​ដោយៈ ប​.​ខុន / ភ្នំពេញៈ ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត ដែល​កើតមាន​នៅក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ ចាប់ផ្តើម​ស្រក​ចុះទៅ​វិញ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមករា ជា​បន្តបន្ទាប់ ក្រោយពី​នៅ​ភាគ​ខាងលើ នៃ​ស្ទឹង​ព្រែក​ត្នោត ក្នុង​ខេត្តកំពង់ស្ពឺ អស់​ភ្លៀង ហើយ​ទ្វារ​ទឹក​រលាំង​ជ្រៃ ត្រូវបាន​ទម្លាក់​ចុះ​ជា​បន្តបន្ទាប់ ទៅតាម​បច្ចេកទេស នៃ​ការគ្រប់គ្រង​ទឹក​រួចមក​។​

​លោក ញ៉ា​ញ់ ជាប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ស្ពឺ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​យប់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៣​ថាៈ ទឹកស្ទឹង​ព្រែក ត្នោត នៅក្រោម​ទ្វារ​ទឹក​រលាំង ជ្រៃ ក្នុង​ខេត្តកំពង់ស្ពឺ បាន​ស្រក​ចុះ​វិញ ជា​បណ្តើរៗ ហើយ បន្ទាប់ពី​ទ្វារ​ទឹក​រលាំង​ជ្រៃ បាន​ទម្លាក់​ចុះ​ជា​បន្តបន្ទាប់ ទៅតាម​បច្ចេកទេស នៃ​ការគ្រប់គ្រង​ទឹក តែ​មិនទាន់​អាច​បិទទ្វារ​ទឹក​នេះ ឱ្យ​ជិត​ទាំងស្រុង បាន​នៅឡើយ ទេ ដោយសារ​ទឹក ស្ថិតនៅក្នុង​រង្វង់ ប្រកាស​ឱ្យមាន ការប្រុងប្រយ័ត្ន​នៅឡើយ​។​

​ទោះជា​យ៉ាងណា លោក​ប្រធាន​មន្ទីរ បានបញ្ជាក់​ឱ្យដឹងថាៈ ទឹកស្ទឹ្ង​ង​ព្រែក​ត្នោត នៅ​ខាងក្រោម​ទ្វារ​ទឹក​រលាំង​ជ្រៃ បាន​ស្រក​ចុះ​ជា​លំដាប់ ទាំង​ទឹកធ្លាក់​ពី​ខាង ចាន់​ថ្នាល និង​ទឹក​ធ្លា​ល់​ចុះ​មកពី​ប៉ែក​ខាង​ភ្នំ​ជាល ដែលជា​ទឹក​ស្ថិតនៅ​ក្រៅ​ការ​គ្រប់ គ្រង ព្រម​ពេល​ជាមួយនឹង​ភ្លៀង ក៏​លែងមាន​ធ្លាក់​មក​បន្ថែមទៀត​។​

​ស្ថានភាព​ទឹក នៅ​ល្ងាច​ថ្ងៃទី​១៥ ខែមករា នៅ​ពាម​ឃ្លាំ ទឹក​នៅសល់​កម្ពស់ ៥,៥០ ម៉ែត្រ (​កម្ពស់​ប្រុងប្រយ័ត្ន ៧,៨០ ម៉ែត្រ​) នៅ​ទ្វារ​ទឹក​រលាំង​ជ្រៃ ទឹក​ស្រ​កម​កនៅ កម្ពស់ ៧,៧៤ ម៉ែត្រ (​កម្ពស់​ត្រូវ​ប្រុងប្រយ័ត្ន ៧,៥០ ម៉ែត្រ​) បន្ទាប់ពី​បាន​ឡើងដល់ កម្ពស់ ៧,៧៨ ម៉ែត្រ​។ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ជា​បន្ត​បន្ទាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១២ ខែមករា មាន​កម្រិត​ដល់​ពី​ជិត​ដល់ ៣០០ មី​លី​ម៉ែត្រ និង​លើសពី ៣០០ មី​លី​ម៉ែត្រ នៅ​ផ្ទៃ​រងទឹក​ភ្លៀង ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ រួចមក​។​

​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត បាន​កើតមានឡើង​ខុស​ប្រក្រតី នៅក្នុង​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​១៣ ខែមករា និង​រាលដាល​ដល់​តំបន់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ក្នុងភូមិ​សាស្ត្រ​រាជ ធានី​ភ្នំពេញ នា​ថ្ងៃទី​១៤ និង ១៥ ខែមករា ហើយ​ទឹក​ទឹកជំនន់ នេះ នឹង​ស្រក​ចុះទៅ​វិញ នៅ​ថ្ងៃទី​១៦ ខែមករា បន្ទាប់ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចាត់វិធានការ​ដោះ​ទឹក ដោយផ្ទាល់​ពី​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ទៅតាម​បច្ចេកទេស នៃ​ការគ្រប់គ្រង​ទឹក តាំងពី​ដើមទី រហូតដល់​ពេលនេះ​រួចមក​។​

​ចាប់តាំងពី​ថ្ងៃទី​១៣ ខែមករា មក ទ្វារ​ទឹក​រលាំង​ជ្រៃ ត្រូវបាន​បើក​ទាំង ៥ ទ្វារ ដោយ​មួយ​ទ្វារ​កម្ពស់ ៧ ម៉ែត្រ ពីរ​ទ្វារ កម្ពស់ ៦ ម៉ែត្រ សម្រាប់​ទ្វារ​នី​យ​មួយៗ និង​ពីរ​ទៀត កម្ពស់ ៥ ម៉ែត្រ សម្រាប់​ទ្វារ​នីមួយៗ និង​នៅ​ថ្ងៃទី​១៥ ខែមករា ទ្វារ​ទឹក​ទាំង​៥ ត្រូវបាន​ទម្លាក់​ចុះ ដោយនៅ​បើក​ត្រឹម​កម្ពស់​មួយ​ម៉ែត្រ សម្រាប់​ទ្វារ នីមួយៗ នៃ​ទ្វារ​ទាំង​៥ ដោយ​មិនទាន់​អាច​បិទ​ជិត​បាន​ទាំងស្រុង​នៅឡើយ​ទេ ដោយសារ​ទឹក​នៅ​ផ្នែក​ខាងលើ ទ្វារ​ទឹក​រលាំង​ជ្រៃ នៅ​ខ្ពស់ជាង​កម្ពស់ ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន​នៅឡើយ​៕/V​