អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង បានរៀបចំវេទិកាថ្នាក់រៀនស្តីអំពី «ការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជា»  ក្នុងគោលបំណងបង្កើនការចងចាំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងផ្តល់ចំណេះដឹងបន្ថែមពីប្រវត្តិសាស្ត្រនេះ ក៏ដូចជាវិធីសាស្ត្រនៃការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជា ដល់យុវជនជំនាន់ក្រោយដែលជាសិស្សានុសិស្សចំនួន២៩នាក់ ក្នុងនោះមានសិស្សប្រុស៨នាក់ មកពីវិទ្យាល័យ ស្វាយរមៀត ស្ថិតនៅក្នុងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

ក្រុមយុវជនបានមកដល់មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងនៅវេលាម៉ោង៨ព្រឹក និងបានចូលទស្សនា ពិព័រណ៍រូបថតចំនួន៤០ផ្ទាំង ដែលត្រូវបានបែងចែកតាមប្រភេទក្រុមរូបថត និងព្រឹត្តិការណ៍ រួមមាន ៖ ក្រុមរូបថតមេដឹកនាំខ្មែរក្រហម ក្រុមរូបថតព្រឹត្តិការណ៍លើកទំនប់ជីកប្រឡាយនៅការដ្ឋានការងារក្នុងរបបខ្មែរក្រហម ក្រុមរូបថតមន្ទីរបូជនីយដ្ឋាន ឆ្អឹង និងលលាដ៍ក្បាលសាកសព ព្រមទាំងទិដ្ឋភាពជីកកកាយរណ្តៅសាកសពក្រោយឆ្នាំ១៩៧៩ ក្រុមរូបថតជនភៀសខ្លួនកម្ពុជានៅជំរំតាមព្រំដែនថៃ និងក្រុមរូបថតស្តីពីការរស់ឡើងវិញ និងដំណើរការទីផ្សារ សាលារៀន និងសិល្បៈ។

បន្ទាប់ពីទស្សនាពិព័រណ៍រូបថតរួច ក្រុមយុវជនទាំងអស់បានបន្តទៅកាន់បន្ទប់ថ្នាក់រៀន ជាកន្លែងដែលយុវជនត្រូវឆ្លើយសំណួរវាស់ស្ទង់ចំណេះដឹងពីប្រវត្តិសាស្ត្រខ្មែរក្រហម មុននឹងទទួលបាននូវចំណេះដឹងបន្ថែមពីប្រវត្តិសាស្ត្រខ្មែរក្រហម និងការស្វែងយល់ពីវិធីសាស្ត្រទប់ស្កាត់អំពើប្រល័យពូជសាសន៍។ ក្រោយពេលដែលយុវជនទាំងអស់បានបំពេញតារាងស្ទាបស្ទង់មតិមុនពេលធ្វើវេទិការួច គ្រូឧទ្ទេសបានធ្វើបទបង្ហាញខ្លីពី «ការជម្លៀសប្រជាជនដោយបង្ខំ» ក្នុងរបបខ្មែរក្រហម មុនពេលដែលគ្រូឲ្យយុវជនទាំងអស់ធ្វើការងារជាក្រុមលើការអាន «សក្ខីកម្មរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឈ្មោះ មាស សារ៉ាន ដែលជាវេជ្ជបណ្ឌិត» នៅក្នុងសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ។ ក្រោយពីអានចប់គ្រូឧទ្ទេសបានបែងចែកសិស្សជា៥ក្រុម ហើយក្រុមនីមួយៗត្រូវឆ្លើយសំណួរចំនួនពីរដែលត្រូវបានដកស្រង់ចេញពីរឿងរ៉ាវរបស់ មាស​​ សារ៉ាន។

នៅរសៀលថ្ងៃដដែល ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បាននាំក្រុមយុវជនទាំងអស់ទៅកាន់អតីតទីតាំងឃុំឃាំង និងសម្លាប់មនុស្សជំនាន់ខ្មែរក្រហមមួយឈ្មោះថា «សាលាស្វាយរមៀត» ដែលជាទីតាំងវិទ្យាល័យស្វាយរមៀតនាពេលបច្ចុប្បន្ន។ ទីតាំងសម្លាប់ស្វាយរមៀត ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ផែនទីរណ្តៅសាកសពឆ្នាំ១៩៩៧ ចងក្រងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបង្ហាញថា មានរណ្តៅសាកសពចំនួន៩៣រណ្តៅ និងមានសាកសពចំនួនជាង១៧០០នាក់។

អ្នករស់រានមានជីវិតម្នាក់ដែលមានស្រុកកំណើតនៅក្បែរទីតាំងសម្លាប់ស្វាយរមៀត​ និងជាអ្នកបានឃើញហេតុការណ៍ផ្ទាល់នៃការដឹកជញ្ជូនអ្នកទោសទាំងឡានៗមកសម្លាប់នៅទីនេះ បានស្ម័គ្រចិត្តមកនិយាយពីបទពិសោធន៍ឆ្លងកាត់របបខ្មែរក្រហម និងនិយាយពីការសម្លាប់មនុស្សនៅក្នុងបរិវេណសាលាស្វាយរមៀត ប្រាប់ដល់យុវជនជំនាន់ក្រោយទាំងអស់ឲ្យបានដឹង និងដើម្បីជាការចងចាំពីរឿងហេតុដែលបានកើតឡើងនៅក្នុងវិទ្យាល័យដែលខ្លួនកំពុងរៀន។ បន្ទាប់ពីស្តាប់ការរៀបរាប់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរួច ក្រុមយុវជនបានបង្ហាញនូវចំណាប់ដូចខាងក្រោម ៖

ខ្ញុំឈ្មោះ ឆុម សុម៉ាលី អាយុ១៧ឆ្នាំ គឺជាសិស្សមកពីវិទ្យាល័យ ស្វាយរមៀត ថ្នាក់ទី១២A។ ខ្ញុំ សប្បាយរីករាយខ្លាំងណាស់ ដែលបានទទួលចំណេះដឹងបន្ថែមពីរបបខ្មែរក្រហម និងបានយល់ដឹងអំពីមូលហេតុនៃការកកើតរបបនេះឡើង។ ខ្ញុំបានស្គាល់មេដឹកនាំខ្មែរក្រហម និងការរស់នៅរបស់ប្រជាជនកម្ពុជា។ ទស្សនកិច្ចសិក្សានៅថ្ងៃនេះពិតជាផ្តល់សារសំខាន់សម្រាប់ខ្ញុំ ព្រោះខ្ញុំធ្លាប់តែរៀនតាមសៀវភៅនៅសាលាប៉ុណ្ណោះ។ ថ្ងៃនេះលោកគ្រូបានពន្យល់ខ្ញុំឲ្យយល់កាន់តែច្បាស់ទាក់ទងនឹងមេរៀន ដែលខ្ញុំមិនយល់។ មេរៀនដែលខ្ញុំចាប់អារម្មណ៍៍ជាងគេនោះ គឺមូលហេតុដែលធ្វើឲ្យកើតមានរបបខ្មែរក្រហម ក៏ដូចជាការជម្លៀសប្រជាជនកម្ពុជាចេញពីទីក្រុង ទៅកាន់ទីជនបទ ដោយការនិយាយកុហក បោកបញ្ឆោតរបស់ក្រុមខ្មែរក្រហម។ ខ្ញុំនឹងចែករំលែកចំណេះដឹងរបស់ខ្ញុំទៅកាន់បងប្អូន មិត្តភក្តិ និងនិងប្រាប់អ្នកទាំងនោះឲ្យចូលរួមលុបបំបាត់អំពើហិង្សា ការរើសអើង ជាតិសាសន៍ពណ៌សប្បុរ ដើម្បីទប់ស្កាត់កុំឲ្យរបបនេះកើតឡើងវិញម្តងទៀត។ ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលអនុញ្ញាតឲ្យខ្ញុំចូលរួមវេទិកានៅថ្ងៃនេះ។

ខ្ញុំឈ្មោះ គីន ស្រីផ្កាយ ភេទស្រី អាយុ១៦ឆ្នាំ គឺជាសិស្សថ្នាក់ទី១២B នៅវិទ្យាល័យ ស្វាយរមៀត។ សព្វថ្ងៃខ្ញុំរស់នៅ ភូមិព្រៃស្វាយ ឃុំចុងអំពិល ស្រុកកញ្ជ្រាច ខេត្តព្រៃវែង។ ខ្ញុំធ្លាប់បានដឹងរ៉ាងក្នុងសម័យខ្មែរក្រហមតាមរយៈយាយនិយាយប្រាប់ និងរៀននៅសាលា។ យាយរបស់ខ្ញុំបាននិយាយថា នៅក្នុងភូមិមានការទម្លាក់គ្រាប់បែក ហើយបងប្អូនរបស់គាត់មួយចំនួនបានស្លាប់។ យាយរបស់ខ្ញុំមិនបាននិយាយរឿងរ៉ាវច្រើនទេ ហើយខ្ញុំក៏មិនបានសួរនាំដែរ ពីព្រោះនៅពេលគាត់និយាយម្តងៗទឹកមុខរបស់គាត់ក្រៀមក្រំ។ ក្រោយមកពេលខ្ញុំចូលរៀនវគ្គខ្លីស្ដីអំពីប្រវត្តិសាស្រ្ដខ្មែរក្រហមនៅថ្ងៃនេះ ខ្ញុំចាប់ ដឹងអំពីមូលហេតុដែលប្រជាជនកម្ពុជាដើររើសគួរស្រូវមកបុកដើម្បីយកអង្ករដាំបបរហូប ទាំងដែលប្រជាជនខ្លួនឯងជាអ្នកធ្វើស្រែ។ តើស្រូវដែលធ្វើបានខ្មែរក្រហមយកទៅណា? ខ្ញុំបានដឹងថា កម្មាភិបាលខ្មែរក្រហមសម្លាប់ប្រជាជនទម្លាក់ចូលក្នុងអណ្ដូង។ ខ្មែរក្រហមបានប្រព្រឹត្តអំពើសាហាវឃោរឃៅ។ ខ្ញុំជឿជាក់ថាពិតជាមានរបបនេះ។ នៅពេលដែលខ្ញុំទៅផ្ទះវិញ ខ្ញុំនឹងយកចំណេះដឹងដែលខ្ញុំបានរៀននេះទៅប្រាប់ដល់ប្អូនៗរបស់ខ្ញុំ និងជំរុញទឹកចិត្តគាត់ឲ្យរៀនសូត្រអំពីប្រវត្តិសាស្រ្ដរបស់ខ្មែរ។ ខ្ញុំ សំណូមពរឲ្យក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងរៀបចំកម្មវិធីនេះបន្តទៀត ព្រោះខ្ញុំចង់ឲ្យប្អូនៗជំនាន់ក្រោយបានសិក្សារៀនសូត្រដូចខ្ញុំដែរ។

ខ្ញុំឈ្មោះ ហ៊ាន ករុណា ភេទប្រុស អាយុ១៨ឆ្នាំ គឺជាសិស្សថ្នាក់ទី១២A នៅវិទ្យាល័យស្វាយរមៀត។ សព្វថ្ងៃនេះខ្ញុំរស់នៅ ភូមិពានាជួរ ឃុំក្ដឿងរាយ ស្រុកកញ្ជ្រាច ខេត្តព្រៃវែង។ មុនពេលចូលរួមក្នុងវេទិកានេះ ខ្ញុំធ្លាប់បានសិក្សារៀនសូត្រអំពីប្រវត្តសាស្រ្ដខ្មែរក្រហម និងដឹងអំពីប្រវត្តិសាស្រ្ដនេះតាមរយៈតាមបណ្ដាញសង្គមផ្សេងៗ។ ខ្ញុំបានដឹងថាប្រជាជនក្នុងសម័យនោះគឺរស់នៅយ៉ាងលំបាកវេទនា និងការហូបចុកមិនគ្រប់គ្រាន់។ នៅថ្ងៃនេះ ខ្ញុំទទួលបានចំណេះដឹងទាក់ទងរបប ប៉ុល ពត កាន់តែច្រើនថែមទៀត ពិសេសទាក់ទងនឹងការរើសអើង ដែលនាំទៅដល់ការប្រព្រឹត្តអំពើប្រល័យពូជសាសន៍។ អ្នកដែលអង្គការចោទប្រកាន់ថាក្បត់ ត្រូវបានយកទៅសម្លាប់ចោល។ ខ្ញុំចង់ឲ្យមានកម្មវិធីនេះ នៅសាលារបស់ខ្ញុំជារៀងរាល់ឆ្នាំ ព្រោះសិស្សប្អូនជំនាន់ក្រោយរបស់ខ្ញុំក៏ចង់មកចូលរួមវេទិកានេះដូចខ្ញុំដែរ។ សរន