អត្ថបទ ៖ សួត វិចិត្រ អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង

វេទិកា«លើកកម្ពស់សិទ្ធិស្រ្ដី»នៅ​ក្នុងស្រុក​អន្លង់វែង ត្រូវ​​បាន​រៀបចំឡើងដោយមជ្ឈមណ្ឌល សន្ដិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ។

ប្រជាពលរដ្ឋ​ចំនួន២៣នាក់ (ស្រី២០នាក់ និងប្រុស៣នាក់) ក្នុងចំណោម​ប្រជាជន​សរុប​ប្រមាណ១០៧គ្រួសារនៃភូមិយាងត្បូង បានចូលរួមនៅក្នុងវេទិកានេះ​ ដែលផ្តោតលើ​ប្រវត្ដិសាស្រ្ដ​ខ្មែរ​ក្រហម ដំណើរការកាត់ទោស​មេដឹកនាំខ្មែរក្រហមនៅក្នុង​អង្គជំនុំជម្រះវិសាមញ្ញក្នុង​តុលាការ​​កម្ពុជា និ​ង​​សិទ្ធិ​របស់ស្ត្រីក្នុង​ការ​ទទួលព័ត៌មាន​ការ​សិក្សា និង​ការ​អភិវឌ្ឍសង្គម។ ​

បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានដឹកនាំការពិភាក្សានេះ ដោយបង្ហាញ​អំពីការងាររបស់មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង និងគម្រោងថែ​ទាំសុខភាពដល់​អ្នករស់រាន​មាន​ជីវិតពីរបបខ្មែរក្រហមដែលបានអនុវត្ដន៍កន្លងមកជាមួយប្រជាជននៅក្នុងភូមិយាងត្បូង និងទូទាំង​ស្រុក​អន្លង់វែង។

បន្ទាប់មកលោកបានជ្រើសរើសផ្ទាំងពិព័រណ៍រូបថតដែលបង្ហាញអំពីការធ្វើការងារដោយបង្ខំនៅ ក្នុង​របបខ្មែរក្រហម រូបគ្រោងឆ្អឹង និងលាលដ៏ក្បាលជនរងគ្រោះ ការធ្វើកោសល្យវិច្ច័យលើគ្រោងឆ្អឹង និងលលាដ៏ក្បាលជនរងគ្រោះ និងផែនទីរណ្ដៅសាកសពរួម ដើម្បីធ្វើការពិភាក្សាជាមួយអ្នកភូមិ។ ពិព័រណ៍ទាំងនេះគឺជាផ្នែកមួយដែលយកចេញពីពិព័រណ៍រួមដែលមានចំនួនប្រមាណជាង១០០ផ្ទាំងដែលត្រូវបានដាក់តាំងបង្ហាញនៅក្នុងកម្មវិធី«ខួប២៤ឆ្នាំនៃទិវានយោ​បាយ​ឈ្នះ ឈ្នះ» កាល​ពីចុង​ឆ្នាំ២០២២​កន្លង​ទៅនេះ។

ពិព័រណ៍ទាំងនោះ បានរំឮកនូវការចងចាំដល់ស្រ្ដីដែលធ្លាប់ឆ្លងកាត់ជំនាន់ខ្មែរក្រហម គឺ​បទ​ពិសោធន៍​​ដ៏ជូរចត់ដែលខ្លួនយល់ថា ហាក់ទើបនឹងកើតឡើងថ្មីៗមកលើខ្លួន និងក្រុមគ្រួសារ។ ស្រ្ដីភាគ​ច្រើនបាន​និយាយអំពីការជួបប្រទះនឹងការងារដោយបង្ខំ ដូចជា ការលើកទំនប់ ជីកប្រឡាយ និង​ធ្វើ​ជី​ដាក់​ស្រែ ក៏ប៉ុន្ដែ ដើម្បីអាចរស់រានមានជីវិត ស្រ្ដីទាំងនោះបាន​ខិតខំធ្វើការងារគ្រប់បែបយ៉ាង​ដែល​អង្គការ​ខ្មែរ​ក្រហម​បានតម្រូវ។

នៅពេលដែលការពិភាក្សាឈានដល់ដំណើរការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមនៅក្នុង អង្គ​ជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ស្រ្ដីភាគច្រើនបាននិយាយថា ខ្លួនមិនធ្លាប់បានឮ ឬបានដឹងពីដំណើរការនេះពីមុនមកទេ។ ទោះជាយ៉ាងនេះក្ដី ការចងចាំ​របស់ស្រ្ដី​ទាំង​នោះ​ក៏នៅតែ​បន្ដអំពី​ការ​លះបង់ និងការចូលរួមរបស់ខ្លួនក្នុងបុព្វហេតុជាតិមាតុភូមិ។

តើដាច់ឆ្ងាយពីដំណើរការរបស់តុលាការខ្មែរក្រហមនឹងធ្វើឱ្យជះឥទ្ធិពលដល់ស្រ្ដីដែរឬទេ?

វេទិកានេះ បានផ្ដល់នូវការពិភាក្សាអំពីទាក់ទងសិទ្ធិ និងប្រវត្ដិសាស្រ្ដខ្មែរក្រហម ជាពិសេស គឺបញ្ហាប្រឈមរបស់ស្រ្ដីនៅក្នុងភូមិ នៅពេលដែល​បរិបទប្រវត្ដិសាស្រ្ដខ្មែរក្រហមបាន​ធ្វើឱ្យមានការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត និងរបៀបរបបការរស់នៅមួយចំនួន។

ការមិនអើពើ ឬដាច់ឆ្ងាយពីដំណើរការកាត់ទោសរបស់តុលាការខ្មែរក្រហម គឺជាការខ្វះចន្លោះ​មួយ​របស់​ស្រ្ដី​ដែល​បង្ហាញពីគន្លាតនៃការអប់រំ ឬរៀនសូត្រពិតប្រាកដមួយអំពីបទពិសោធន៍ដែលខ្លួនបាន​ឆ្លង​កាត់​​ពី​ជំនាន់​​ខ្មែរក្រហម និងការផ្លាស់ប្តូរផ្នត់គំនិតក្នុងពេលសុខសន្ដិភាព។ ដំណើរការស្វែងរកយុត្ដិធម៌ ក៏ជាផ្នែកមួយនៃការអប់រំ និងរៀនសូត្ររបស់មនុស្សក្នុងសង្គមអំពីកំហុសដែលបានកើតឡើង ជាពិសេស​ទាក់ទងនឹងសិទ្ធិជាមូលដ្ឋានរបស់មនុស្សពីជំនាន់មួយទៅជំនាន់មួយទៀត។

យា មុំ ជាស្រ្ដីម្នាក់ដែលមានតួនាទីជាអនុភូមិក្នុងភូមិយាងត្បូង បាននិយាយនៅក្នុងវេទិកា          សាធារណៈនេះថា ខ្លួនចង់ឱ្យស្រ្ដីៗនាំគ្នាខិតខំពង្រឹងសមត្ថភាព និងផ្លាស់ផ្នត់គំនិតអវិជ្ជមានរបស់ខ្លួន ដើម្បី​រៀនសូត្រពីចំណេះដឹងដែលថ្មីៗ មានភាពក្លាហាន និងរឹងមាំ ដើម្បីមានភាពស្មើគ្នា​ទៅនឹង​បុរសនៅ​ក្នុងសង្គម។ ស្រ្ដី ប្រៀបបានទៅនឹងមាតាដៃមួយរយ ឬមាតានៃពិភពលោក ដែលអាចធ្វើការងារ​មួយរយ​ជំពូក ខណៈពេលបុរសៗមួយចំនួនមិនបានមើលឃើញពីតម្លៃនៃការលះបង់ និងថែមទាំងបានប្រើ​ប្រាស់​អំពើហិង្សា​ទាំងផ្លូវកាយ និងផ្លូវចិត្ដទៅលើស្រ្ដីទៀតផង។ ស្រ្ដីត្រូវមានភាពម្ចាស់ការក្នុងការជ្រោមជ្រែង និងដឹកនាំគ្រួសារ ជាពិសេស គឺការអប់រំដល់កូនចៅ ឬយុវជនជំនាន់ក្រោយរបស់​ខ្លួនឱ្យរៀន​សូត្របាន​ខ្ពង់​ខ្ពស់​ និងការប្រើប្រាស់ចំណេះដឹង និងប្រាជ្ញាដើម្បីកសាងធនធាន។ នៅពេលណាកើតមានអំពើ​ហិង្សា​ក្នុង​គ្រួសារ អ្នកស្រីនឹងប្រើប្រាស់វិធានការសម្របសម្រួល និងវិធានការច្បាប់ដោយសហការ​ជាមួយប្រជា​ការ​ពារ​ភូមិ និងអាជ្ញាធរមូលដា្ឋនដើម្បីអប់រំជាបន្ទាន់។ ទាំងនេះ គឺជាការផ្ដល់ភាពកក់ក្ដៅមួយដែល​ឆ្លើយ​តប​ទៅនឹងការទុកចិត្ដរបស់ប្រជាជននៅក្នុងភូមិដើម្បីការចូលរួមក្នុងមូលដ្ឋានក្នុងការផ្លាស់ប្ដូរផ្នត់គំនិតអវិជ្ជ មាន និងការរស់នៅឱ្យមានភាពល្អប្រសើរ។

ផ្នែកបន្ទាប់មកទៀតនៃវេទិកានេះ ក៏មានការរួមបញ្ចូលនូវការពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍សហគមន៍ ដែលជាគម្រោងមួយផ្ដោត​សំខាន់​ទៅលើការ​ជម្រុញ​ឱ្យប្រជាជនក្នុងសហគមន៍ស្វែងរកចំណុចពិសេស​​​ក្នុ​ងមូលដ្ឋានរបស់ខ្លួន ដើម្បីយកចំណុច​ពិសេសទាំងនោះទាញរកចំណូលទ្រទ្រង់សហគមន៍របស់ខ្លួន។

ការអភិវឌ្ឍន៍នេះក៏រួមបញ្ចូលនូវភាពសន្សំសំចៃ និងការគិតយ៉ាងល្អិតល្អន់ ដើម្បីកុំឱ្យ​សេដ្ឋកិច្ច​នៅក្នុង​មូលដ្ឋានហូរចេញទៅខាងក្រៅ រួមមានទាំងការដាំដុះ និងបង្កបង្កើនផលជុំវិញផ្ទះជាដើម។

ជាចុងបញ្ចប់ ថ្នាក់ដឹកនាំភូមិយាងត្បូងក៏បានថ្លែងអំណរគុណដល់មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ដែលបានបង្កើតវេទិកានេះឡើង ដោយបានជំរុញឱ្យមានការពិភាក្សាអំពីសិទ្ធិ ជាពិសេសទៅលើ​ស្រ្ដីនៅ​ក្នុង​មូលដ្ឋាន ស្របពេលដែលប្រជាជនកំពុងត្រូវការដោះស្រាយបញ្ហាទាំងនេះឱ្យមានភាពប្រសើរឡើងជាង   មុន។ សរន​