្រប់បែបយ៉ាង ដើម្បីផ្តល់នូវកិច្ច គាំពារ ការពារសិទ្ធិ និងអត្ថប្រយោជន៍ ឱ្យកាន់តែច្រើន និងប្រសើរ ជូនដល់កម្មករ -និយោជិតរបស់យើង បង្កើតនូវសុខដុមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ បង្កឱ្យមាន ភាពស្រុះស្រួលគ្នា និងភាពអាចទទួលយកបាន ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕/V